ភ្នំពេញៈ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកទឹកចិត្តដល់វិនិយោគិនអាមេរិកមកធ្វើការបណ្ដាក់ទុនវិនិយោគលើការរៀបចំតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងផ្ដល់ឱកាស និងសម្រាប់តំបន់។
ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនឹងលោកស្រី Melissa Brown ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤ ខែធ្នូ នៅទីស្តីការ CDC ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជារយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ ១៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
លោកថ្លែងប្រាប់លោកស្រី Brown ថា ស្របតាមកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក លើកិច្ចការងារជាច្រើននាពេលកន្លងមក រាប់បញ្ចូលទាំងការធ្វើពាណិជ្ជកម្ម លោកក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យជំរុញកិច្ចការងារវិនិយោគដោយផ្ទាល់ រវាងភាគីទាំង ២ បន្ថែមទៀត។ លោកក៏បានបញ្ជាក់អំពីច្បាប់វិនិយោគរបស់កម្ពុជាដែលបើក ទូលាយជូនចំពោះគ្រប់វិនិយោគិនពីបណ្ដាប្រទេសនានា អាចចូលមកវិនិយោគក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ និងមាន ការលើកទឹកចិត្តលើវិស័យមួយ ចំនួនដែលកំណត់ដោយច្បាប់។
លោកត្រូវបានដកស្រង់សម្តីថា៖ «កម្ពុជាមានទិសដៅក្នុងការប្រែក្លាយពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើកម្លាំងពលកម្មតិចតួច និងប្រែក្លាយជាប្រទេសប្រើប្រាស់មូលធនជំនាញ ដើម្បីជំរុញកម្ពុជាក្លាយជាទីតាំងខ្សែច្រវាក់ផលិតកម្មសកលផងដែរ។ ក្នុងនោះ កម្ពុជាលើកទឹកចិត្តឱ្យ មានការបណ្ដាក់ទុនវិនិយោគលើការរៀបចំតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងផ្ដល់ឱកាសជូនទាំងប្រជាពលរដ្ឋកម្ពុជា និងសម្រាប់តំបន់ផងដែរ»។
លោកស្រី Melissa Brown បានបង្ហាញការកោតស្ញប់ស្ញែងពីការអភិវឌ្ឍនៅកម្ពុជា ហើយបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីឆ្នាំ ២០២០កន្លងទៅ អំឡុងពេលដូចគ្នានៃជំងឺរាតត្បាតកូវីដ ១៩ កម្ពុជាបានឱ្យនាវាទេសចរណ៍ខ្នាតធំ Westerdam របស់សហរដ្ឋអាមេរិកចូលចតនៅកម្ពុជា ដែលនាវាទេសចរណ៍ខ្នាតធំនេះនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ជាមួយនឹងភ្ញៀវទេសចរប្រមាណជាង ៤ ពាន់នាក់។
លោកស្រីក៏បានស្នើសុំឱ្យកម្ពុជាពិនិត្យលទ្ធភាពកែលម្អលើចំណុចមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ តម្លាភាព និងប្រសិទ្ធភាពនៃបទដ្ឋានគតិយុត្តដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងកន្លងមក។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាការនាំចេញនាំចូលទំនិញរវាងប្រទេសកម្ពុជា និងអាមេរិក នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៣ ភាគរយ បើធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ ២០២២ ដែលមានចំនួន ៧,៣ ពាន់លានដុល្លារ៕