«សហគ្រិនខ្មែរ» ដែលជាអង្គភាពមួយក្រោមឆត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កំពុងជំរុញ«កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម» ដែលជាវេទិកាប្រមូលផ្តុំស្ថាប័នហិរញ្ញវត្ថុស្ថាប័នធុរកិច្ច សមាគមអ្នកធុរកិច្ច និងក្រុមហ៊ុនមានសក្តានុពល ដើម្បីជជែកពីឱកាសនិងឧបសគ្គក្នុងការទទួលបានហិរញ្ញវត្ថុក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកក្រោយវិបត្តិកូវីដ១៩។
យោងសេចក្តីប្រកាសព័ត៌មានក្រោយការរៀបចំ «កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម» ប្រចាំសប្តាហ៍កាលពីសប្តាហ៍មុនដោយមានអ្នកចូលរួមជាងមួយរយនាក់ មកពីសហគ្រាសធុនតូចនិងមធ្យម និងស្ថាប័នហិរញ្ញវត្ថុ ដែលមានគោលបំណងដោះស្រាយបញ្ហាលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដែលជាផ្នែកនៃដំណើរឆ្ពោះទៅកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើកនៅកម្ពុជា។
វេទិកាដ៏មានសារៈសំខាន់នេះក៏ជាកម្មវិធីមួយដើម្បីពញ្ញាក់ម្ចាស់អាជីវកម្ម ឬហៅថា អ្នកប្រកបកិច្ចការធុរកិច្ច ឱ្យរៀបចំខ្លួនដើម្បីមានលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ និងផ្សាភ្ជាប់អាជីវកម្មរបស់ពួកគេទៅកាន់បណ្តាញទំនាក់ទំនងសហគ្រិនភាព។
សេចក្តីប្រកាសរបស់សហគ្រិនខ្មែរ បានលើកឡើងថា ដោយសង្កេតឃើញថាលទ្ធភាពទទួលបានហិរញ្ញវត្ថុ គឺជាឧបសគ្គចម្បងមួយសម្រាប់សហគ្រាសធុនតូច និង មធ្យម សហគ្រិនខ្មែរ បានប្រើប្រាស់កិច្ចពិភាក្សាជាបន្តបន្ទាប់ប្រចាំសប្តាហ៏នេះ ក្នុងការធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុនានាពីវាគ្មិនកិត្តិយសពីបណ្តាស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ជាផ្នែកមួយនៃចក្ខុវិស័យរួមរបស់សហគ្រិនខ្មែរ ក្នុងការលើកកម្ពស់សហគ្រិនភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់វេទិកាដើម្បីកសាងបរិយាកាសសហគ្រិនភាពឲ្យមានភាពលូតលាស់ ដោយផ្សាភ្ជាប់ធុរកិច្ចក្នុងស្រុកជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងឱកាសផ្សាភ្ជាប់បណ្តាញទំនាក់ទំនងផ្សេងៗទៀត»
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និង ជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ និង គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារអេស៊ីលីដាភីអិលស៊ី បានសង្កត់ធ្ងន់ពី«សារៈសំខាន់របស់កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្មបានចូលរួមជំរុញសកម្មភាពសហគ្រិនភាព និង ការអភិវឌ្ឍ។ ធនាគារក៏បានរួមចំណែកក្នុងប្រព័ន្ធអេកូឡូស៊ីនេះដោយការផ្តល់ប្រាក់កម្ចីដែលបានរៀបចំតាមតម្រូវការរៀងៗខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីសម្រួលដល់ការពង្រីកអាជីវកម្ម និងការវិនិយោគ»។
លោកស្រី ម៉ារ អមរា បន្ថែមថា៖«គោលដៅ សំខាន់គឺដើម្បីបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព»។
យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច។ របាយការណ៍នេះបានព្យាករពីសម្ទុះនៃកំណើនផ្នែកសេដ្ឋកិច្ចដល់ទៅ ៥,៥% ក្នុងឆ្នាំ២០២៣។ ដោយឡែកកាលពីខែតុលាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករទុកមុនថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងកើនបាន ៦,៦%។
សហគ្រិនខ្មែរ បានបង្ហាញក្នុងសេចក្តីប្រកាសនោះថា សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ក្នុងការជួយដល់ភាពជោគជ័យក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត ដោយបច្ចុប្បន្ន ៩៨% នៃធុរកិច្ចសរុបនៅក្នុងប្រទេសកម្ពុជាគឺជា សហគ្រាសធុនតូចនិងមធ្យម ដែលរួមចំណែក ៥៨% នៃផលិតផលដុលក្នុងស្រុករបស់ប្រទេសទាំងមូល៕