លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែធ្នូនេះ បានប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២ គ្រឿង ដោយលោកអះអាងថា ការពង្រីកសក្តានុពលទាំងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូន។ គម្រោងនេះសាងសង់ឡើងក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។
នាពិធីសម្ពោធនោះលោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រីកសក្តានុពលនេះ នឹងបន្ថែមកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា និងបង្កើនឱកាសការងារក៏ដូចជាចំណូលបន្ថែមទៅដល់កម្មករនិយោជក ក៏ដូចជាបុគ្គលិកទាំងអស់នៅកំពង់ផែស្វយ័ត ដែលនេះគឺជាផលដែលយើងចង់បាន។
លោកថ្លែងថា៖«ផលដែលយើងបានមកដើម្បីចែករំលែកទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលដែលកំពង់ផែដំណើរការ វាជាកន្លែងភ្ជាប់មួយដង្ហើមនៃពាណិជ្ជកម្មក្នុង និងក្រៅប្រទេស នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាខេត្តផ្សេងៗទៀត ការដឹកជញ្ជូនផ្សេងៗទៀត គ្រប់វិស័យទាំងអស់ នឹងរីកចម្រើនផងដែរ»។ លោកបានរំពឹងថា តាមរយៈចំណតផែថ្មីនេះ នឹងបង្កើនការវិនិយោគិនពីក្រៅប្រទេសលើវិស័យកសិកម្ម និងវិស័យផ្សេងទៀត ដោយសារការដឹកជញ្ជូននឹងមានតម្លៃទាប។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានថ្លែងឱ្យដឹងថា ពិធីបើកការដ្ឋានដែលកំពុងប្រារព្ធឡើងនាពេលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែកម្ពុជា បើនិយាយជារួម និងការអភិវឌ្ឍពង្រីកសមត្ថភាពរបស់កំពុងផែស្វយ័តក្រុងព្រះសីហនុ។ លោកបន្តថា ការរួមចំណែកនេះក៏មិនអាចខ្វះបានពីប្រទេសជប៉ុន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា ដែលជានិច្ចកាល កម្ពុជាបានចាត់ទុកជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូយុទ្ធសាស្ត្រដែលបានជួយដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់លើការអភិវឌ្ឍវិស័យជាច្រើន។
លោកថា៖«ក្នុងនោះរួមមានផងដែរ នូវវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន វិស័យកំពង់ផែ ជាពិសេសការអភិវឌ្ឍនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះតែម្តង មានជាអាទិ៍ដូចជា ការសាងសង់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ, ការអភិវឌ្ឍសមត្ថភាពនៃការគ្រប់គ្រង និងប្រតិបត្តិការចំណតផែ, ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ, ការសាង សង់ឃ្លាំងស្តុកទំនិញកុងតឺន័រ, ការធ្វើឱ្យប្រសើរឡើងសមត្ថភាពរដ្ឋបាលកំពង់ផែ, ការសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំផែនការមេកំពង់ផែ និងការផ្គត់ផ្គង់ឧបករណ៍គ្រឿងចក្រលើកដាក់នៅកំពង់ផែជាដើម»។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក គាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បើយើងពិនិត្យមើលអំពីបរិមាណ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូល របស់ជាតិមានការកើនឡើងជាលំដាប់។
ជាក់ស្តែង នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណ ៧ លានតោន កើនឡើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥ លាន ដុល្លារ កើនឡើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។
បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ ម៉ឺន TEUs ដោយមានកំណើនជាមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ គិតចាប់ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០២២។ នេះបើតាមលោក ប៉េង ពោធិ៍នា បញ្ជាក់បន្ថែម។
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹកសាងសង់ -១៤,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ ម៉ឺនតោន ឬស្មើនឹង ៤ ពាន់ TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។
គម្រោងនេះក្រោមការសាងសង់របស់ក្រុមហ៊ុនជប៉ុន ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ ខែ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ២៤៣ លានដុល្លារ រួមបញ្ចូលទាំងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ។
ចំណែកគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២គ្រឿង ដែលជាប្រភេទរថយន្តស្ទូច មានសមត្ថភាពលើកដាក់ទំនិញបានរហូតដល់ ១០០ តោន។ គ្រឿងចក្រទាំង ២ គ្រឿងនេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនផ្តល់ជូនមករាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយបានចំណាយថវិកាសរុបប្រមាណ ១៣,៩ លានដុល្លារ៕