ភ្នំពេញៈ អ្នកក្នុងផលិតកម្មអំបិលមានសុទិដ្ឋិនិយមថា ទិន្នផលអំបិលនៅក្នុងឆ្នាំ ២០២៤ ខាងមុខ នឹងមានបរិមាណច្រើនជាងឆ្នាំ ២០២៣ ខណៈការដាក់បញ្ចូលជាផ្លូវការផលិតផលអំបិលកំពត-កែប ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ «GI» កំពុងជួយឱ្យទីផ្សារនាំចេញអំបិលធំជាងមុន។
ផលិតផលអំបិលកំពត-កែប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ ធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ «GI»។
ផលិតករ និងជាប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប លោក ប៊ុន ណារិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែធ្នូ ថា ទោះបីពេលនេះអំបិលនៅខេត្តកំពត-កែប មិនទាន់អាចប្រមូលផលបានច្រើន ប៉ុន្តែលោកគិតថា ផលអំបិលឆ្នាំ ២០២៤ នឹងកើនឡើងខ្ពស់ជាងឆ្នាំ ២០២៣។ ការប្រមូលផលអំបិលក្នុងបរិមាណច្រើននឹងមានចាប់ពីខែមករា តទៅ។
លោកបន្តថា មូលហេតុដែលជួយឱ្យផលិតផលអំបិលឆ្នាំ ២០២៤ កើនខ្ពស់គឺ ទី១ ដោយសារតាមការព្យាកររបស់ក្រសួងធនធានទឹក គឺនឹងមានអាកាសធាតុក្តៅជាងឆ្នាំ ២០២៣ និងទី ២ មានការរួមសហការយ៉ាងច្រើនពីរដ្ឋាភិបាល និងផ្នែកឯកជនលើការផ្សព្វផ្សាយ សិក្សាស្រាវជ្រាវ ...និងការបណ្តុះបណ្តាលបច្ចេកទេសជាច្រើនពីចង្វាក់ផលិតកម្មអំបិល។
លោកនិយាយថា៖ «ខ្ញុំគិតថាទិន្នផលអំបិលក្នុងឆ្នាំ ២០២៤ នឹងខ្ពស់ជាងឆ្នាំ ២០២៣ ហើយការនាំចេញអំបិល GI នឹងមានបរិមាណកាន់តែច្រើន។ យើងពិតជាចង់នាំចេញអំបិល GI ឱ្យបានច្រើន ព្រោះទីផ្សារនាំចេញនឹងជួយឱ្យតម្លៃអំបិល GI ខ្ពស់ជាងមុន និងជួយកាត់បន្ថយការនាំចូលផងដែរ»។
ខេត្តកំពត និងកែប គឺជាកន្លែងផលិតអំបិលក្នុងប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០២៣ នេះផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ គឺប្រហាក់ប្រហែលនឹងឆ្នាំ ២០២២ គឺទំហំ ៤ ៧៤៨ ហិកតា។ សម្រាប់ខេត្តកំពត ផលអំបិលប្រមូលបានក្នុងឆ្នាំ ២០២៣ គឺមានជិត ៨ ម៉ឺនតោន និងខេត្តកែប បានប្រមាណ ៣ ០០០ តោន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានឱ្យដឹងថា ក្នុង ១ ឆ្នាំៗកម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
កាលពីឆ្នាំ ២០២២ កម្ពុជាបាននាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាប្រមាណជិត ២ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកត្តាអាកាសធាតុធ្វើឱ្យទិន្នផលប្រមូលបានក្នុងឆ្នាំ ២០២២ ស្ថិតក្នុងរង្វង់ ៤ ម៉ឺនតោន។
ទាក់ទងនឹងការនាំចេញអំបិល GI លោក ណារិន ប្រាប់ថា កាលពីអំឡុងខែវិច្ឆិកា សមាគមរបស់លោកបាននាំចេញអំបិល ១ ទូកុងតឺន័រ ទៅទីផ្សារអឺរ៉ុប ខណៈកាលពីពេលថ្មីនេះក៏មានក្រុមហ៊ុនមកពីប្រទេសជប៉ុន កូរ៉េ និងអាមេរិក បានមកទាក់ទងផងដែរ។
បើតាមលោក ណារិន ផលិតផលអំបិល GI អាចមានតម្លៃខ្ពស់ជាងអំបិលធម្មតា ចាប់ពី ៣០-១០០ ភាគរយដោយអាស្រ័យតាមគុណភាព។
លោកប្រាប់ថា៖ «តម្លៃអំបិលដែលមានការទទួលស្គាល់ជាផ្លូវការ «GI» ពេលនេះអាចស្ថិតក្នុងរង្វង់ ៣០ ០០០ រៀល ១ បាវទម្ងន់ ៥០ គីឡូក្រាម ចំណែកអំបិលធម្មតា តម្លៃ ២០ ០០០ រៀល»។
លោកបញ្ជាក់ថា៖ «ជាមួយគ្នានេះខ្ញុំក៏ស្នើឱ្យរដ្ឋជួយទម្លាក់អត្រាពន្ធទាក់ទងនឹងការនាំចេញអំបិលផងដែរ ដើម្បីធ្វើយ៉ាងណាជួយធ្វើឱ្យថ្លៃដើមផលិតកាន់តែទាប និងជួយឱ្យសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិមានកាន់តែខ្លាំង»។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប លោក ភោគ សុខេន បាននិយាយថា ការប្រមូលផលអំបិលនៅខេត្តកែបគឺទើបបានតិចតួចប៉ុណ្ណោះ ខណៈស្រែភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលរៀបចំដី និងបង្ហូរទឹកសមុទ្រចូល។ ការប្រមូលផលពេញលេញនឹងចាប់ផ្តើមពីដើមខែមករា ដល់ដើមខែឧសភានៃឆ្នាំនីមួយៗ ដោយផលអំបិលដែលខេត្តកែប ផលិតបានក្នុង ១ ឆ្នាំចន្លោះពី ២ ០០០ ទៅ ៣ ០០០ តោន។
តាមការព្យាករផលអំបិលឆ្នាំនេះនឹងកើនឡើងខ្ពស់ជាងមុន ខណៈមន្ត្រីជំនាញនៅថ្នាក់ជាតិ និងថ្នាក់ខេត្តកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សមត្ថភាពផលិតកម្មនៅក្នុងស្រុក។
លោកអះអាងថា៖ «ការទទួលបានកេរ្តិ៍ឈ្មោះជាផលិតផល GI និងការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលលើការផលិត និងគុណភាពអំបិល នឹងអាចជួយឱ្យការប្រមូលផលក្នុងឆ្នាំ ២០២៤ កើនលើសឆ្នាំ ២០២៣»។
អតីតប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពតលោក សុខ គឹមជឿន បានឱ្យដឹងថា ខេត្តកំពតគឺជាកន្លែងផលិតអំបិលធំជាងគេនៅកម្ពុជា ដោយការប្រមូលផលនឹងចាប់ផ្តើមពីខែមករា តទៅ។ បើអាកាសធាតុក្តៅរយៈពេលយូរ គឺការផលិតអំបិលនឹងកើនលើសពីតម្រូវការប្រើប្រាស់នៅក្នុងស្រុក។
កាលពីឆ្នាំ ២០១៤, ២០១៥ និង ឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗជាង ១០ ម៉ឺនតោន។ ទោះបីយ៉ាងណា ទិន្នផលនេះបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៧។ របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញថា កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចូលបានប្រហែល ១ ម៉ឺនតោន៕