ភ្នំពេញ: យ៉ាងហោចណាស់មានរោងចក្រ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ៥៥ បានទទួលអត្ថប្រយោជន៍ ពីក្របខ័ណ្ឌឧស្សាហកម្មបៃតង ដែលបានអនុវត្តប្រកបដោយនិរន្តរភាព និងក៏បានចូលរួមក្នុងការលើកកម្ពស់ឧស្សាហកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ។
ក្របខ័ណ្ឌនេះ គឺជាការសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងបរិស្ថាន (MoE) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានអនុវត្តប្រកបដោយជោគជ័យនូវគម្រោងបរិស្ថាន ដែលហៅថា ការអភិវឌ្ឍកាបូនទាបសម្រាប់ផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរវិធីសាស្ត្របច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន (TEST) ក្នុងគោលបំណងដោះស្រាយបញ្ហាបំពុលបរិយាកាស និងលើកកម្ពស់ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ UNIDO កាលពីថ្ងៃទី ១៩ ខែធ្នូ។
លោក Rana Pratap SINGH អ្នកគ្រប់គ្រងគម្រោង UNIDO TEST បានឱ្យដឹងថា គម្រោងនេះបានគាំទ្រដល់រោងចក្រ និងសហគ្រាសធុនតូច និងមធ្យម (SMEs)ទទួលផលចំនួន ៥៥ និងផ្តល់ឱ្យពួកគេនូវក្របខ័ណ្ឌឧស្សាហកម្មបៃតងដែលធ្វើឱ្យការអនុវត្តប្រកបដោយនិរន្តរភាព និងអាចពង្រីកអាជីវកម្មខ្លួនបាន។
លោក Rana Pratap ថ្លែងថា៖ «តាមរយៈការធ្វើដូច្នេះ គម្រោងនេះបានរួមចំណែកដល់ការកែលម្អលក្ខខណ្ឌផលិតកម្មនៅតាមរោងចក្រ និងសហគ្រាសធុនតូច និងមធ្យម និងបានគាំទ្រដល់ការផ្លាស់ប្តូររបស់ពួកគេឆ្ពោះទៅរកឧស្សាហកម្មបៃតង។ ជាលទ្ធផល រោងចក្រ និងសហគ្រាសធុនតូច និងមធ្យមចំនួន ៥៥ អាចសន្សំធនធាន និងបង្កើនផលិតភាពពី ១០ ទៅ ២០ ភាគរយដែលនាំឱ្យមានការសន្សំប្រចាំឆ្នាំប្រមាណ ១០ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ។ លើសពីនេះ វាបានជួយសម្រួលដល់ការសម្រេចបានការវិនិយោគចំនួន ១០ លានដុល្លារ។ ភាពជោគជ័យនៃគម្រោង TEST គឺជាឧទាហរណ៍ជាក់ស្តែងនៃឧស្សាហកម្មបៃតងសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត»។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា គម្រោងនេះក៏បានផ្តល់អត្ថប្រយោជន៍ដល់កម្មករប្រមាណ ១៣ ម៉ឺននាក់ ក្នុងនោះជាង ៨០ ភាគរយជាស្ត្រីរោងចក្រ និងសហគ្រាសធុនតូច និងមធ្យមដែលទទួលផល តាមរយៈការជួយដល់រោងចក្រទាំងនេះ ក្នុងការសម្រេចបាននូវនិរន្តរភាព និងស្តង់ដាអនុលោមភាព។
គម្រោងនេះ បានកសាងសមត្ថភាពរបស់បុគ្គលិកសំខាន់ៗរបស់រោងចក្រ ធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុវត្ថិភាពរបស់កម្មករ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសហគមន៍ជុំវិញ និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតឆ្ពោះទៅរកសកម្មភាព និងការអនុវត្តបៃតង។
លោក ណារិន ថ្លែងថា៖ «គម្រោងនេះអាចរួមចំណែកដោយផ្ទាល់ដល់ការកាត់បន្ថយឧស្ម័នកាបូនិក (CO2) ជាមធ្យម ៤០ ០០០ តោនក្នុង ១ ឆ្នាំ ក្នុងអំឡុងពេលឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៨ ខណៈពេលដែលវាក៏រួមចំណែកដល់ការកាត់បន្ថយប្រកបដោយនិរន្តរភាពនៃការបញ្ចេញទឹកសំណល់ សំណល់រឹង និងការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ»។
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួង MISTI បានឱ្យដឹងថា ជាមួយនឹងភាពជោគជ័យនៃគម្រោង TEST នេះ លោកថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការសហការសម្រាប់ជំនួយបច្ចេកទេស GEF។
លោកលើកឡើងថា គម្រោង TEST បានជួយរោងចក្រ និងសហគ្រាសធុនតូច និងមធ្យមជាច្រើន ពង្រឹងប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត (RECP) ប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) និងគណនេយ្យគ្រប់គ្រងបរិស្ថាន (EMA) ការបង្កើនផលិតភាព ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការបង្កើនសមត្ថភាពប្រកួតប្រជែងនៃវិស័យផលិតកម្មសម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។
លោកបញ្ជាក់ថា៖ «យើងអាចពង្រីក និងលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តបន្ថែមទៀត ដូចដែលបានរៀបរាប់នៅក្នុងយុទ្ធនាការ ១០០ ថ្ងៃ ឆ្ពោះទៅរកវិស័យឧស្សាហកម្មបៃតង និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា»។
លោកក៏បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់ វិស័យសាធារណៈ និងឯកជន និងស្ថាប័នក្រោមឱវាទ MISTI ប្តេជ្ញា និងបន្តគាំទ្រដល់គំនិតផ្តួចផ្តើមខាងលើ ជាពិសេសក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ០០០ និងរោងចក្រចំនួន ២ ០០០។
លើសពីនេះ លោកថា ដើម្បីគាំទ្របន្ថែមទៀតជាមួយនឹងកម្រិត TEST កម្រិតខ្ពស់សម្រាប់ផលប៉ះពាល់កាន់តែធំនៅក្នុងឧស្សាហកម្មបៃតង ដូចជាគំនិតផ្តួចផ្តើមសួនឧស្សាហកម្មអេកូ (EIP) ដែលមានគោលដៅពង្រឹងនៅតាមតំបន់សេដ្ឋកិច្ចពិសេស (SEZs) ឬសួនឧស្សាហកម្ម (IP) នៅកម្ពុជាលោករដ្ឋមន្ត្រីបានបន្ថែមថា បន្ទាប់ពីគម្រោង TEST ទទួលបានលទ្ធផលជោគជ័យ៕