ភ្នំពេញ: ក្រុមហ៊ុនជប៉ុនប្រហែល ២២ មានផែនការគ្រោងនឹងចូលរួមវិនិយោគលើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ (TIA) ដើម្បីចាប់យកការស្ទុះងើបឡើងវិញជាបណ្ដើរៗ នៃវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ យ៉ាងខ្លាំងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា អនុ រដ្ឋលេខាធិការ អាកាសចរស៊ីវិល (SSCA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៥ ខែធ្នូថា ក្រុមហ៊ុនទាំងនោះបាន មកទស្សនាព្រលានយន្តហោះកាលពីថ្ងៃទី ២០ ខែធ្នូ ដើម្បីសិក្សាពីសក្តានុពល និងការរីកចម្រើននៃព្រលានយន្តហោះនេះ ខណៈដែលពួកគេគ្រោងនឹងវិនិយោគមួយចំនួនផងដែរ។
លោកបានឱ្យឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ ជាព្រលាន យន្តហោះឈានមុខគេមួយក្នុងប្រទេស ខណៈដែលគម្រោងនេះសាងសង់លើផ្ទៃដីទំហំ ២ ៨០០ ហិកតា នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ។ គិតត្រឹមសប្តាហ៍ទី១ នៃខែធ្នូ ការសាងសង់ព្រលានយន្តហោះនេះ សម្រេចបានជាង ៥៨ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ និងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៥។
លោកថ្លែងថា៖ «ជាមួយនឹងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន ក៏ជាចំណុចដ៏សំខាន់សម្រាប់ការទាក់ទាញវិនិយោគិនជប៉ុន ឱ្យចូលរួមក្នុងការវិនិយោគលើព្រលានយន្តហោះផងដែរ»។
លោកបន្តថា៖ «ការវិនិយោគព្រលានយន្តហោះកម្ពុជា (CAI) អនុញ្ញាតឱ្យយើងនាំយកក្រុមហ៊ុនជប៉ុនចំនួន ២២ មកទស្សនកិច្ចសិក្សានៅការដ្ឋានសំណង់ ដើម្បីពិនិត្យមើលពីសក្តានុពល និងវឌ្ឍនភាពដើម្បីពួកគេធ្វើការសម្រេចចិត្តក្នុងការចូលរួមការវិនិយោគ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានឱ្យដឹងថា ជាមួយនឹងវត្តមានរបស់ព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នឹងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍអាកាសចរណ៍របស់កម្ពុជា ព្រោះវាអាចគ្រប់គ្រងការហោះហើរត្រង់រយៈចម្ងាយឆ្ងាយពីគោលដៅផ្សេងទៀតជាច្រើនជុំវិញពិភពលោក។
លោកលើកឡើងថា៖ «យើងរំពឹងយ៉ាងខ្លាំងថា នៅពេលដែលព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ យើងនឹងអាចស្វាគមន៍គោលដៅធ្វើដំណើរផ្លូវឆ្ងាយថ្មីមួយចំនួនដោយផ្ទាល់មកកាន់ប្រទេសរបស់យើង។ នៅពេលនេះ យើងអាចមើលឃើញថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរបានកើនឡើងជាបណ្តើរៗហើយ នៅពេលដែលព្រលានយន្តហោះត្រូវបានបញ្ចប់ និងបើកឱ្យដំណើរការ វានឹងដើរតួយ៉ាងសំខាន់ក្នុងការស្វាគមន៍ជើងហោះហើរថ្មីមួយ ចំនួនផ្សេងទៀត»។
បើតាមលោក វុត្ថា សម្រាប់ដំណាក់កាលទី១ នៃការសាងសង់ នឹងត្រូវចំណាយថវិកាចំនួន ៨០០ លានដុល្លារ សម្រាប់ការងារសំខាន់ៗ ហើយបច្ចុប្បន្ន ស្ថានីយអ្នកដំណើរក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន China Construction Unit III (CCTEB) សម្រេចបាន ៤៧,៤ ភាគរយហើយ មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលសម្រេចបាន ៧៣,៧ ភាគរយ ការងារទាក់ទងនឹងចំណត រថយន្ត ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន shanghai baoye (Cambodia) co. ltd សម្រេចបាន ៥២,២ ភាគរយ។
សម្រាប់ការសាងសង់ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Cana Sino Construction Corporation ក៏សម្រេចបាន ៩០,៨ ភាគរយហើយ។
លោកលើកឡើងថា៖ «ប្រសិនបើគ្មាន អ្វីផ្លាស់ប្តូរទេ គម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៤ ហើយយើងរំពឹងថា ព្រលានយន្តហោះនេះនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ ២០២៥ ព្រោះយើងត្រូវការការធ្វើតេស្តសាកល្បង និងការបញ្ជាក់សម្រាប់ជើងហោះហើរ»។
លោកបន្តថា ការសាងសង់បាន ចាប់ផ្ដើមដំណើរការកាលពីឆ្នាំ ២០១៩ TIA នឹងត្រូវបញ្ចប់ក្នុងដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ ២០២៤។ នេះបើយោងតាមផែនការមេ ដែលបានធ្វើបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន CAIC។
CAIC គឺជាក្រុមហ៊ុនវិនិយោគរួមរវាងក្រុមហ៊ុន Overseas Cambodia Investment Corp Ltd (OCIC) និង SSCA ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាន ៩០:១០។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន OCIC នៅក្នុងកំណត់ត្រានៅលើគេហទំព័ររបស់ខ្លួន។
បើតាមទិន្នន័យរបស់ SSCA ចន្លោះពីខែមករា ដល់ខែកញ្ញា ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជាបានស្វាគមន៍អ្នកដំណើរសរុបចំនួនជិត ៣,៧ លាននាក់ កើនឡើង ១៦២ ភាគរយធៀបនឹងឆ្នាំមុន។ តួលេខពីក្រសួងដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបង្ហាញថា ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២៣ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបជាង ៤,៤ លាននាក់កើនឡើងចំនួន ១៧៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕