ភ្នំពេញៈ ទឹកប្រាក់ជាង ២៦៤ លានដុល្លារ ត្រូវបានកម្ពុជារកបានពីការនាំទំនិញទៅប្រទេសឥណ្ឌា នៅក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៣ កើនឡើងជាង ៥៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលធ្វើឱ្យពាណិជ្ជកម្មសរុបរវាងភាគីទាំង ២ កើនដល់ជាង ៤៤៣ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិ GDCE ឱ្យដឹងថា ពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅប្រទេសឥណ្ឌា ក្នុងទឹកប្រាក់ ២៤៦,៥ លានដុល្លារ កើន ៥៥,១ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ចំណែកទំនិញដែលឥណ្ឌានាំមកកម្ពុជាវិញ ១៧៨,៧៣ លានដុល្លារធ្លាក់ចុះ ២១,៨ ភាគរយ។
សរុបចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានចំនួន ៤៤៣,២៣ លានដុល្លារ កើនឡើង ១១,១ ភាគរយធៀបរយៈពេល ១១ ខែ ឆ្នាំ ២០២២។ បើផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨៥,៧៧ លានដុល្លារ។ ប្រទេសឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំទី ១៨ របស់កម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែធ្នូថា បើនិយាយពីចំណងទាក់ទងកម្ពុជា-ឥណ្ឌា គឺមានតាំងពីយូរណាស់មកហើយ ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក៏មានជាហូរហែដែរ។ ការពង្រីកចំណងការទូត និងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា បានក្លាយជាចំណុចអាទិភាពមួយដែលវិនិយោគិនគ្រប់រូបកំពុងផ្តោតការយកចិត្តទុកដាក់ ព្រោះក្រៅពីមានសេដ្ឋកិច្ចធំលើពិភពលោក ឥណ្ឌាក៏មានប្រជាជនច្រើនជាងគេលើពិភពលោកដែរ។
លោកបន្តថា កំណើនទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅឥណ្ឌាជាបន្តបន្ទាប់នេះ គឺដោយសារបរិមាណទំនិញដែលកម្ពុជាផលិតបានមានកាន់តែច្រើន ហើយស្របតាមតម្រូវការទីផ្សារឥណ្ឌា។
លោកនិយាយថា៖ «ទន្ទឹមនឹងកំណើនប្រាក់នាំចេញ កម្ពុជាក៏ត្រូវខិតខំផលិត និងកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈចម្រុះថែមទៀតដើម្បីចាប់យកទីផ្សារថ្មីៗឱ្យបានច្រើន»។
លោកបន្តថា៖«នៅពេលការផលិតបានកាន់តែច្រើន វាមិនត្រឹមតែជួយជំរុញការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការនាំចូលផលិតផលមួយចំនួនដែលក្នុងស្រុកអាចផលិតបានផងដែរ»។
ទំនិញដែលកម្ពុជានាំទៅឥណ្ឌា មានដូចជា ផលិតផលវាយនភណ្ឌ និងកសិកម្ម ចំណែកទំនិញនាំចូលពីឥណ្ឌា គឺផលិតផលបច្ចេកវិទ្យា សម្ភារវេជ្ជសាស្ត្រ និងឱសថ ជាដើម។
លោកបានលើកឡើងទៀតថា បច្ចុប្បន្នក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជាក៏ទទួលបានភ្ញៀវពីប្រទេសឥណ្ឌាច្រើនដែរ ដោយតាមទិន្នន័យក្រសួងទេសចរណ៍ គឺនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ ប្រទេសកម្ពុជាទទួលបានភ្ញៀវជនជាតិឥណ្ឌាសរុប ៥៤ ៧៧៧ នាក់ កើន ១៤៦,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមាន ២២ ២០២ នាក់។ ក្នុងចំនួនខាងលើ គឺភ្ញៀវទេសចរ ៤៤ ៣២៨ នាក់, ធុរកិច្ចជន ១០ ៣៨៣ នាក់ និងផ្សេងៗ ៦៦ នាក់។
យោងតាមគេហទំព័រ worldometers.info គិតត្រឹមថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ឥណ្ឌា គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ដោយមានសរុប ១ ៤៣៤,៥៧ លាននាក់ នាំមុខប្រទេសចិននៅលេខ២ដែលមានប្រជាជន ១ ៤២៥,៤៤ លាននាក់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Devyanl Uttam Khobragade កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ បានបង្ហាញសុទិដ្ឋិនិយមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា នឹងកាន់តែមានភាពល្អប្រសើរ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី និងការគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់ដែលនឹងជំរុញការតភ្ជាប់រវាងប្រជាជន និងលំហូរទេសចរណ៍រវាងប្រទេសទាំង ២។
លោកស្រី Devyani Uttam Khobragade បានលើកឡើងថា ឥណ្ឌាសង្ឃឹមថា ក្នុងនីតិកាលថ្មីនេះ កម្ពុជា-ឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគតាមរយ:កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដែលរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខ។
ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ៤៤០ លានដុល្លារ កើនឡើង ៤១,៣៧ ភាគរយ ធៀបឆ្នាំ ២០២១ ដោយកម្ពុជានាំទំនិញទៅឥណ្ឌា ១៩៦,៦៣ លានដុល្លារ កើន ៥៦ ភាគរយ និងឥណ្ឌានាំមកវិញ ២៤៣,៣៧ លានដុល្លារ កើន ៣១,៤ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់ GDCE៕