ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ៤៤៦ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅទីផ្សារអន្តរជាតិ ក្នុងរយៈពេល ១១ ខែកន្លងមកនេះ ខណៈតម្លៃជ័រកៅស៊ូនៅតែបន្តធ្លាក់ចុះដោយសារតែបញ្ហានៃការឡើងកម្តៅភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចប៉ះពាល់ទៅដល់ការថមថយនៃតម្រូវការសកលជាពិសេសក្នុងឧស្សាហកម្មផលិតសម្បកកង់យានយន្ត។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺចាប់ពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជារកប្រាក់បាន ៤៤៥ ៥២២ ២៣៥ ដុល្លារពីការនាំចេញជ័រកៅស៊ូ ចំណែកការនាំចេញឈើកៅស៊ូ មានទឹកប្រាក់ ១ ៥០៣ ៤៣៩ ដុល្លារ។
សម្រាប់តម្លៃជ័រកៅស៊ូវិញបើគិតត្រឹមខែវិច្ឆិកា គឺមានតម្លៃ ១ ៣៣៣ ដុល្លារ ក្នុង ១ តោន ថយចុះ ១១១ ដុល្លារក្នុង ១ តោន ស្មើនឹង ៧,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២២។ ចំណែកតម្លៃឈើកៅស៊ូគិតជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ គឺ ២៣១ ដុល្លារក្នុង ១ ម៉ែត្រគុប។
លោក ម៉ែន សុភក្ដិ នាយកក្រុមហ៊ុននាំចេញកៅស៊ូ Sopheak Nika Investment Agro-Industrial Plants Co., Ltd ឱ្យដឹងថា ទីផ្សារនាំចេញហាក់ដូចជាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងដោយសារតែការធ្លាក់ចុះតម្រូវការ ហើយសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនដែលអូសបន្លាយ គឺបានធ្វើឱ្យតម្រូវការពិភពលោកធ្លាក់ចុះ ខណៈដែលស្តុកកៅស៊ូនៅក្នុងប្រទេសចិននៅតែមានកម្រិតខ្ពស់។ សកម្មភាពនៃផលិតកម្មកៅស៊ូក៏ត្រូវបានកាត់បន្ថយ ខ្លះដោយសារតែកង្វះខាតផលិតផលសម្រេច។
លោកថ្លែងថា៖ «ស្ថានភាពទូទៅនៃទីផ្សារនាំចេញរបស់យើងហាក់ដូចជាធ្លាក់ចុះបន្តិច ដោយសារតម្រូវការពិភពលោកកាន់តែតានតឹង ខណៈតម្លៃនៅតែធ្លាក់ចុះ។ ទីផ្សារធំគឺប្រទេសចិន ប៉ុន្តែនៅពេលនេះរោងចក្រ ដែលត្រូវការផលិតជ័រកៅស៊ូនៅតែមានស្តុកច្រើន ព្រោះផលិតផលសម្រេចដែលផលិតពីជ័រកៅស៊ូហាក់មានតម្រូវការកាន់តែតិច»។
ដោយមានការចាប់ផ្ដើមដំណើរការឡើងវិញនៃរោងចក្រផលិតសម្បកកង់រថយន្តនៅខេត្តព្រះសីហនុ ខេត្តក្រចេះ និងស្វាយរៀង នឹងជួយស្រូបយកជ័រកៅស៊ូក្នុងស្រុកនាពេលអនាគត។ លោក ម៉ែន សុភក្ដិ បានឱ្យដឹងថា វត្តមានរោងចក្រផលិតសម្បកកង់ដែលមានស្រាប់នៅកម្ពុជានឹងជួយដល់ឧស្សាហកម្មកៅស៊ូនៅកម្ពុជា។
លោកលើកឡើងថា៖«ខ្ញុំបានជួបជាមួយថ្នាក់ដឹកនាំរោងចក្រផលិតសម្បកកង់រថយន្តនោះ ដើម្បីស្វែងយល់ពីលក្ខណៈ ឬស្តង់ដានៃជ័រកៅស៊ូដែលយើងអាចផ្គត់ផ្គង់បាន។ យោងតាមតម្រូវការរបស់រោងចក្រទាំងនោះយើងអាចផលិតជ័រកៅស៊ូបានតាមតម្រូវការពួកគេ»។
លោកបន្ថែមថា នៅពេលដែលជ័រកៅស៊ូក្នុងស្រុកអាចផ្គត់ផ្គង់បាន វានឹងជួយរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើមការដឹកជញ្ជូនទៅលក់នៅក្រៅប្រទេសផងដែរ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកមានផ្ទៃដីដាំកៅស៊ូប្រមាណ ១៤០ ០០០ ហិកតា នៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ ហើយជាង ១១ ម៉ឺនហិកតាត្រូវបានប្រមូលផលជ័រកៅស៊ូហើយ ខណៈក្រុមហ៊ុនមួយនេះ អាចនាំចេញបានចន្លោះពី ១០ ០០០ តោន ទៅ ១៥០០០ តោនក្នុង ១ ឆ្នាំ។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះផ្ទៃដីដាំដុះកៅស៊ូទំហំ ៣១៥ ៣៣២ ហិកតា ត្រូវបានចៀរជ័រ ស្មើ ៧៨ ភាគរយ និងផ្ទៃដីថែទាំ ៨៩ ២៤៦ ហិកតា ស្មើ ២២ ភាគរយ។
កាលពីឆ្នាំ ២០២២ កម្ពុជារកចំណូលបានជាង ៥៣១ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងចំនួននោះ ប្រាក់ចំណូលបានពីការនាំចេញជ័រកៅស៊ូមានចំនួន ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងប្រាក់ចំណូលបានមកពីការនាំចេញឈើកៅស៊ូមានចំនួន ៤ ០៨៩ ២៧៣ ដុល្លារ៕