ភ្នំពេញៈ ការប្រមូលចំណូលពន្ធផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ សម្រេចបានជាង ៣,៣ ពាន់លានដុល្លារ ស្មើនឹងជិត ៩៤ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួនជាង ៣,២ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធដារប្រចាំខែវិច្ឆិកា របស់ GDT បានបង្ហាញថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានសរុប ៣ ៣៤៧,១៨ លានដុល្លារ (ចំនួន ១៣ ៥៥៦,០៦ ពាន់លានរៀល) ដែលស្មើនឹង ៩៣,៧១ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ចំនួនប្រាក់ដែលប្រមូលបាននេះបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺកើន ៤,១ ៤ភាគរយពីចំនួន ៣ ២១៤,០៦ លានដុល្លារ។
GDT ឱ្យដឹងទៀតថា សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៣ ការប្រមូលចំណូលសម្រេចបាន ២៨០,១៤ លានដុល្លារ (១ ១៣៤,៥៨ ពាន់លានរៀល) ស្មើ ៧,៨៤ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ ២០២៣។
ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារត្រូវខិតខំពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់លើវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនផ្នែកឯកជននាពេលកន្លងមក ពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញកាលពីជំនួបក្នុងវេទិការដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។
លោកបន្តទៀតថា ជាមួយគ្នានេះក៏ត្រូវបន្តពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ថែមទៀតតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រីដែលបានដាក់ចេញកន្លងមក។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការពង្រឹងការអនុវត្តច្បាប់ ការធ្វើកំណែទម្រង់លើនីតិវិធីបង់ពន្ធ និងការយល់ដឹងពីសំណាក់អ្នកជាប់កាតព្វកិច្ចពន្ធ បានជួយឱ្យការប្រមូលចំណូលពន្ធរបស់រាជរដ្ឋាភិបាលកាន់តែមានភាពល្អប្រសើរ។ នៅពេលរដ្ឋាភិបាលមានចំណូលច្រើនវានឹងជួយឱ្យរដ្ឋាភិបាលអភិវឌ្ឍប្រទេសបានលឿន។
លោកនិយាយថា៖ «ចំណូលពន្ធគឺមានភាពចាំបាច់សម្រាប់រដ្ឋាភិបាលប្រទេសនីមួយៗ។ ការប្រមូលចំណូលពន្ធបានទៅតាមផែនការកំណត់ក្នុងអំឡុងពេលសេដ្ឋកិច្ចសកលកំពុងជួបបញ្ហា គឺជាការល្អណាស់»។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ថា ការសម្រួលនីតិវិធីបង់ពន្ធដែលអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ បានរួមចំណែកយ៉ាងច្រើនក្នុងការជួយឱ្យការប្រមូលពន្ធរបស់រដ្ឋាភិបាលបានកាន់តែច្រើន និងមានប្រសិទ្ធភាពជាងមុន។ ចំណូលពន្ធដារ នឹងមានកាន់តែច្រើននៅពេលសេដ្ឋកិច្ចល្អប្រសើរ។
លោកថ្លែងថា៖ «បច្ចេកវិទ្យាបានក្លាយជាចំណែកសំខាន់សម្រាប់ការទូទាត់ថ្លៃទំនិញ និងការបង់ពន្ធគ្រប់ប្រភេទ»។ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ កំណត់ឱ្យ GDT ប្រមូលចំណូលឱ្យបាន ៣ ៥៧១,៥៤ លានដុល្លារ៕