​ភ្នំពេញៈ សមាគម​ក្រុមហ៊ុន​​មូល​ប​ត្រ​កម្ពុជា ​(CASF) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដើម្បី​បម្រើ​ជា​ចំណុចកណ្តាល និង​ជា​ក្រុមហ៊ុន​តែ ១ គត់ ដែល​ទាក់ទង​ដោយផ្ទាល់​ជាមួយ​ភា​គី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ឧស្សា​ហ​កម្មនេះ​ជាប្រចាំ ដែល​វា​ជាការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​។​

​លោក អ៊ីវ រ៉ា​ណ្ណា​រិ​ទ្ធ ប្រធាន​សមាគម​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា ​(CASF) បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ CASF កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ​ថា CASF ដែល​បង្កើតឡើង​កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ​ ២០២៣ គឺជា​សមាគម​ថ្នាក់ជាតិ​តែមួយគត់​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​និយតករ​មូល​ប​ត្រ​កម្ពុជា​ (SERC) ដើម្បី​តំណាងឱ្យ​ក្រុមហ៊ុន​មូល​ប​ត្រ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​គោលបំណង CASF គឺ​នឹង​លើកកម្ពស់ និង​អភិវឌ្ឍ​ឧស្សាហកម្ម​មូល​ប​ត្រ​នៅ​កម្ពុជា អនុវត្ត​សកម្មភាព​របស់ខ្លួន​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​បម្រើ​ជា​បណ្តាញ​ទំនាក់ទំនង​ជាមួយ SERC»​។​

​លោក​បន្តថា ក្រុមហ៊ុន​មូល​ប​ត្រ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​វិ​និ​យោគ​ទាំងអស់​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី SERC គឺជា​សមាជិក​របស់ CASF​។ ដូច្នេះ​គិត​ត្រឹម​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ CASF មាន​ក្រុមហ៊ុន​ចំនួន ១៦ ​ជា​សមាជិក ដែល​រួមមាន​ក្រុមហ៊ុន​មូល​ប​ត្រ​ចំនួន ១៣ និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ និង​វិនិយោគ​ចំនួន ៣​។​

​លោក​បញ្ជាក់ថា ទីផ្សារ​មូល​ប​ត្រ​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​។ ក្រុមហ៊ុន​អាច​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​មួយ​នេះ ដើម្បី​វិនិយោគ​លើ​អាជីវកម្ម ការបង្កើត​ការងារ និង​រួមគ្នា​រក្សា​សេដ្ឋកិច្ច​ឱ្យ​រីកចម្រើន​។​

​លោក ស៊ូ សុជាតិ អគ្គនាយក SERC​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា រយៈពេល​ជាង ១​ ទសវត្សរ៍​កន្លងមក​នេះ គ្រប់ភាគី​ពាក់ព័ន្ធ​បានចាប់ផ្តើម​ជាមួយគ្នា ដោយ​រៀន​បណ្តើរ ធ្វើ​បណ្តើរ ចេញពី​ចំណុចសូន្យ រហូតដល់​ពេលនេះ​ផ្សា​រមូល​ប​ត្រ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន ២១ បោះផ្សាយ​លក់​មូល​ប​ត្រ និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​ក្រុមហ៊ុន​ទាំងនេះ​បាន​ប្រមូលប្រាក់​ប្រមាណ ៣៤៧,១៨ ​លាន​ដុល្លារ​។​

​លោក​ថ្លែងថា​៖ «​នេះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ដែល​ថ្វីដ្បិតតែ​ប្រទេស​យើង​ចាប់ផ្តើម​ទីផ្សារ​ក្រោយ​គេ ទំហំ​ទីផ្សារ​នៅ​តូច តែ​ការអនុវត្ត និង​ការអភិវឌ្ឍ​ទីផ្សារ​គឺ​ស្រប​នឹង​និន្នាការ​តំបន់ និង​សកល​»​។​

​យោងតាម​លោក សុជាតិ គិត​មកដល់​ថ្ងៃទី​ ១៩ ខែធ្នូ SERC បានផ្តល់​អាជ្ញា​បណ្ណ ការអនុញ្ញាត និង​ការទទួលស្គាល់​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវា​ក្នុង​វិស័យ​មូល​ប​ត្រ ចំនួន ១២០ ដែល​ក្នុងនោះ ក៏បានផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​មូល​ប​ត្រ​ចំនួន ១៣, ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ  ៤, ក្រុមហ៊ុន​ទីប្រឹក្សា​វិនិយោគ ២, ក្រុមហ៊ុន​ចែកចាយ​លក់​មូល​ប​ត្រ ៣, ក្រុមហ៊ុន​សម​​ភាគី​កណ្តាល ៥, ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ២២, ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ១៦, ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស ៨, ក្រុមហ៊ុន​ចែកចាយ​លក់​-​ទិញ​ត្រឡប់មកវិញ ឬ​ទូទាត់​សង ៤, និង​ក្រុមហ៊ុន​អភិបាល​មូលនិធិ​ចំនួន ៣, និង​បានផ្តល់​អនុញ្ញាត និង​ការទទួលស្គាល់​ដល់​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​។ គិត​ត្រឹម​ថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ ​២០២៣ SERC បានផ្តល់​លេខ​អត្ត​​សញ្ញាណ​វិនិយោគិន​សរុប​ ៤៥.៨៧០៕