ភ្នំពេញៈ ចំនួនភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជា តាមផ្លូវអាកាស ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ២០២៣ មានសរុបជិត ១,៥ លាននាក់ កើនជាង ១៦៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងនោះជិត ៧៥ ភាគរយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើយោងតាមក្រសួងទេសចរណ៍។
របាយការណ៍ស្ថិតិចំនួនភ្ញៀវទេសចរប្រចាំខែតុលា ឆ្នាំ២០២៣ បង្ហាញថា ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៤ ៤០៧ ២១២ នាក់ កើនឡើង ១៧៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ដែលមានចំនួន ១ ៥៧៥ ៩៥៤ នាក់។ ចំនួនភ្ញៀវបរទេសមកតាមផ្លូវអាកាសស្មើនឹង ៣៣,៩ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប ខណៈភ្ញៀវតាមផ្លូវគោក មានចំនួន ២ ៨៦៦ ២៣១ នាក់ ស្មើ ៦៥ ភាគរយ និងភ្ញៀវតាមផ្លូវទឹក ៤៥ ៤៤១ នាក់ ស្មើ ១ ភាគរយ។
បើផ្អែកតាមរបាយការណ៍ខាងលើ គឺភ្ញៀវបរទេសចូលមកកម្ពុជា តាមផ្លូវអាកាស ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ មានចំនួន ១ ៤៩៥ ៥៤០ នាក់ កើនឡើង ១៦៧,៥ ភាគរយពីចំនួន ៥៥៩ ៩១៨ នាក់ កាលពីរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងចំនួនខាងលើ គឺភ្ញៀវតាមរយៈព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន ១ ១១៣ ៤២៣ នាក់(ស្មើ ៧៤,៣ភាគរយនៃភ្ញៀវសរុបតាមផ្លូវអាកាស) កើនឡើង ១៤៦ ភាគរយ, ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ៣៦៩ ២០៦នាក់(ស្មើ ២៤,៦៨ ភាគរយ) កើនឡើង ២៩៦,៦, និងតាមព្រលានយន្តហោះកងកេង (ខេត្តព្រះសីហនុ) ១២ ៩១១នាក់(ស្មើ ០,៣ភាគរយ) ថយចុះ ៩,២ ភាគរយ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៩ ខែធ្នូ ថា កំណើនភ្ញៀវបរទេសធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាសនេះគឺជារឿងល្អ ប៉ុន្តែសម្រាប់អត្រាកំណើនគឺនៅទាបសម្រាប់បរិបទនេះ(ការងើបចេញពីវិបត្តិកូវីដ១៩) ដែលទាមទារឱ្យគ្រប់ផ្នែកពាក់ព័ន្ធត្រូវខិតខំធ្វើការផ្សព្វផ្សាយ និងកំណត់យុទ្ធសាស្ត្រថ្មីបន្ថែមទៀត។
លោកបន្តថា សម្រាប់ការដាក់ឱ្យដំណើរការព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ សួរថាគ្រាន់តែពេលមានព្រលានយន្តហោះថ្មី គឺអាចទាក់ទាញភ្ញៀវឱ្យចូលកម្ពុជាកាន់តែច្រើន? ចម្លើយគឺ មិនពិតជាអ៊ីចឹងទេ។
លោកនិយាយថា៖«បើតាមខ្ញុំដឹងថ្នាក់ដឹកនាំថ្មីនៃក្រសួងទេសចរណ៍នាពេលនេះកំពុងខិតខំធ្វើកិច្ចការជាច្រើនដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាបានច្រើន។ ខ្ញុំជឿថាតួលេខនៃចំនួនភ្ញៀវបរទេសដែលចូលមកកម្សាន្តនៅកម្ពុជានឹងកើនឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខ»។
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ និងព្រលានយន្តហោះកងកេង) គឺមានចំនួន ៤៩៣ ជើងក្នុង ១ សប្តាហ៍ (៩៨៦ ជើងទៅមក)។
ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត ២,២៨ លាននាក់ កើនឡើង ១ ០៥៩ភាគរយបើធៀបនឹងឆ្នាំ២០២១។ ក្នុងចំណោមនោះ គឺភ្ញៀវមកតាមផ្លូវអាកាសមានចំនួន ៧៩១ ៦០៣ នាក់ ដែលស្មើនឹង ៣៤,៨ ភាគរយ នៃចំនួនភ្ញៀវទេសចរបរទេសសរុប។
ឆ្នាំ២០១៩ គឺជាឆ្នាំដែលកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេក្នុងកំណត់ត្រា ដោយមានចំនួនសរុប ៦,៦១លាននាក់ ដោយភ្ញៀវតាមផ្លូវអាកាសមានចំនួន ៤,៤ លាននាក់ ស្មើនឹង ៦៦,៦ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប។ នេះបើតាមក្រសួងទេសចរណ៍៕