ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន KOJIMA Holdings Co., Ltd. បានបង្ហាញផែនការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្មសម្រាប់នាំចេញ និងគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើនការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន។
ព័ត៌មាននេះត្រូវបានលើកឡើងដោយលោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្តើមលោក KOJIMA Masanobu បានលើកឡើងអំពីវឌ្ឍនភាពនៃការបណ្តុះបណ្តាល និងការនាំយកកម្មសិក្សាការីខ្មែរទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន។ ជាមួយគ្នានេះលោកក៏បានលើកឡើងអំពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្មសម្រាប់បម្រើឱ្យការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរ នៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
បើតាមលោក KOJIMA Masanobu ក្រៅពីនេះ បច្ចុប្បន្នក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយ ក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្សនិងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ជាដើម។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបជាមួយ KOJIMA Masanobu និងអរគុណចំពោះក្រុមហ៊ុន ដែលបានមកបណ្តាក់ទុននៅកម្ពុជា ដែលនេះជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុនដែលការណ៍នេះពិតជាបានផ្តល់អត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខ និងរយៈពេលវែងផងដែរ។
លោកបានលើកឡើងថា៖«ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់សម្រាប់ប្រទេសកម្ពុជានាពេលអនាគត»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជប៉ុន គឺជាវិនិយោគិនឈានមុខគេមួយដែលបានមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា (FDI)។ក្រៅពីនេះជប៉ុន ក៏បានទទួលទិញទំនិញដ៏ច្រើនផងដែរពីកម្ពុជា។
បច្ចុប្បន្នក៏មានពលករកម្ពុជាច្រើននាក់កំពុងធ្វើការនៅប្រទេសជប៉ុនផងដែរ។ លោកបន្តទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបើកអាជីវកម្ម និងបញ្ជាទិញទំនិញពីកម្ពុជាកាន់តែច្រើន។ នាពេលកន្លងមកសភាពាណិជ្ជកម្មកម្ពុជាក៏បានទៅបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងតំបន់សេនដាយ ប្រទេសជប៉ុនផងដែរ។
លោកអះអាងថា៖«ភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP ដែលប្រទេសទាំង ២ ជាសមាជិក នឹងជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ កើនឡើងបន្ថែមទៀត នាពេលខាងមុខ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងប្រទេសជប៉ុន ក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ មានទឹកប្រាក់សរុប១,៦៤ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៩ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងចំនួននេះ គឺការនាំចេញទំនិញពីកម្ពុជា ទៅជប៉ុន មានទឹកប្រាក់១,០៦ ពាន់លានដុល្លារធ្លាក់ចុះ ០,៣ ភាគរយ និងជប៉ុននាំចូលមកកម្ពុជា ៥៧៣,៦៤ លានដុល្លារ ធ្លាក់ចុះ ១៩,៣ ភាគរយ។ ជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ជប៉ុន គឺជាប្រទេសដែលមានវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី ៤ ដោយមានទឹកប្រាក់សរុប ១១,៣ ទ្រីលានរៀល (កើនឡើង ១១,៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ ជាដើម។
ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន មានទឹកប្រាក់សរុប ១៩៤៨,០១៩ លានដុល្លារកើនឡើង ១២,៣ ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ ១ ១៧៣,០៣ លានដុល្លារកើនឡើង ៧,៣ ភាគរយ និងនាំចូលមានទឹកប្រាក់ ៧៧៤,៩៨៩ លានដុល្លារកើនឡើង ២១ភាគរយ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕