អ្នកស្រី មុត ចរិយា ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីគ្រោងនឹងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួនពីជាង ១ តោន ក្នុងមួយឆ្នាំ ក្នុងពេលបច្ចុប្បន្ននេះ ឱ្យដល់៦០០០តោន ក្នុងមួយឆ្នាំ នាឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីបំពេញតម្រូវការ។
អ្នកស្រីចរិយា បានថ្លែងប្រាប់បែបនេះ នៅក្នុងពេលដែលលោកស្រីបាននាំអ្នកសារព័ត៌មានទស្សនកិច្ច នៅក្នុងសិប្បកម្មរបស់អ្នកស្រី ដែលមានទីតាំងនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន អ្នកស្រីបានលើកឡើងថា បច្ចុប្បន្ននេះ ទីផ្សារគ្រាប់ស្វាយចន្ទីនៅក្រៅប្រទេស ដែលអ្នកស្រីបាននាំចេញទៅរួមមាន អាល្លឺម៉ង់ អង់គ្លេស អាមេរិក ជប៉ុន កូរ៉េ អូស្ត្រាលី បារាំង ជាដើម គឺមានការទទួលស្គាល់ពីគុណភាពនិងរសជាតិ ដែលធ្វើឱ្យការបញ្ជាទិញមានការកើនឡើងជាបន្តបន្ទាប់។
អ្នកស្រីបាននិយាយថា៖«ជាការពិតគ្រាប់ស្វាយចន្ទីរបស់យើង ពិតមានទីផ្សារខ្លាំងណាស់ ប៉ុន្តែកម្ពុជាយើងនៅមានការខ្វះខាតបច្ចេកទេសផលិត ខ្វះទុនិនិយោគ។គោលដៅរបស់ពួកយើងនៅក្នុងឆ្នាំ២០២៤និង២០២៥ខាងមុខនេះ យើងនឹងផលិតឱ្យបាន៦០០០តោនក្នុងមួយឆ្នាំ»។
ក្រោយបើកដំណើរការសិប្បកម្ម បានត្រឹមតែជាង២ឆ្នាំប៉ុណ្ណោះ អ្នកស្រី ចរិយា បានពង្រីកទុនវិនិយោគពីត្រឹម២ម៉ឺនដុល្លារ ដល់ជាង១លានដុល្លារ និងបានធ្វើឱ្យទីផ្សារអន្តរជាតិទទួលស្គាល់គុណភាពស្វាយចន្ទីរបស់កម្ពុជា និងបង្កើនការនាំចេញជាបន្តបន្ទាប់។ អ្នកស្រីបាននិយាយថា កត្តាដែលជំរុញនេះ គឺដោយសារការផ្សព្វផ្សាយតាមរយៈការចូលរួមពិព័រណ៍នានា នៅក្រៅប្រទេស និងសន្និសីទស្វាយចន្ទីពិភពលោកនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម កាលពីដើមឆ្នាំនេះ។
អ្នកស្រីបានបន្ថែមដូច្នេះថា៖«នៅខែធ្នូនេះ យើងបាននាំចេញទៅហុងកុងមួយទៀត ដោយទីផ្សារថ្មីនេះ នឹងក្លាយជាទីផ្សារដ៏ធំជាងគេរបស់យើង។ហើយឆ្នាំក្រោយយើងនឹងបន្តនាំចេញទៅចិន ហូឡង់ ខណៈដែលយើងក៏កំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកផលិតផលរបស់យើងនៅអាមេរិកផងដែរ។បន្ទាប់ពីនោះ អាមេរិក នឹងក្លាយជាទីផ្សារធំមួយទៀតសម្រាប់យើង»។
របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានផ្ទៃដីដាំដុះស្វាយចន្ទីក្នុងរង្វង់ជិត៧ម៉ឺនហិកតា ជាខេត្តដែលមានការដុះស្វាយចន្ទីច្រើនលំដាប់ទី៣ បន្ទាប់ខេត្តកំពង់ធំ និងក្រចេះ។ ដោយឡែក នៅក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៣ នេះ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៦៥១ ០០០ តោន នៅក្នុងនោះនាំចេញទៅវៀតណាម ក្នុងចំនួន ៦១៥ ០០០ តោន ស្មើទឹកប្រាក់ ៨៣១ លានដុល្ល ថយចុះ ១៦,៧ ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅនឹងឆ្នាំ២០២២។ ចំពោះតម្លៃវិញ ជាមធ្យមគ្រាប់ស្ងួត ១ ៦៥៨ ដុល្លារ ក្នុង១តោន៕