ភ្នំពេញៈ ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរីបាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៥,៣​ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២៣ និង ៦,២ ​ភាគរយ​ នា​ឆ្នាំ​ ២០២៤ ដោយ​បន្ត​ការ​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​នៃ​សកម្មភាព​សេដ្ឋកិច្ច ខណៈ​សេដ្ឋកិច្ច​រក្សាបាន​នូវ​ភាព​ធន់ ដែល​បាន​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេស​ចរណ៍ ការកើនឡើង​នៃ​ការប្រើ​​ប្រាស់​នៅក្នុង​ស្រុក ការកើនឡើង​វិស័យ​ផលិតកម្ម​មិនមែន​កាត់​ដេរ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ​(FDIs) និង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ការ​ព្យាករ​របស់ AMRO ស្របគ្នា​នឹង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ នា​ខែតុលា ដែល​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​ក្នុង​រង្វង់ ៥,៣ ​ភាគរយ​នៅ​ឆ្នាំ ​២០២៣ និង ៦,០ ​ភាគ​​រយ​នៅ​ឆ្នាំ​ ២០២៤​។​

AMRO បានឱ្យដឹង​ក្នុង​ចក្ខុវិស័យ​ចុងក្រោយ​សម្រាប់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​ថា​៖ «​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​ដ៏​រឹងមាំ អាច​ត្រូវបាន​រារាំង​ដោយ​ហា​និ​ភ័យ​ខាងក្រៅ​ក្នុង​រយៈពេល​ខ្លី និង​ភាព​ងាយ​រងគ្រោះ​ក្នុងស្រុក​។ ការស្តារ​រូបិយ​​វត្ថុ និង​ទ្រនាប់​សារពើពន្ធ​ក្រោយ​ការរីក​រាលដាល​កូ​វីដ​ ១៩ គឺមាន​សារៈសំខាន់​ក្នុងការ​រក្សា​កំណើន​ប្រកបដោយ​ភាព​ធន់ និង​និរន្តរភាព​។ រដ្ឋាភិបាល​គួរតែ​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ និង​ផ្តោតលើ​ការកែទម្រង់​រចនាសម្ព័ន្ធ​»​។​

AMRO ឱ្យដឹងទៀតថា ឧស្សាហកម្ម​កាត់ដេរ​នៅតែ​ទន់ខ្សោយ ដោយសារតែ​តម្រូវការ​របស់​អាមេរិក និង​អឺរ៉ុប​បន្ត​ធ្លាក់ចុះ ខណៈ​វិស័យ​អចលនទ្រព្យ​កំពុង​ធ្លាក់ចុះ​ក្នុង​រយៈពេល​មួយ​ដោយសារតែ​ការផ្គត់ផ្គង់​លើស​តម្រូវការ​។ ចំពោះ​អតិ​​ផ​រណាស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ ​(CPI) បាន​បន្ត​ធ្លាក់ចុះ​នៅក្នុង​ឆមាស​ទី ​១​ ឆ្នាំ​ ២០២៣ ជា​មធ្យម ១,២​ ភាគរយ ដោយសារ​ការធ្លាក់ចុះ​តម្លៃ​ប្រេង និង​តម្លៃ​អាហារ​ពិភពលោក​។​

AMRO បញ្ជាក់ថា​៖ «​ទោះ​យ៉ាងនេះ​ក្តី អតិផរណា​បានចាប់ផ្តើម​កើនឡើង​ចាប់ពី​ខែកក្កដា​ឆ្នាំ​ ២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​ផលប៉ះពាល់​ជា​មូលដ្ឋាន ក៏ដូចជា​ការ​កើនឡើង​នៃ​តម្លៃ​អង្ក​រលើ​ពិភពលោក​។ សម្រាប់​ឆ្នាំ​ ២០២៣ ទាំងមូល​អតិផរណា ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​ ២,៦ ​ភាគរយ មុនពេល​កើន​ដល់ ៣,១ ​ភាគ​​រយ​នៅ​ឆ្នាំ ​២០២៤ ស្របពេល​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​កាន់តែ​រឹងមាំ​»​។​

AMRO បន្តថា សម្រាប់​គណនី​ចរន្ត​បាន​ប្រែ​ទៅជា​អតិរេក ១,៧ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆមាស​ទី១ ឆ្នាំ​ ២០២៣ ពី​ឱនភាព​ចំនួន ២៥,៧ ភាគរយ​កាលពី​ឆ្នាំ​ ២០២២ បន្ទាប់ពី​ការបញ្ឈប់​ភ្លាមៗ​នៃ​ការនាំ​ចូល​មាស លំហូរ​ចូល​កាន់តែ​រឹងមាំ​ផ្នែក​ប្រាក់​ផ្ញើ​ទៅ​ស្រុក និង​ការ​ងើបឡើង​នៃ​វិស័យ​ទេសចរណ៍​។​

​ទោះបី​មានការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​សកល​ក៏​លំហូរ FDI នៅតែមាន​ភាព​ធន់​ក្នុង​ចំនួន ១៤,១ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣​។​

​បើតាម AMRO ហានិភ័យ​ខាងក្រៅ​ក្នុង​រយៈពេល​ខ្លី​បណ្ដាលមកពី​ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន ដែលជា​ប្រទេស​រួមចំណែក​ឈានមុខ​គេ​ដល់​ការវិនិយោគ​ផ្ទាល់​បរទេស ​(FDI) នៅ​ប្រទេស​កម្ពុជា និង​ជា​ប្រភព​ទេសចរណ៍​ដ៏​សំខាន់ ក៏ដូចជា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ដៃគូ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា​ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប​។​

AMRO លើកឡើង​ទៀតថា​៖ «​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី ការប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​កំណែទម្រង់​រចនាសម្ព័ន្ធ​នៅតែមាន​សារៈសំខាន់ ក្នុង​ការរក្សា​និរន្តរភាព​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​។ ការប្តេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​វិធានការ​ណ៍​បម្រែបម្រួល​អាកាសធាតុ​ដ៏​ទូលំ​ទូ​​លាយ និង​ការទទួលយក​បច្ចេកវិទ្យា​ថ្មីៗ នឹង​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋ​​កិច្ច​បៃតង និង​ឌីជីថល​»៕