ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសឱ្យម្ចាស់នាវាដឹកទំនិញ និងនាវានេសាទដែលមានកម្លាំងម៉ាស៊ីនលើសពី ៩០ សេះទាំងអស់ អាចមកចុះបញ្ជី និងសុំលិខិតអនុញ្ញាតអាជីវកម្មនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូននៅតាមខេត្តឆ្នេរសមុទ្រ។ ការចុះបញ្ជីនាវាទាំងនេះ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពនៃការដឹកជញ្ជូន ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
យោងលិខិតរបស់លោក ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ ដែលទទួលបានកាលពីថ្ងៃទី ២០ ខែធ្នូ បានឱ្យដឹងថា ម្ចាស់នាវាដឹកទំនិញដែលមានចំណុះផ្ទុកលើសពី ៤០ តោន ដល់ ១៥០ តោន និងនាវានេសាទដែលមានកម្លាំងម៉ាស៊ីនលើសពី ៩០ សេះដល់ ២៥០ សេះទាំងអស់ អាចមកចុះបញ្ជីនាវារបស់ខ្លួន នៅតាមមន្ទីរសាធារណការខេត្តជាប់ឆ្នេរសមុទ្ររួមមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប។
ប្រភពដដែលបញ្ជាក់ថា៖ «ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រគល់ភារកិច្ច និងការទទួលខុសត្រូវលើសេវាសាធារណៈនេះទៅឱ្យមន្ទីរសាធារណការខេត្តឆ្នេរសមុទ្រ ដើម្បីធ្វើការចុះបញ្ជីសេវាត្រួតពិនិត្យបច្ចេកទេស និងផ្តល់លិខិតអនុញ្ញាតអាជីវកម្មដល់នាវាដឹកទំនិញ និងនាវានេសាទរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងដែនខេត្តរបស់ខ្លួន»។
បើតាមលោក ម៉ក់ ស៊ីដេត ក្រៅពីការចុះបញ្ជី និងផ្ដល់លិខិតអនុញ្ញាតអាជីវកម្ម មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ត្រូវមានតួនាទី គ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងឃ្លាំមើលសកម្មភាពនាវាចរណ៍នៅក្នុងដែនខេត្តសាមីរបស់ខ្លួនផងដែរ។
អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានថ្លែងប្រាប់ឱ្យដឹងថា នៅក្នុងខេត្តមានឆ្នេរសមុទ្រទាំង ៤ របស់កម្ពុជា មាននាវាសរុបចំនួន ៨ ០៩៤ គ្រឿង ក្នុងនោះមាននាវាដឹកទំនិញចំនួន ៣៧០ គ្រឿង នាវាដឹកអ្នកដំណើរ ១៣៣ គ្រឿង និងនាវានេសាទ ៧ ៥៩១ គ្រឿង។
គិតមកដល់ពេលនេះ មាននាវាចុះបញ្ជីសរុបចំនួន ២ ១២០ គ្រឿង ក្នុងនោះមាននាវានេសាទ ១ ៤៤១ គ្រឿង នាវាដឹកទំនិញ ៤២០ គ្រឿង និងនាវាដឹកអ្នកដំណើរ ២៥៩ គ្រឿង។
លោកបញ្ជាក់ថា៖ «ការចុះបញ្ជី និងការផ្តល់លិខិតអនុញ្ញាតអាជីវកម្មនាវាទាំងនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាប្រសិទ្ធភាពក្នុងការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងនាវា គ្រប់គ្រងនាវិក ជាពិសេសតាមដានត្រួតពិនិត្យទំនិញលើនាវាផងដែរ»។
ក្រៅពីនេះ ការងារចុះបញ្ជីនាវាទាំងនេះ ក៏ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពនៃការដឹកជញ្ជូន កាត់បន្ថយការបំពុលបរិស្ថានសមុទ្រ ហើយនិងការជំរុញការអភិវឌ្ឍវិស័យនាវាចរណ៍កម្ពុជាជាដើម។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា គោលដៅនៃការរៀបចំបែបនេះ ដើម្បីងាយស្រួលគ្រប់គ្រងទូកនេសាទរបស់កម្ពុជាថា តើមានចំនួនជាក់លាក់ប៉ុន្មានដែលកំពុងធ្វើការនេសាទនៅដែនសមុទ្ររបស់ខ្លួន ជាពិសេសវាងាយស្រួលក្នុងការបែងចែកកុំឱ្យច្រឡំជាមួយទូកនេសាទរបស់បរទេស ដែលមានបំណងមកធ្វើការនេសាទក្នុងដែនសមុទ្ររបស់កម្ពុជា។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំមើលឃើញថា គោលដៅនៃការចុះបញ្ជីនេះ គឺវាធានាបានសុខសន្តិភាពផង សុវត្ថិភាពផង រួមទាំងគ្រប់គ្រងចំនួន និងបរិមាណទូកនេសាទរបស់កម្ពុជាយើង»។
លោកបន្ថែមថា នៅពេលដែលកម្ពុជាគ្រប់គ្រងនាវានេសាទបានហើយ វានឹងឈានដល់ការកំណត់បរិមាណនៃការនេសាទ ឬក៏ការបង់ពន្ធជាដើម ដែលរួមចំណែកជួយដល់សង្គមជាតិតាមរយៈការប្រមូលផលជលផលនៅក្នុងដែនសមុទ្រ។
ចំណែកលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងកន្លងមកថា រដ្ឋបាលខេត្តក៏បានធ្វើយុទ្ធនាការឱ្យអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន ដើម្បីទទួលបានការបញ្ចុះតម្លៃលើការបង់សេវាចំនួន ៥០ ភាគរយ ដែលគិតត្រឹមដើមខែធ្នូ ឆ្នាំ ២០២៣ នេះ។ ទាំងមុនយុទ្ធនាការ និងអំឡុងធ្វើយុទ្ធនាការ មានអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយាន បានចំនួនជាង ៨០០ ទូក ក្នុងចំណោមទូកនេសាទសរុបជាង ២ ០០០ គ្រឿង នៅទូទាំងខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា៖ «ប្រជានេសាទ ដែលមកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន នឹងទទួលផលប្រយោជន៍ដូចជា ការប្រកបមុខរបរនេសាទរបស់ខ្លួននឹងមានភាពត្រឹមត្រូវតាមច្បាប់ ងាយស្រួលរកទីផ្សារ ហើយផលនេសាទអាចនាំចេញទៅក្រៅប្រទេសជាដើម»៕