ភ្នំពេញៈ សមាគម​វាយ​ន​ភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា​ (TAFTAC) និង​សមាគម​អភិវឌ្ឍន៍​ក្រៅប្រទេស​ចិន ​(CODA) បាន​សហការគ្នា​ដើម្បី​ជំរុញ​ការ​វិ​និ​យោគ​ពី​ប្រទេស​ចិន និង​ជំរុញ​ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ ទៅកាន់​ទីផ្សារ​ពិភពលោក​។​

​លោក លី តឹក​ហេង នាយក​ប្រតិបត្តិ TAFTAC បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី ១៨ ខែធ្នូ​ថា លោក​បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ ១​ ក្រុម​មកពី​សមាគម​ CODA កាលពី​សប្តាហ៍​មុន ដោយបាន​ពិភាក្សា និង​យល់​​ព្រម​សហការ​ជាមួយ​សមាគម​ចំនួន ​២ ដើម្បី​បង្កើត​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ល្អប្រសើរ ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​មកពី​ចិន​។​

​លោក​បាន​ថ្លែងថា​៖ «​វា​គឺជា​កិច្ចសហប្រតិបត្តិការ​ថ្មី​រវាង​សមាគម​អភិវឌ្ឍន៍​ក្រៅប្រទេស​ចិន និង​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា​។ យើង​មាន​បេសកកម្ម​ដូចគ្នា​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព ការ​គាំ​​ទ្រ​ផ្នែក​ច្បាប់ និង​តំណាងឱ្យ​សមាជិក​ក្នុងការ​វិនិយោគ និង​ការសម្របសម្រួល​ពាណិជ្ជកម្ម​របស់​ពួកគេ​»​។​

​លោក​បញ្ជាក់ថា សមាគម CODA ដែល​ស្ថិតនៅក្នុង​ស្ថាប័ន​អន្តរជាតិ​របស់​រដ្ឋាភិបាល​ចិន កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើការ​ជាមួយ​វិ​និ​យោ​គិ​ន​ចិន​នៅ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក ក្រៅពី​ការគាំទ្រ​ចំពោះ​ព័ត៌មាន​វិនិយោគ បទ​ប្បញ្ញត្តិ និង​គាំទ្រ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​វិនិយោគិន​របស់​ពួកគេ​ជួបប្រទះ​។​

​លោក​ថ្លែងថា​៖ «​ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​នេះ យើង​នឹង​មើលឃើញ​មាន​លំហូរ​ការ​វិនិយោគ​កាន់តែច្រើន​ពី​ប្រទេស​ចិន​មក​ក្នុងប្រទេស​របស់​យើង ដោយសារតែ​ការវិនិយោគ​លើ​ឧស្សាហកម្ម​កាត់ដេរ និង​វាយ​ន​ភណ្ឌ​ក្នុងប្រទេស​របស់​យើង​គឺ​គ្របដណ្តប់​ដោយ​វិនិយោគិន​ចិន​នៅពេលនេះ​»​។

លោក​បន្តថា​ ៖«​យើង​សង្ឃឹមថា សមាគម​ទាំង​ ២ ​នឹងមាន​ឱកាស​កាន់តែ​ច្រើន​ក្នុងការ​បង្កើត​អាជីវកម្ម និង​ការតភ្ជាប់​ការវិនិយោគ​កាន់តែ​រឹងមាំ និង​ត​ភ្ជាប់​ការ​​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ នាពេល​អនាគត​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ក្នុង​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ វិនិយោគិន​ចិន​កំពុង​រួមចំណែក​ច្រើន​សម្រាប់​ការជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។ ទោះបីជា​បញ្ហា​ប្រឈម​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក​នាពេល​បច្ចុប្បន្ន​ក៏ដោយ ក៏​ឧស្សាហ​​កម្មនេះ​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​។​

​លោក​ថ្លែងថា​៖ «​យើង​នៅតែ​មើលឃើញថា លំហូរ​នៃ​កា​រវិ​និ​យោគ​កំពុង​ចូល​មកពី​ប្រទេស​​ចិន​។ ដូច្នេះ កិច្ច​សហប្រតិបត្តិ​ការ​រវាង​សមាគម​ទាំង​២​នឹង​ជាស​ម្ទុះ​ថ្មី​មួយ​ក្នុងការ​ផ្តល់​ការ​គាំ​​ទ្រ ក៏ដូចជា​ធ្វើជា​ស្ពាន​នាំយក​ការវិនិយោគ​កាន់តែច្រើន​ពី​ប្រទេស​ចិន​មក​កម្ពុជា ស្រប​​ពេលដែល​ប្រទេស​ទាំង​២​ក៏​កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​ពា​​ណិ​ជ្ជ​កម្ម​សេរី​ផងដែរ​»​។​

​ប្រទេស​កម្ពុ​ជាមាន​រោងចក្រ​ចំនួន ១ ០៧៧ ដែល​ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ ៨០២ រោងចក្រ​ផលិត​ស្បែកជើង​ចំនួន ១៤០ និង​រោងចក្រ​ផលិត​ទំ​​និ​ញ​ធ្វើដំណើរ​ចំនួន ១៣៤​។ រោងចក្រ​ទាំងនោះ​ប្រើប្រាស់​កម្លាំង​កម្ម​ករស​រុ​ប​ចំនួន ៧៦៤ ៣៥៨​ នាក់​។ នេះ​បើតាម​ទិន្ន​ន័យ​បាន​ពី TAFTAC​។​

​កាលពី​ឆ្នាំ ​២០២២ តម្លៃ​នាំ​ចេញ​របស់​វិស័យនេះ​សម្រេចបាន ១២,៥​ ពាន់​លាន​ដុល្លារ ស្មើ​ជិត ៦០ ​ភាគរយ​នៃ​តម្លៃ​នាំ​​ចេញ​សរុប​របស់​កម្ពុជា ហើយ​ស្មើ ១០ ​ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចន្លោះ​ពី​ខែ​មករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការ​​នាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​​ចិន​មាន​ចំនួន ១,៣១ ​ពាន់​លាន​ដុល្លារ កើន ១៨,៥​ ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ការ​នាំចូល​ចំនួន ៩,៧៦​ ពាន់​លាន​ដុល្លារ កើន ៣,១​ ភាគរយ​។ តម្លៃ​ពាណិជ្ជ​កម្ម​ទ្វេភាគី ១១,០៨​ ពាន់​លាន​ដុល្លារ កើន ៤,៧​ ភាគរយ​។​

​ប្រទេស​ចិន​គឺជា​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​ឈានមុខ​គេ​របស់​កម្ពុជា ដោយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន ២៦,០៦​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​រយៈពេល ១១ ខែ ឆ្នាំ​ ២០២៣៕