ភ្នំពេញ: រដ្ឋាភិបាលជប៉ុនបានផ្តល់រថលើកដាក់ចល័តនៅគែមផែចំនួន ២ ដែលមានសមត្ថភាពអាចលើកដាក់ទំនិញទូទៅជាអតិបរមា ១០០ តោន និងលើកកុងតឺន័រជាមធ្យម ១៥ កុងតឺន័រ/ម៉ោង ហើយមានតម្លៃសរុបប្រហែល ចំនួន ១៣,៩ លានដុល្លារអាមេរិក ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) សម្រាប់បម្រើដល់ប្រតិបត្តិការរបស់កំពង់ផែ។
យោងតាមឯកសាររបស់ PAS ផ្ញើទៅផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី ២២ ខែធ្នូ កំពង់ផែស្វយ័តព្រះសីហនុបានជូនដំណឹងដល់វិនិយោគិន និងសាធារណជនថា រដ្ឋាភិបាលជប៉ុនបានផ្តល់រថលើកដាក់ចល័តនៅគែមផែចំនួន ២ ដែលមានសមត្ថភាពអាចលើកដាក់ទំនិញទូទៅជាអតិបរមា ១០០ តោន ដើម្បីពង្រីកសមត្ថភាពកំពង់ផែ។
«កំពង់ផែស្វយ័តក្រុងព្រះសីហនុបានទទួលរថលើកដាក់ចល័តនៅគែមផែ (Mobile Harbor Cranes) ចំនួន ២ គ្រឿង ដែលមានសមត្ថភាពអាចលើកដាក់ទំនិញទូទៅជាអតិបរមា ១០០ តោន និងលើកកុងតឺន័រជាមធ្យម ១៥ កុងតឺន័រ/ម៉ោង ដែលមានតម្លៃ សរុបប្រហែល ចំនួន ១៣,៩ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសជប៉ុនហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះផងដែរ ក្រោមអធិបតីភាព លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី ១ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២ គ្រឿង ដែលបានប្រារព្ធនៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ»។ នេះបើយោងតាមឯកសារ។
ថ្លែងក្នុងពិធីប្រគល់កាលពីថ្ងៃទី ២២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានដំណើរការល្អប្រសើរ កម្ពុជានៅតែជាប្រទេសមួយដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីក្នុងតំបន់ និងពិភពលោក។ លោកបានបញ្ជាក់ដោយយោងតាម FDI Standouts Watchlist 2024 ដែលបានចេញផ្សាយដោយទស្សនាវដ្តី fDi ថា ប្រទេសកម្ពុជាឈានមុខគេសម្រាប់ការវិនិយោគដោយផ្ទាល់នៅឆ្នាំ ២០២៤។
«កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសម្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ ១០០។ លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទិក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់ការវិនិយោគ។ »។ នេះបើយោង តាម លោក ហ៊ុន ម៉ាណែត។
លោក លូ គឹមឈុន ប្រធាន PAS បានឱ្យដឹងថា កំពង់ផែនេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម និងសេវាកម្មរបស់ខ្លួន ដើម្បីសម្រេចបានលទ្ធផលល្អបំផុតសម្រាប់ជាប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនរបស់ពួកគេ។
លោកថ្លែងថា៖ «PAS បានពង្រឹងប្រសិទ្ធភាពរបស់ខ្លួន និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងកើនឡើង និងកំណើនសេដ្ឋកិច្ច។ ជាមួយនឹងការកើនឡើងនៃបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ PAS បានជួសជុលកំពង់ផែថ្មី (ដែលបានសាងសង់កាលពីឆ្នាំ ១៩៦៩ មានប្រវែង ៣៥០ ម៉ែត្រ) ឱ្យក្លាយជាចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង ២៥៣ ម៉ែត្រ បច្ចុប្បន្នមានចំណតផែតែ ២ ប៉ុណ្ណោះ»។
យោងតាមឯកសាររបស់ PAS ផ្ញើទៅកាន់ CSX នៅថ្ងៃទី ១៤ ខែសីហា ផែនេះរកបានប្រាក់ចំណូលជាង ៩២ ពាន់លានរៀលនិងប្រាក់ចំណេញសុទ្ធជិត ៣០ ពាន់លានរៀលក្នុងត្រីមាសទី ២ ឆ្នាំ ២០២៣ ខណៈដែលប្រាក់ចំណូលបានកើនឡើង ០,៩១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
សម្រាប់ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួច បានធ្លាក់ចុះជិត ១៥ ពាន់លានរៀលស្មើនឹង ៣៣,២៥ ភាគរយ។ ការធ្លាក់ចុះនេះ គឺដោយសារតែការកើនឡើងនៃទំនិញកុងតឺន័រ និងទំនិញឆ្លងកាត់ ប៉ុន្តែដោយសារតែការធ្លាក់ចុះនៃការកើនថ្លៃនៃអត្រាប្តូរប្រាក់បរទេស (ប្រាក់យ៉េនជប៉ុន) បាននាំឱ្យមានការធ្លាក់ចុះប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួច ធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២២៕