លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
យោងតាមបណ្តាញសង្គមតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត ដែលបានបង្ហោះសំណេរនៅថ្ងៃទី២៣ខែធ្នូនេះ បានលើកឡើងថា កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣,១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩,៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។
លោកបានអះអាងថា សម្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសម្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦,១១ លើ១០០។
លោកបានបញ្ជាក់ថា៖«លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ»។
«សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ»។
បើតាមរាជរដ្ឋាភិបាល ចំពោះវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖«ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ»។
នាជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគនិងកាលានុវត្តភាពវិនិយោគ ព្រមទាំងព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យយានយន្តនៅកម្ពុជាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានលើកឡើងអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
លោក សួន សុផល បានថ្លែងដូច្នេះថា៖«ខ្ញុំក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន»។
តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF បានបង្ហាញថា កម្ពុជាបានកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥,៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦,៦ភាគរយក្នុងឆ្នាំ២០២៤៕