ភ្នំពេញ: តំណាងវិស័យ ឯកជនមានសុទិដ្ឋិនិយមថា លំហូរនៃការវិនិយោគវិស័យ ទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិននឹងកាន់តែមានសម្ទុះខ្លាំងសម្រាប់ឆ្នាំខាងមុខនេះ បន្ទាប់ពីប្រទេសទាំង ២ បានដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ QR Code ឆ្លងព្រំដែនកាលពីពេលថ្មីៗនេះ។
ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ NBC និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI កាលពីថ្ងៃសុក្រ ទី ២២ ខែធ្នូកន្លងមកនេះ។
លោកស្រី ជា សិរី ទេសាភិបាល NBC បានថ្លែងក្នុងកម្មវិធីដាក់ឱ្យដំណើរការនោះថា បន្ទាប់ពី NBC និង UPI បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅដោយយល់ព្រមរួមគ្នាលើកកម្ពស់ QR ឆ្លងព្រំដែនអន្តរប្រតិបត្តិការកូដរវាងបណ្តាញរបស់ពួកគេ។
លោកស្រីបានថ្លែងថា៖ «ចាប់ពីថ្ងៃនេះតទៅ អ្នកកាន់ប័ណ្ណ UnionPay នឹងអាចប្រើកាបូបដែលបើក UnionPay របស់ពួកគេដូចជា កម្មវិធី UnionPay និងកម្មវិធីធនាគារពាណិជ្ជដែលត្រូវបានបើក សម្រាប់ការបង់ប្រាក់ UnionPay QR Code ដើម្បីស្កេន KHQR លេខកូដ ដើម្បីបញ្ចប់ប្រតិបត្តិការទូទាត់ ពាណិជ្ជករ ប្រមាណ ១.៨លាននាក់នៅកម្ពុជា។ លើសពីនេះ នៅដើមឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជានឹងអាចប្រើប្រាស់ កាបូបបាគង ដើម្បីធ្វើការទូទាត់នៅ UnionPay QR code ទទួលយកពាណិជ្ជករនៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោកធ្វើឱ្យបទពិសោធន៍នៃការបង់ប្រាក់តាមទូរស័ព្ទកាន់តែប្រសើរឡើង ក្នុងអំឡុង ពេលធ្វើដំណើរអន្តរជាតិ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការតភ្ជាប់នៃការប្រើប្រាស់ ការទូទាត់កូដ QR ឆ្លងដែននេះគឺពិតជាមានសារៈសំខាន់ណាស់ទាំងធុរជន អ្នកទេសចរ និងវិនិយោគិនរវាងប្រទេសទាំង ២ កាន់តែមានភាពងាយស្រួលក្នុងការទូទាត់ឬធ្វើពាណិជ្ជកម្មជាមួយគ្នា។
លោកបានថ្លែងថា៖«ស្របពេលដែលប្រទេសយើងទាំង ២ កំពុងតែអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការដាក់ឱ្យប្រើប្រាស់ការទូទាត់កូដ QR ឆ្លងដែននេះនឹងផ្តល់ភាពងាយស្រួលនិងទាក់ទាញមួយកម្រិតទៀត ដែលវាអាចជាកម្លាំង ចលករមួយក្នុងការស្រូបទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកកាន់កម្ពុជាកាន់ តែច្រើនបន្ថែមទៀត»។
លោក ធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ក៏យល់ឃើញថាភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជានឹងលែងខ្វល់ខ្វាយក្នុងការដាក់ប្រាក់តាមខ្លួននៅពេលដែលពួកគេមកទស្សនាកម្ពុជាបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ការទូទាត់កូដ QR ឆ្លងដែនរវាងប្រទេសទាំង ២។
លោកថា៖«យើងសាទរជាមួយនឹងការឱ្យដំណើរការទូទាត់កូដ QR ឆ្លងដែនរវាងប្រទេសយើងទាំង ២ ខណៈដែលរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ក្នុងការទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសយើងឱ្យកាន់តែបានច្រើនដូចកាលពីប៉ុន្មានឆ្នាំមុនវិបត្តិជំងឺកូវីដ ១៩ ដូច្នេះការទូទាត់តាម QR នេះនឹងកាន់តែផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទូទាត់នៅកម្ពុជាយើង»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៣ បានកើនដល់ជាង ១០ពាន់លានដុល្លារ កើនឡើងជិត ៥ភាគរយ៕