ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។
ពិធីប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងតំណាងពីក្រសួងទេសចរណ៍ ក្រុមហ៊ុន UPI និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផងដែរ។
នាពិធីដាក់ឱ្យដំណើរការនេះ លោកស្រី ជា សិរី បានថ្លែងថា ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។
លោកស្រីបានបន្តថា តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ ដូចគ្នានេះដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅ ប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជនដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងបណ្តាញទូទាត់ UnionPay នៅទូទាំងពិភពលោក ដោយគ្រាន់តែស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។
លោកស្រីបានគូសបញ្ជាក់ថា៖«សមិទ្ធផលថ្មីនេះក៏បានឆ្លុះបញ្ចាំងអំពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។ ធនាគារជាតិនៃកម្ពុជាប្តេជ្ញាពង្រឹងបន្ថែមទៀតនូវសុវត្ថិភាព សុវត្ថិភាព និងភាពងាយស្រួលនៃការទូទាត់ឆ្លងដែន»។
លោកស្រីបានបន្តទៀតថា ការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត គឺជាគោលបំណងចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់របៀបវារៈនៃការដាក់បញ្ចូលហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា និងលើកទឹកចិត្តបន្ថែមទៀតលើការទូទាត់តាមប្រព័ន្ធឌីជីថល។
ធនាគារជាតិនៃកម្ពុជា ក្នុងនាមជានិយ័តករ និងជាអ្នកត្រួតពិនិត្យ បានបង្កើតបទប្បញ្ញត្តិ ក្របខ័ណ្ឌគោលនយោបាយ និងវិធាន និងនីតិវិធី ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងគាំទ្រប្រព័ន្ធទូទាត់ ដោយបានបើកដំណើរការទំនាក់ទំនងការទូទាត់ឆ្លងប្រទេស ហើយបច្ចុប្បន្នកំពុងដំណើរការអនុវត្តគម្រោងទូទាត់ឆ្លងប្រទេសជាមួយដៃគូ និងប្រទេសក្នុងតំបន់ ដែលនាពេលបច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជាបានដំណើរការដោយជោគជ័យនូវការទូទាត់ QR code ឆ្លងប្រទេសជាមួយប្រទេសថៃ ឡាវ និងវៀតណាម៕