ភ្នំពេញ: អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍សាទរចំពោះផែនការនៃការដាក់ឱ្យដំណើរការសាកល្បងគម្រោង «ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា» ដោយរដ្ឋាភិបាលសម្រាប់អ្នកដំណើរចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ដែលជាការបោះជំហានថ្មីមួយទៀតក្នុងវិស័យទេសចរណ៍ដើម្បីសម្រួលដល់ភ្ញៀវទេសចរ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៣ ខែធ្នូ រដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលកម្ពុជាមុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញ បែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។
សេចក្តីជូនដំណឹងនេះលើកឡើងថា៖ «អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមក ដល់ ឬ Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤»។
ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាមទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៧ ខែធ្នូ ថា កម្មវិធីកាតអេឡិចត្រូនិកគឺបង្ហាញអំពីការបោះជំហានថ្មីមួយរបស់កម្ពុជាសម្រាប់សម្រួលដល់ភ្ញៀវទេសចរ ដែលបង្ហាញពីឱកាសដ៏សំខាន់ក្នុងការទាក់ទាញចំនួនភ្ញៀវកាន់តែច្រើនមកទស្សនាកម្ពុជា។
លោកថ្លែងថា៖ «តាមរយៈការផ្តល់នីតិវិធីនៃការចូលដោយរលូន និងឆាប់រហ័ស វានឹងជួយបង្កើនភាពទាក់ទាញជារួមរបស់ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍មួយ ជាពិសេសផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពដែលកម្មវិធីនេះ គឺជារឿងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជានៅក្នុងទីផ្សារទេសចរណ៍ពិភពលោក ប្រកបដោយភាពប្រកួតប្រជែង»។
លោក សរ សារិន ប្រធានក្រុមហ៊ុន PTM Travel & Tours Co., Ltd បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកជួយសម្រួលដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។
លោកបន្តថា៖ «វាគឺជាវិធានការដ៏ល្អមួយដែលយើងកំពុងធ្វើឱ្យបានរហ័ស ដើម្បីដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថលនេះ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់ភ្ញៀវទេសចរ ព្រោះពួកគេមិនចំណាយពេលច្រើនលើការបំពេញក្រដាសស្នាមទេ»។
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយកាលពីខែវិច្ឆិកាថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការបង្កើនការមកដល់របស់ភ្ញៀវទេសចរបរទេស និងបង្កើនរយៈពេលស្នាក់នៅរបស់ពួកគេ។
លោកថ្លែងថា៖ «យើងចង់ឱ្យភ្ញៀវទទួលយកបទពិសោធន៍ទាក់ទងនឹងបេតិកភណ្ឌ និងវប្បធម៌។ គោលដៅរបស់យើង នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ពិភពលោកឈានមុខគេ»។
ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៤ លាននាក់ក្នុងរយៈពេល ១០ ខែកន្លងមកនេះ កើនឡើងជាង ១៨០ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕