ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យសំដៅដល់ការផ្ដល់ ឬការប្រមូលដោយចេតនានូវទ្រព្យសម្បត្តិ មូលនិធិ ឬសេវាកម្មផ្សេងៗក្នុង គោលបំណងប្រើប្រាស់ ឬដោយដឹងថា ទ្រព្យសម្បត្តិមូលនិធិ ឬសេវានេះនឹងត្រូវបាន ឬអាចប្រើប្រាស់ទាំងមូល ឬមួយផ្នែកសម្រាប់គាំទ្រក្នុងការបង្កើតអាវុធផ្ទុះអាតូមិក ឬនុយក្លេរអ៊ែរ អាវុធសម្ភារវិទ្យុសកម្ម អាវុធគីមី និងអាវុធជីវសាស្ដ្រ ដែលអាចសម្លាប់ ឬបង្កមហន្ដរាយដល់មនុស្ស ឬសត្វពាហនៈ ព្រមទាំងអាវុធផ្សេងទៀត ដែលត្រូវបានផលិតនាពេលអនាគត ដែលមានលក្ខណៈបង្កនូវផលបំផ្លិចបំផ្លាញដូចនឹងគ្រាប់បែកអាតូមិក ឬនុយក្លែអ៊ែរ ឬអាវុធដទៃទៀត។
ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/ ០៦២០/០១៩ ចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ ដែលបែងចែកចេញជា៨ ជំពូកមាន ២៤ មាត្រា ដែលកំណត់អំពីនីតិវិធីការដាក់ឈ្មោះ ក្នុងបញ្ជីនិងការបង្កកទ្រព្យសម្បត្តិ ការស្នើសុំដកឈ្មោះចេញពីបញ្ជី និងការអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិការហាមឃាត់ និងកាតព្វកិច្ចការ រាយការណ៍ ការរឹបអូសទ្រព្យសម្បត្តិបង្កក និងយន្ដការគ្រប់គ្រងដើម្បីការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ការបង្កកទ្រព្យសម្បត្តិសំដៅដល់ការទប់ស្កាត់ ការលក់ ការផ្គត់ផ្គង់ ភតិសន្យា ការផ្ទេរ ការបំប្លែង ការធ្វើមត៌ក ឬអនុប្បទាន ការចល័ត ឬការប្រើប្រាស់ទ្រព្យ។ ការបង្កកទ្រព្យសម្បត្តិនេះ ត្រូវអនុវត្តទៅបានតាមសេចក្ដីសម្រេចចិត្តដាក់ឈ្មោះបុគ្គល ឬអង្គភាពក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ ឬគណៈកម្មាធិការនៃក្រុមប្រឹក្សានេះ ដែលសេចក្ដីសម្រេចចិត្តដាក់ឈ្មោះបុគ្គល ឬអង្គភាពត្រូវបញ្ជូនមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ហើយត្រូវបញ្ជូនដោយគ្មានបង្អង់នូវសេចក្ដីសម្រេចចិត្តដាក់ឈ្មោះបុគ្គល ឬអង្គភាពជាប់ក្នុងបញ្ជីទៅក្រសួង យុត្តិធម៌ ហើយក្រសួងយុត្តិធម៌ត្រូវចាត់បញ្ជូនឯកសារទាំងនោះទៅតុលាការដោយគ្មានបង្អង់ (ដូចមានតារាងភ្ជាប់មកជាមួយ)។
ការស្នើសុំសេចក្ដីសម្រេចបង្កកទ្រព្យសម្បត្តិ មានដូចខាងក្រោម៖ក.ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយបុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជី ទោះមួយផ្នែក ឬទាំងស្រុង ដោយផ្ទាល់ ឬដោយប្រយោលក្ដី ហើយមិនមែនត្រឹមតែជាទ្រព្យសម្បត្តិដែលអាចជាប់ជាសកម្មភាព ផែនការទុច្ចរិត ឬការគំរាមគំហែងជាក់លាក់នោះទេ។
ខ.ទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពតំណាងឬស្ថិតក្រោមការដឹកនាំផ្ទាល់ពីបុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជី។ គ.ទ្រព្យសម្បត្តិបង្វែរមកពី ឬរកបានមកពីទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងវាក្យខណ្ឌ (ក) និង (ខ)។
ឃ.នាវាជាប់ឈ្មោះក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ ឬគណៈកម្មាធិការនៃក្រុមប្រឹក្សានេះ អនុលោមតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ។
សេចក្ដីសម្រេចបង្កកទ្រព្យសម្បត្តិចេញដោយតុលាការពុំមានរយៈពេលកំណត់ឡើយ លើកលែង តែសេចក្ដីសម្រេចនោះត្រូវបានលុបចោល។
ក្នុងករណីមានមូលដ្ឋានសមហេតុផល និងជឿជាក់ថាបុគ្គល ឬអង្គភាពនោះត្រូវនឹងលក្ខខណ្ឌដូចមានចែងលម្អិតក្នុងកថាខណ្ឌទី ៣២ នៃសេចក្ដីសម្រេចចិត្តលេខ ២២៧០ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និង សេចក្ដីសម្រេចចិត្តបន្ដបន្ទាប់ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌អាចធ្វើអធិបញ្ជាឱ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញាអមសាលាដំបូងដើម្បីស្នើសុំទៅតុលាការដាក់ឈ្មោះបុគ្គល ឬអង្គភាពក្នុងបញ្ជី និងបង្កកទ្រព្យសម្បត្តិ (ដូចមានតារាងភ្ជាប់មកជាមួយ)។
រាល់បុគ្គលឬអង្គភាពណាដែលទទួលរងផលប៉ះពាល់ដោយសេចក្ដីសម្រេចចិត្តដាក់ឈ្មោះរបស់តុលាការដូចបានកំណត់ខាងលើនេះ ត្រូវបង្កកទ្រព្យសម្បត្តិទាំងនោះដោយគ្មានបង្អង់ និងដោយគ្មានការជូនដំណឹងជាមុនឡើយ។
បុគ្គលរាយការណ៍ដែលបានបង្កកទ្រព្យសម្បត្តិស្របតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ និងសេចក្ដីសម្រេចចិត្តដាក់ឈ្មោះរបស់តុលាការ ត្រូវរាយការណ៍ក្នុងរយៈពេលមិនលើសពី ៣ (បី) ថ្ងៃ អំពីការបង្កកទ្រព្យសម្បត្តិ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការទៅលើទ្រព្យសម្បត្តិ ដែលបានបង្កកទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ បុគ្គលរាយការណ៍ត្រូវដាក់របាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ហើយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាត្រូវថតចម្លងរបាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិជូនក្រសួងយុត្តិធម៌។
បុគ្គលរាយការណ៍ដែលបានធ្វើរបាយការណ៍ត្រូវផ្ដល់ព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងរបាយការណ៍នេះឱ្យបានឆាប់រហ័សតាមការស្នើសុំរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ឬក្រសួងយុត្តិធម៌។ អង្គភាពក្រៅពីបុគ្គលរាយការណ៍ ដែលបានបង្កកទ្រព្យសម្បត្តិស្របតាមសេចក្ដីសម្រេចចិត្តរបស់ ក្រុម ប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ និង សេចក្ដីសម្រេចចិត្តដាក់ឈ្មោះរបស់តុលាការ ត្រូវរាយការណ៍ក្នុងរយៈពេលមិនលើសពី ៣ (បី) ថ្ងៃ អំពីការបង្កកទ្រព្យសម្បត្តិ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការទៅលើទ្រព្យសម្បត្តិ ដែលបានបង្កកទៅក្រសួងយុត្តិធម៌។
បុគ្គលរាយការណ៍ ត្រូវដាក់របាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិទៅក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌ត្រូវថតចម្លងរបាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិជូនអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ បុគ្គលរាយការណ៍ដែលបានធ្វើរបាយការណ៍ ត្រូវផ្ដល់ព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងរបាយការណ៍នេះឱ្យបានឆាប់រហ័សតាមការស្នើសុំរបស់ក្រសួងយុត្តិធម៌ឬអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
បុគ្គលណាដែលបានបំពានសេចក្ដីសម្រេចបង្កក ឬប្រគល់ទ្រព្យសម្បត្តិ ឬកាតព្វកិច្ចរាយការណ៍ដែលបានចែងក្នុងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវផ្ដន្ទាទោសតាមច្បាប់់៕
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា នាយកដ្ឋានកិច្ចការគតិយុត្ត
អ៊ីមែល៖ legal@serc.gov.kh
ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១