លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ពិនិត្យលទ្ធភាពវិនិយោគលើគម្រោងសាកល្បងការចម្រាញ់ជីវៈថាមពល ចេញពីសម្បកគ្រាប់ស្វាយចន្ទីនៅកម្ពុជា បន្ទាប់ពីតំណាងវិទ្យាស្ថាននេះ បានលើកឡើងពីបច្ចេកវិទ្យាចម្រាញ់ជីវៈថាមពលចេញពីសម្បកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន។
ការស្នើនេះត្រូវបានលើកឡើងនាជំនួបពិភាក្សាការងាររវាង លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក ឆយ យុង ចាន់ អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចពិភាក្សានេះផ្តោតទៅលើបច្ចេកវិទ្យាចម្រាញ់ជីវៈថាមពលចេញពីសម្បកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន និងកែច្នៃអស់លទ្ធភាព ដែលជាបច្ចេកវិទ្យាថ្មីពិសោធន៍និងស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ។
លោក ឆយ យុង ចាន់ បានលើកឡើងថា ការងារពិសោធន៍លើការចម្រាញ់ថាមពលចេញពីគ្រាប់ស្វាយចន្ទីកម្ពុជា គឺទទួលបានលទ្ធផលល្អ។ លោកគូសបញ្ជាក់ថា៖«នេះជាកាលានុវត្តភាពធុរកិច្ចមួយសម្រាប់វិនិយោគិនកូរ៉េនិងកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគរួមគ្នា»។
ទោះជាយ៉ាងណាក៏ដោយ លោក លឹម ហេង បានស្នើពិនិត្យលទ្ធភាពវិនិយោគលើគម្រោងសាកល្បងមួយដោយមានការជួយគាំទ្រពីរដ្ឋាភិបាលកូរ៉េ និងស្ថាប័នពាក់ព័ន្ធ។
លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងនេះ ប្រាកដជាមានវិនិយោគិនច្រើនចាប់អារម្មណ៍ និងវិនិយោគក្នុងទំហំធំជាងមុន។ សភាពាណិជ្ជកម្ម នឹងបំពេញទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ដើម្បីស្វែងយល់បន្ថែមនិងពិភាក្សាកិច្ចសហប្រតិបត្តិការនាពេលអនាគត»។
ទាក់ទិនទៅនឹងការចម្រាញ់ជីវៈថាមពល ចេញពីសម្បកគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅក្នុងដំណើរដឹកនាំអ្នកសារព័ត៌មាន ទៅទស្សនកិច្ចសិក្សានៅខេត្តកំពង់ធំ កាលពីដើមខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ឱ្យដឹងថា ដំណាំស្វាយចន្ទី ជាដំណាំកសិ-ឧស្សាហកម្ម ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងលើសលប់ ក្រៅពីការកែច្នៃគ្រាប់ជាផលិតផលសម្រាប់ទទួលទានហើយ សម្បកគ្រាប់ស្វាយចន្ទី អាចចម្រាញ់ធ្វើជាថាមពលជីវៈម៉ាស និងអាចផលិតជាជី ប្រើប្រាស់សម្រាប់ដាំដុះដំណាំទៀតផង។
នាឱកាសនោះ លោក អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ នៅខេត្តកំពង់ធំបានប្រាប់ថា កន្លងទៅ វៀតណាម ក្រៅពីទិញគ្រាប់ឆៅពីកម្ពុជាហើយក៏បានប្រមូលទិញសម្បកគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីយកទៅកែច្នៃធ្វើជាជី។
លោកស្រីបានបន្ថែមថា សម្បកគ្រាប់ស្វាយចន្ទី គឺជាជីមួយប្រភេទ ដែលធ្វើឱ្យដីកាន់តែធូរ ជាពិសេសនៅពេលប្រើប្រាស់ជាមួយដំណាំស្វាយចន្ទី បានបង្កើនបរិមាណថាមពលដី នាំឱ្យដីកើតជាជន្លេនច្រើន និងចៀសវាងសត្វល្អិតចង្រៃបំផ្លាញផងដែរ។
លោកស្រីបានបញ្ជាក់ថា៖«កាលមុនយើងធ្លាប់លក់ឱ្យវៀតណាម តម្លៃ១២០ដុល្លារក្នុងមួយតោន។ ក្រោយមកក្រុមហ៊ុនវៀតណាមបញ្ចុះតម្លៃនៅសល់ត្រឹមមួយតោន ៤០ដុល្លារ ដូច្នេះយើងសម្រេចចិត្តថា មិនលក់ឱ្យវៀតណាមទេ។ហើយយើងកំពុងពិភាក្សាជាមួយដៃគូជប៉ុន ដើម្បីឱ្យគេបង្រៀនយើងពីបច្ចេកវិទ្យាកែច្នៃសម្បកគ្រាប់ស្វាយចន្ទីនេះ»។
សូមជម្រាបថា ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មដែលមានសក្ដានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់ និងសរីរាង្គតាមបែបប្រពៃណី។ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ បើប្រៀបធៀបជាមួយនឹងដំណាំផ្សេងទៀត ហើយដំណាំនេះត្រូវការទឹកតិចសម្រាប់ការលូតលាស់ ធន់នឹងភាពរាំងស្ងួត សមស្របទៅនឹងអាកាសធាតុ និងសណ្ឋានដីនៅប្រទេសកម្ពុជា។
បើតាមក្រសួងកសិកម្ម បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងកំពង់ឆ្នាំង។ តាមរយៈការវាយតម្លៃបានបង្ហាញថា ប្រទេសកម្ពុជាមាន លក្ខខណ្ឌដីសមស្របសម្រាប់ដំណាំស្វាយចន្ទីមានប្រមាណ ២,៣៨ លានហិកតា៕