តម្លៃ​ប្រេង​ឆៅ​បន្ត​ធ្លាក់ចុះ​កាន់តែ​ទាប​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០២៣ ពី​តម្លៃ​ខ្ពស់បំផុត​របស់ខ្លួន ៩៥,៣០ ដុល្លារ​ក្នុង​មួយ​បារ៉ែល មកក្រោម ៦៩ ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅ​វគ្គ​ជួញដូរ​កាលពី​ថ្ងៃ​អង្គារ​។​

កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា កិច្ចប្រជុំ​របស់ ​OPEC+ បានប្រកាស​ពី​ការកាត់បន្ថយ​ផលិតកម្ម​ចំនួន ១ ​លាន បារ៉ែល​ក្នុង​មួយថ្ងៃ បន្ថែម​ទៅលើ​ការកាត់បន្ថយ​ផលិតកម្ម​ចំនួន ១ ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​របស់​អា​រ៉ា​​ប៊ី​សា​អ៊ូឌីត​។ ក្រោយពី​ការ​ប្រកាស​​របស់​កិច្ចប្រជុំ​ OPEC+ តម្លៃ​ប្រេង​ឆៅ​បាន​កើន​ឡើង ២​ដុល្លារ​ ដល់​ ៧៩,៥០ ដុល្លារ​ ហើយ​ ​បន្ទាប់មក វា​បាន​ធ្លាក់ចុះ​វិញ​ត្រឹម ៧៥,៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

នៅ​ថ្ងៃទី​១៤ វិច្ឆិកា ភ្នាក់ងារ​ថាមពល​អន្ត​រ​- ជាតិ​បាន​ដំឡើង​ការព្យាករណ៍​របស់​ខ្លួន​​លើ​តម្រូវការ​ប្រេង​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំ ២០២៤​ ​ដោយ​កែប្រែ​ពី ៨៨០​ ពាន់​បារ៉ែល​ ទៅ ៩៣០​ពាន់​បារ៉ែល​ក្នុង​មួយថ្ងៃ​។ យ៉ាង​ណា​​មិញ​ទិន្នន័យ​ គឺ​ទាប​ជាង​ការព្យាករណ៍​របស់​ OPEC ដែលមាន ២,២៥​ លាន​បារ៉ែល​ក្នុង​​មួយថ្ងៃ​។​

យោងតាម​របាយការណ៍​របស់ The Wall Street Journal​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៦ ខែធ្នូ​ ស្តុក​ប្រេង​របស់​សហ​រដ្ឋ​អាមេរិក​ បាន​កើន​ឡើងដល់ ២៩,៦ លាន​បារ៉ែល ​ខណៈដែល​ស្តុក​ទុក​ប្រេង​យុទ្ធសាស្ត្រ​ បាន​កើន​ដល់ ៣៥១,៩ លាន​បារ៉ែល​។ បន្ទាប់ពី​ការចេញផ្សាយ​ទិន្នន័យ​ខាងលើ តម្លៃ​ប្រេង​ឆៅ​បាន​បន្ត​ធ្លាក់ចុះដល់ក្រោម ៧០ ដុល្លារ​ ក្នុង​មួយ​បារ៉ែល ដោយសារ​ទីផ្សារ​​ មានការ​ព្រួយបារម្ភ​អំពី​ការថយចុះ​នៃ​តម្រូវការ​និង​ការសង្ស័យ​លើ​ការប្តេជ្ញា​កាត់បន្ថយ​ផលិតកម្ម​ប្រេង​បន្ថែម​ដែល​គាំទ្រ​ដោយ OPEC និង​សម្ព័ន្ធភាព​របស់ខ្លួន​។​

ទន្ទឹមនឹងនេះ ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​​របស់​ស​ហ​រដ្ឋ​អាមេរិក​ ក្នុង​ខែវិច្ឆិកា ធ្លាក់​ចុះ​នៅត្រឹម​៣,១% ខណៈ​ដែល​ស​ន្ទ-​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​ស្នូល​បាន​កើនឡើង​ដល់​ ០,៣%។ ​​កត្តា​នេះ ធ្វើឱ្យ​ទីផ្សារ​បារម្ភ​ថា ធនាគារកណ្ដាល​សហរ​ដ្ឋ​អាមេរិក ទំនង​​នឹង​ ​កាត់បន្ថយ​អត្រា​ការប្រាក់​នៅ​ដើម​ឆ្នាំក្រោយ​។ អត្រា​ការប្រាក់​ខ្ពស់​ក្នុង​រយៈ​ពេល​​វែង អាចនាំឱ្យមានការថយចុះនៃតម្រូវការប្រេង។ 

ជាមួយនឹង​កិច្ចប្រជុំ​របស់​គណៈ​កម្មា​ធិកា​រ​ទីផ្សារ​បើកចំហ​សហព័ន្ធ និង​ការ​សម្រេច​ចិត្ត​លើ​អត្រា​ការប្រាក់​នៅ​យប់​ថ្ងៃ​ពុធ ខ្ញុំ​រំពឹងថា​តម្លៃ​ប្រេង​ឆៅ​នឹងមាន​ការជួញដូរ​ក្នុង​ចន្លោះ​ពី ៦៩ ដុល្លារ​ទៅ​ ៦៥ ដុល្លារ​ ក្នុង​មួយ​បារ៉ែល​នៅក្នុង​សប្តាហ៍​នេះ​៕​ ​