ភ្នំពេញៈ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) និងក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. (KOC) បានសហការគ្នាដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ការនាំចេញឆ្នាំ ២០២៣ (EDP) របស់ខ្លួនជាផ្លូវការក្នុងគោលបំណងបង្កើនសមត្ថភាពប្រកួតប្រជែងផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបរទេស។
កម្មវិធីនេះបានប្រារព្ធឡើងកាលពីថ្ងៃទី ១៨ ខែធ្នូ ដើម្បីគាំទ្រដល់សមាជិក CPSF និងដៃគូរបស់ពួកគេក្នុងការផ្តល់ចំណេះដឹង និងជំនាញ និងកម្មវិធីផ្តល់ហិរញ្ញប្បទាននាំចេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក ម៉ាក់ នី ប្រធាន CPSF បានថ្លែងនៅក្នុងពិធីដាក់ឱ្យប្រើប្រាស់នេះថា សមាជិក និងដៃគូរបស់ CPSF ទាំងអស់នឹងទទួលបានចំណេះដឹង ជំនាញ និងទំនាក់ទំនង ដើម្បីរៀបចំផែនការនាំចេញផលិតផលប្រកបដោយសក្តានុពលរបស់ពួកគេទៅទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖ «គោលដៅរួមរបស់យើងបង្កើនសមត្ថភាពប្រកួតប្រជែងផលិតផលកសិកម្ម ជាពិសេសផលិតផលសរីរាង្គទៅកាន់ទីផ្សារនាំចេញ»។
លោក កឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងរំពឹងថា កម្មវិធីនេះមិនត្រឹមតែជំរុញផលិតផលម្រេច និងគ្រឿងទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការនាំចេញកសិផលសក្តានុពលផ្សេងទៀតទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។
លោកបានថ្លែងថា៖ «នេះគឺជាវេទិកាដ៏សំខាន់មួយ ដែលមិនត្រឹមតែសម្រាប់ការដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ការនាំចេញឆ្នាំ ២០២៣ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសាមគ្គីភាព និងកសាងបណ្តាញភាគីពាក់ព័ន្ធស្របជាមួយនឹងខ្សែច្រវាក់តម្លៃបន្ថែមកសិកម្ម និងជំរុញការនាំចេញ»។
សម្រាប់ EDP ២០២៣ និងការចេញវិញ្ញាបនបត្រសរីរាង្ គ(Organic Certification) ត្រូវបានអនុវត្តដោយ CPSF និង KOC តាមរយៈជំនួយមូលនិធិពី USAID-Feed the Future Cambodia Harvest III, EU, RECOVER, DCA, និង HEKS EPER ។
CPSF ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ តំណាងឱ្យផលប្រយោជន៍វិស័យម្រេច និងគ្រឿងទេសកម្ពុជា ហើយធ្វើការងារដើម្បីធានាឱ្យប្រាកដថា ការផ្គត់ផ្គង់ម្រេច និងគ្រឿងទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងមានសុវត្ថិភាពនៅក្នុងទីផ្សារក្នុងស្រុក និងពិភពលោក។
កម្ពុជារកចំណូលបានជិត ៤ ពាន់លានដុល្លារពីការនាំចេញកសិផល ៧,៣ លានតោនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ខណៈបរិមាណនៃការនាំចេញក្នុងខែវិច្ឆិកា មានរហូតដល់ជាង ១ លានតោន។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងរយៈពេលនេះ គឺការនាំចេញអង្ករមានចំនួន ៥៩៥ ៦៣០ តោន, ស្រូវ ២ ៤៩៧ ០៧៥ តោន និងកសិផលក្រៅពីស្រូវ-អង្ករ ៤ ២២១ ៤៨៥,១២ តោន ទៅទិសដៅ ៧៥ ប្រទេស ដោយធ្លាក់ចុះចំនួន ៤,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
សម្រាប់ទឹកប្រាក់ដែលទទួលបានតាមការប៉ាន់ស្មាន (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) ចំនួនសរុប ៣ ៩១០ លានដុល្លារ ក្នុងនោះការនាំចេញអង្ករ ចំនួន ៥១៥,២២ លានដុល្លារ, ស្រូវ ៨៤០,២៨ លានដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៥៥៤,៣៦ លានដុល្លារ។ បច្ចុប្បន្នតម្លៃម្រេចស្ថិតនៅចន្លោះពី ៣ ០០០ ទៅ ៣ ៥០០ ដុល្លារ ក្នុង ១ តោន។ នេះបើយោងតាម CPSF៕