ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ធនាគារពិភពលោកដើម្បីជំរុញហិរញ្ញប្បទានបៃតង ដែលជាវិធានការមួយដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងបង្កើតបរិយាកាសអំណោយផលនៅក្នុងប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើងបន្ទាប់ពីស្ថាប័នទាំង ២ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការកាលពីថ្ងៃទី ១៩ ខែធ្នូ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងដែលមិនប៉ះពាល់ដល់អាកាសធាតុ។
បច្ចុប្បន្នមានកត្តាមួយចំនួនដែលរារាំងសក្តានុពលហិរញ្ញប្បទានបៃតងរបស់កម្ពុជា មានដូចជា កង្វះការណែនាំពីចរិតលក្ខណៈនៃហិរញ្ញប្បទានបៃតង និងកង្វះខាតគោលនយោបាយបៃតងដើម្បីជំរុញការច្នៃប្រឌិត ការណែនាំ និងការអនុវត្តហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ នេះបើយោងតាម NBC។
កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិតាមរយៈការបង្កើតប្រព័ន្ធវត្តិករសាស្ត្រហិរញ្ញវត្ថុជាតិ (National Taxonomy) ស្របតាមឧត្តមានុវត្តន៍អន្តរជាតិដែលនឹងជួយកំណត់ទ្រព្យសកម្ម ដែល មានចរិតលក្ខណៈជាការវិនិយោគបៃតង។
លើសពីនេះកិច្ចសហប្រតិបត្តិការនេះនឹងជួយបង្កើនសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងរៀបចំគោលការណ៍ណែនាំពាក់ព័ន្ធ ដូចជាការរាយការណ៍ និងស្តង់ដាការបង្ហាញព័ត៌មានទាក់ទងការផ្តល់ឥណទានបៃតង និងគម្រោងហិរញ្ញប្បទាននានាពាក់ព័ន្ធនឹងហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខានេះថា វិស័យហិរញ្ញវត្ថុបានដើរតួនាទីស្នូលយ៉ាងសំខាន់នៅក្នុងការជំរុញការបញ្ចេញដើមទុនសម្រាប់គម្រោងដែលមិនមានផលប៉ះពាល់អាកាសធាតុ ប៉ុន្តែការណ៍នេះតម្រូវឱ្យមានគោលនយោបាយសមស្រប និងបង្កើតបរិយាកាសអំណោយផល។
លោកថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជាប្តេជ្ញារៀបចំអភិវឌ្ឍន៍ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុបៃតងមួយដ៏រឹងមាំ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលគាំទ្រការបញ្ជូន និងជំរុញការវិនិយោគគម្រោងបៃតងក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់មហិច្ឆតាពាក់ព័ន្ធនឹងអាកាសធាតុរបស់រដ្ឋាភិបាល ដូចមានចែងក្នុងរបាយការណ៍ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោក ASAD YAQUB ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះចូលរួមគាំទ្រដល់មហិច្ឆតាពាក់ព័ន្ធនឹងអាកាសធាតុរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងជំរុញទីផ្សារហិរញ្ញប្បទានបៃតងមួយដ៏រឹងមាំ។
លោកថ្លែងថា៖ «ក្នុងនាមជាអ្នកនាំមុខផ្នែកហិរញ្ញប្បទានបៃតងសកល សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានជំហរពិសេសក្នុងការជួយប្រជាជាតិកម្ពុជាកៀរគរហិរញ្ញប្បទានសម្រាប់សកម្មភាពទប់ទល់នៃបម្រែបម្រួលអាកាសធាតុដើម្បីរួមចំណែកក្នុងផែនការពង្រីកកំណើនបរិយាបន្នបៃតងដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត»។
ដោយមានការគាំទ្រពីគម្រោងសម្រាប់សេវាប្រឹក្សាការវិនិយោគបម្រែបម្រួលបរិយាកាស (FIAS) គម្រោងនេះ មានរយៈពេល ៣ ឆ្នាំ ហើយប្រព័ន្ធវត្តិករសាស្ត្រហិរញ្ញវត្ថុជាតិ ត្រូវរំពឹងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៥។ នេះបើយោងតាម IFC។
កាលពីថ្ងៃទី ៨ ខែធ្នូ NBC និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) ក៏បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើមនេះស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រដ្ឋាភិបាល។ នេះបើយោងតាមស្ថាប័នទាំង ២៕