ភ្នំពេញៈ កម្ពុជាបានកំណត់ទិសដៅបង្កើនចំណែកថាមពលពីថាមពលកកើតឡើងវិញយ៉ាងហោចណាស់ ៧០ ភាគរយត្រឹមឆ្នាំ ២០៣០ ដើម្បីរួមចំណែកដល់ទិសដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ជាពិសេសធានាប្រសិទ្ធភាពថាមពល។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្តាហ៍មុនថា កម្ពុជានឹងបង្កើនចំណែកថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយត្រឹមឆ្នាំ ២០៣០។
លោកបន្តថា ថាមពលកកើតឡើងវិញមានដូចជា ពន្លឺព្រះអាទិត្យ ខ្យល់ វារីអគ្គិសនី និងជីវម៉ាស នឹងដើរតួសំខាន់នៅក្នុងការដាក់ថាមពលរួមបញ្ចូលគ្នា ដោយរួមចំណែកយ៉ាងសំខាន់ដល់ទិសដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ចប្រទេស។
លោកលើកឡើងថា៖ «ពេលយើងផលិតអគ្គិសនីកាន់តែច្រើនបានពីប្រភពថាមពលកកើតឡើងវិញ យើងមើលឃើញអត្ថប្រយោជន៍ពិតប្រាកដនៃអគ្គិសនីកម្ម។ អគ្គិសនីកម្ម តាមរយៈអគារបៃតង ឧបករណ៍ប្រើប្រាស់ និងរថយន្តអគ្គិសនី (EVs) និងអគ្គិសនីកម្មនៃឧស្សាហកម្ម និងកសិកម្ម»។
លោកប្រាប់ថា៖ «ការណ៍នេះមានន័យថា យើងត្រូវផ្តោតលើការស្ដុកទុកថាមពល ពង្រីកបណ្តាញ និងទទួលយកបច្ចេកវិទ្យាអគ្គិសនីឆ្លាតវៃ ដែលជាកត្តាជំរុញដ៏សំខាន់នៃការបង្កើតថាមពលកកើតឡើងវិញ និងធានាការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព និងនិរន្តរភាពសម្រាប់អនាគត ខណៈគោលដៅនីមួយៗហាក់ដូចជាខុសគ្នា ប៉ុន្តែវាមានទំនាក់ទំនងគ្នាទៅវិញទៅមក។ គោលដៅនីមួយៗអាស្រ័យទៅលើភាពជោគជ័យពីគ្នាទៅវិញទៅមក»។
លោកបញ្ជាក់ថា គោលការណ៍អាស៊ានកំណត់ឱ្យបណ្ដាប្រទេសសមាជិកទទួលបាន ៣៥ ភាគរយពីប្រភពស្អាត ឬពីប្រភពថាមពលកកើតឡើងវិញត្រឹមឆ្នាំ ២០៣០។ កម្ពុជាបានលើសទិសដៅនេះរួចហើយ ដោយសម្រេចបានជាង ៦០ ភាគរយនៅឆ្នាំ ២០២២។
លោកបញ្ជាក់ថា៖ «អនាគតថាមពលសកលរបស់យើងក៏ជាផ្នែកមួយដែលយើងមិនអាចធ្វើសកម្មភាពតែម្នាក់ឯងបានទេ។ យើងមិនរស់នៅក្នុងពិភពនៃប្រទេសដែលមានថាមពលឯករាជ្យនោះទេ។ អនាគតរបស់យើងនឹងកាន់តែខ្លាំងឡើងជាផ្នែកមួយនៃការពឹងផ្អែកអន្តរថាមពល។ ការតភ្ជាប់អន្តរតំបន់មានសារៈសំខាន់សម្រាប់ការជំរុញសន្តិសុខថាមពល ការចែករំលែកថាមពលកកើតឡើងវិញ និងកាត់បន្ថយគម្រោងថាមពលដែលប៉ះពាល់ដល់បរិស្ថាន។ កម្ពុជាមិនត្រឹមតែផ្គត់ផ្គង់តម្រូវការក្នុងប្រទេសយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងអភិវឌ្ឍមធ្យោបាយនាំចេញថាមពលស្អាតទៀតផង ជាពិសេសទៅកាន់ប្រទេសជិតខាងដូចជាសិង្ហបុរី»។
បើតាមមន្ត្រីនៅមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ដែលបានសរសេរមកកាន់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងខែកក្កដា ឆ្នាំ ២០២៣ថា សន្តិសុខថាមពល គឺជាអាទិភាពមួយក្នុងវិស័យថាមពលសម្រាប់ប្រទេសកម្ពុជាក្នុងការផ្តល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង។
ការប្រើប្រាស់អគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍នៅប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ ២០១០ ជាមួយអត្រា ៣៤ ភាគរយរហូតដល់ ៩៨ ភាគរយនៅឆ្នាំ ២០២២។
លើសពីនេះ ការដាច់ចរន្តអគ្គិសនីរបស់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០១៥ បានបង្ហាញពីរបៀបដែលប្រទេសមួយនេះពឹងផ្អែកខ្លាំងលើអគ្គិសនីដែលនាំចូល។ ការរំខាននេះបានជំរុញឱ្យរដ្ឋាភិបាលពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេស។
ក្រោយមក កម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតផែនការអភិវឌ្ឍន៍ថាមពល (PDP) សម្រាប់ឆ្នាំ ២០២២-២០៤០ ដើម្បីបញ្ចៀសការដាច់អគ្គិសនីនៅពេលក្រោយទៀត និងកាត់បន្ថយហានិភ័យនៃអសន្តិសុខថាមពល៕