​ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ ​(Green SEZ) ដែលមាន​ទុន​​វិនិយោគ​ចន្លោះ​ពី ៤០០-៨០០​ លាន​ដុល្លារ អាច​នឹងមាន​វត្ត​​មាននៅ​ក្នុង​ទឹកដី​ខេត្តកោះកុង​នា​ឆ្នាំ​ ២០២៤ ខាងមុខ ខណៈ​បច្ចុប្បន្ន​អាជ្ញាធរ​ថ្នាក់ជាតិ និង​ខេត្ត​កំពុង​ស្វែងរក​ទីតាំង​សក្តា​នុព​ល​មាន​ទំហំ​ចាប់ពី ៣០០ ​ហិកតា​ឡើងទៅ​ដើម្បី​អភិវឌ្ឍ​គម្រោង​នេះ​។​នេះ​បើ​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្ដ​កោះកុង​។​

​ផែនការ​នេះ​ត្រូវបាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ ដោយមាន​ការចូលរួម​ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC), តំណាង​ស្ថានទូត​អង់​គ្លេ​ស​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះ​តំណាង CDC បាន​លើកឡើងថា គម្រោង Green SEZ គឺជា​ការបង្កើត​មជ្ឈមណ្ឌល​ផលិត​ទំនិញ​នាំចេញ​បែប​បៃតង ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​គោលដៅ​ជំ​រុញឱ្យ​កម្ពុជា​ចាប់យក​កាលានុវត្តភាព​ថ្មី​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​បៃតង​នៃ​ទីផ្សារ​សកល ដើម្បី​អាច​ទាក់ទាញ​វិ​និ​យោ​គិ​ន​ធំៗ​ពី​បរទេស និង​គាំទ្រ​ទៅដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​។

សារៈ​សំខាន់​នៃ​សមាសធាតុ​បៃតង គឺ​ការ​​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ការគ្រប់គ្រង​សំណល់​ដោយ​ចីរភាព និង​ការគិតគូរ​ផ្នែក​បរិស្ថាន​ចំពោះ​វិស័យ​សំខាន់ៗ​រួមមាន​ឧស្សាហកម្ម​យានយន្ត គ្រឿង​អេឡិចត្រូនិក និង​វាយ​ន​ភណ្ឌ​។​

​សម្រាប់​មូលហេតុ​នៃ​ការជ្រើសរើស​យក​ខេត្តកោះកុង​សម្រាប់​បង្កើត​គម្រោង​នេះ គឺ​ដោយសារ​ខេត្តកោះកុង​មាន​ដី​ទំនេរ​ច្រើន​លើសពី ៣០០​ ហិកតា ដែល​ស័ក្តិសម​សម្រាប់​ការ​​អភិវឌ្ឍ​រយៈពេល​វែង និង​មាន​ច្រក​ព្រំដែន​ជាប់​ប្រទេស​ថៃ និង​ជាប់​ឈូង​សមុទ្រ​ថៃ ដែល​អាច​ទាញយក​ប្រ​យោជន៍​ផ្នែក​ពាណិជ្ជកម្ម​ពី​តំបន់​នេះ និង​បង្កើត​ភាព​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​។​

​ភ្នំពេញ ​ប៉ុស្តិ៍ ​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​បើតាម​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង លោក មុំ ម៉ា​លីកា ខេត្តកោះកុង គឺជា​ទីតាំង​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ ម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម រមណីយដ្ឋាន​ទេសចរណ៍ ជាដើម​។​

​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Sam SN Realty លោក សំ​ សុខ​នឿន ដែល​កំពុងមាន​ផែនការ​វិនិយោគ​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច នា​រយៈពេល ២-៣​ ឆ្នាំ​ខាងមុខ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២១ ខែធ្នូថា តំបន់​សេដ្ឋកិច្ច​ពិសេស កំពុង​ក្លាយជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ឱ្យ​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ព្រោះ​ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺមាន​ភាពងាយស្រួល​ច្រើន​ទាំង​ការរៀបចំ​ឯកសារ​នាំចេញ​-​នាំចូល​ទំនិញ និង​នីតិវិធី​បង់ពន្ធ​ជាដើម​។​

​លោក​បន្តថា តំបន់​សេដ្ឋកិច្ច គឺ​មិន​ត្រឹមតែ​បង្ក​ភាពងាយស្រួល​សម្រាប់​វិនិយោគិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ការ​ងារ​កាន់តែច្រើន និង​ប្រាក់ចំណូល​ដល់​គ្រួសារ និង​ប្រទេសជាតិ​ផងដែរ​។​

​លោក​ប្រាប់ទៀតថា ខេត្តកោះកុង គឺជា​កន្លែង​ដ៏​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​ងាយស្រួល​សម្រាប់​ការនាំ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​លោក​បាន​ថ្លែងថា​៖ «​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​យុទ្ធ​សាស្ត្រ​ដ៏​មាន​សក្តានុពល​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ជាក់​ស្តែង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ជប៉ុន​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ សម្តេច​ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ជប៉ុន​ចូលមក​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឱ្យបាន​កាន់តែច្រើន​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា នៅពេល​មានការ​វិនិយោគ​ក្នុងស្រុក​កាន់តែច្រើន វា​នឹង​ជួយ​ជំរុញ​សមត្ថភាព​ផលិត​ក្នុងស្រុក​កាន់តែខ្លាំង ដើម្បី​ជំរុញ​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល​។​

​អគ្គលេខាធិការរង CDC លោក ជា វុទ្ធី ពេល​ថ្មីៗ​នេះ​បាន​និយាយថា ចាប់​​តាំងពី​រដ្ឋាភិបាល​កម្ពុ​ជា​ផ្តួចផ្តើម​ឱ្យមាន​ការតាក់តែង​បទ​ប្បញ្ញត្តិ និង​ច្បាប់​តាំងពី​ឆ្នាំ​ ២០០៥  មក គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន ២៤​។ លោក​បន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា ការធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ទុនវិនិយោគ​ពី​ប្រទេស​នានា​។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បើ​គិត​ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​ដំណាច់​ឆមាស​ទី១ ឆ្នាំ ​២០២៣ នៅ​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុងដំណើរការ​ចំនួន ២៤ ក្រោម​ទុនវិនិយោគ​ប្រមាណ ៨,១ ​ពាន់​លាន​ដុល្លារ ហើយ​ភាគច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើដំណើរ វិស័យ​គ្រឿង​បង្គុំ​រថយន្ត គ្រឿង​អេឡិចត្រូនិក រោងចក្រ​ផលិត​សម្បក​កង់ ឧស្សាហកម្ម​ដំឡើងរថយន្ត និង​កង់​។

នៅក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ គឺមាន​រោងចក្រ​/​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​រហូតដល់ ៦៥៥ ​គម្រោង ដែល​ស្មើ​ទុនវិនិយោគ​ប្រមាណ ៨,១ ​ពាន់​លាន​ដុល្លារ​៕