ភ្នំពេញ: ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសជិតខាងអាស៊ាន ២ ផ្សេងទៀត រួមមានប្រទេសវៀតណាម និងឡាវ កំពុងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ អាចបង្កើនការនាំចូល និងការនាំចេញរហូតដល់ ៩ ភាគរយ ជាមួយនឹងការកើនឡើងប្រចាំឆ្នាំនៃការធ្វើពាណិជ្ជកម្មទំនិញរបស់ប្រទេសទាំង ៣ នេះសម្រេចបានជាង ៥៨ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ថ្មីនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
យោងតាមរបាយការណ៍នេះ ការសិក្សានេះគឺជាការអង្កេតលើកទី២ អំពីហិរញ្ញប្បទានពាណិជ្ជកម្មក្នុងតំបន់បន្ទាប់ពីអ្រាហ្វិកខាងលិច ដែលវិភាគប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានពាណិជ្ជកម្មក្នុងតំបន់ និងផ្តល់ការយល់ដឹងអំពីរបៀបដែលក្រុមហ៊ុននាំចេញនាំចូលនានាអាចបង្កើនពាណិជ្ជកម្មអន្តរជាតិជាមួយនឹងការគាំទ្រដែលធ្វើឱ្យប្រសើរឡើងពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ការបង្កើនការគ្របដណ្តប់ឱ្យមានហិរញ្ញប្បទានពាណិជ្ជកម្មមានសារៈសំខាន់ជាងការកាត់បន្ថយថ្លៃដើមនៃហិរញ្ញប្បទាន។
របាយការណ៍នេះបញ្ជាក់ថា កំណើនពាណិជ្ជកម្មក្នុងតំបន់មេគង្គមានភាពមិនស្មើគ្នាឡើយ។ ការនាំចេញពីក្រុមហ៊ុនដែលគ្រប់គ្រងដោយបរទេសបានកើនឡើងលើសពីខ្សែច្រវាក់ផ្គត់ផ្គង់ដែលគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុក។
ការសិក្សានេះបង្ហាញថា ហិរញ្ញប្បទានពាណិជ្ជកម្មក្នុងស្រុកមិនត្រឹមតែត្រូវបានគេប្រើប្រាស់តិចតួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃខ្ពស់ មានសភាពដាច់ដោយឡែកពីគ្នាជាផ្នែកៗ និងមានលក្ខណ:ប្រពៃណីផងដែរ។
ក្នុងឆ្នាំ ២០២២ ធនាគារក្នុងស្រុកបានផ្តល់ការគាំទ្រត្រឹមតែ ២១ ភាគរយនៃការនាំចេញ និងនាំចូលរបស់វៀតណាមប៉ុណ្ណោះ។ នៅកម្ពុជា និងឡាវ តួលេខនោះមានតិចជាង ៣ ភាគរយ។
ពាណិជ្ជករបានលើកឡើងពីតម្រូវការទ្រព្យធានាខ្ពស់ និងដំណើរការដាក់ពាក្យស្នើសុំដ៏លំបាកក្នុងចំណោមហេតុផលសំខាន់ៗដែលពួកគេមិនបានស្វែងរកការគាំទ្រពីធនាគារក្នុងស្រុក។
លោក Makhtar Diop នាយកគ្រប់គ្រង IFC បានឱ្យដឹងនៅក្នុងរបាយការណ៍នេះថា IFC កំពុងគាំទ្រផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សក្តានុពលនៃការនាំចូល និងនាំចេញរបស់ពួកគេ។
លោកថ្លែងថា៖ «សូមថ្លែងអំណរគុណចំពោះអង្គការពាណិជ្ជកម្មពិភពលោកសម្រាប់កិច្ចសហការដ៏ល្អក្នុងការផលិតរបាយការណ៍នេះ។ យើងបានមើលឃើញជារឿយៗនូវអំណាចបរិវត្តកម្មនៃហិរញ្ញប្បទានពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍»។
លោកបន្តថា៖ «ប៉ុន្តែវាតម្រូវឱ្យមានសកម្មភាពដែលសម្របសម្រួលដោយវិស័យឯកជនអ្នកបង្កើតគោលនយោបាយ គ្រឹះស្ថាន ហិរញ្ញវត្ថុ និងអង្គការអន្តរជាតិ ដើម្បីដោះស្រាយឧបសគ្គចំពោះហិរញ្ញប្បទានពាណិជ្ជកម្ម និងអនុវត្តសក្តានុពលពេញលេញរបស់ខ្លួនសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន»។
លោកស្រី Ngozi Okonjo Iweala អគ្គនាយិកា WTO បានឱ្យដឹងថា របាយការណ៍ថ្មីនេះផ្តល់ការយល់ដឹងសម្រាប់រដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ និងពាណិជ្ជករអំពីរបៀបក្នុងការចាប់យកឱកាសដើម្បីជំរុញពាណិជ្ជកម្មកំណើន និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃ ២០,៤៩ ពាន់លានដុល្លារ កើនឡើង ១,២ ភាគរយពីចំនួន ២០,២៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕