ភ្នំពេញ: សាជីវកម្មធានាឥណទានកម្ពុជា ភីអិលស៊ី (CGCC) បានចេញលិខិតបញ្ជាក់ការធានាឥណទាន (LG) ចំនួន ១ ៨៨០ គណនីក្នុងទំហំទឹកប្រាក់កម្ចីប្រមាណ ១៥៩,៦៩ លានដុល្លារគិតត្រឹមដំណាច់ខែវិច្ឆិកា ដើម្បីគាំទ្រដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺរាតកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
យោងតាមតួលេខចុងក្រោយបំផុតត្រឹមថ្ងៃទី ២២ ខែធ្នូ គិតត្រឹមចុងខែវិច្ឆិកា ទំហំប្រាក់កម្ចីដែលមានការធានាមានចំនួន ១១៣,៩៦ លានដុល្លារ ហើយចំនួនទឹកប្រាក់ធានាមានចំនួន ៨២,១២ លានដុល្លារ ខណៈដែលអនុបាតប្រាក់កម្ចីមិនដំណើរការ នៃចំនួនទឹកប្រាក់ធានាមានចំនួន ៥,៤១ ភាគរយ និងប្រាក់ទូទាត់សំណងមានចំនួន ១២៣ ៣៣៦ ដុល្លារ។ ក្នុងទឹកប្រាក់ដែលបានផ្តល់នោះមាន ១ ៧៣១ ជា MSME និង ១៤៩ ជាក្រុមហ៊ុនធំៗ។
លោក ម៉ី វ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងនៅក្នុងសិក្ខាសាលាកាលពីខែថ្មីៗនេះថា សហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជាតាមរយៈការរួមចំណែកកាត់បន្ថយភាពក្រីក្រចំនួន ៥០,២ ភាគរយកាលពីឆ្នាំ ២០០៣ មកត្រឹមតែ ១៧,៨ ភាគរយកាលពីឆ្នាំ ២០២០ តាមរយៈការបង្កើនការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។
លោកបានឱ្យដឹងថា ការបង្កើតសាជី វកម្មធានាឥណទានកម្ពុជាភីអិលស៊ី (CGCC) គឺដើម្បីចែករំលែក ហានិភ័យ ជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ប្រាក់កម្ចីក្នុងគោលបំណងបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលបានចាត់ទុកថា ការប្រើប្រាស់ថវិការដ្ឋក្នុងការទ្រទ្រង់ហិរញ្ញប្បទាន តាមរយៈយន្តការធានាឥណទានមានអត្ថប្រយោជន៍ចម្បងទី ១ គឺ «ប្រសិទ្ធភាពការប្រើប្រាស់» ដោយ ប្រើប្រាស់ដើមទុនរបស់សាជីវកម្មធានាឥណទានកម្ពុជាក្នុងការធានាកម្ចីបង្វិល ព្រោះដើមទុននេះ ប្រើប្រាស់តែ នៅ ពេលដែលប្រាក់កម្ចីធានាត្រូវបានបាត់បង់។ ដូច្នេះថវិការដ្ឋចំនួន ២០០ លានដុល្លារ ដែលផ្តល់ដល់សាជីវកម្ម ធានាឥណទានកម្ពុជា ធ្វើជាដើមទុន វានឹងអាចទ្រទ្រង់ការចេញប្រាក់កម្ចីថ្មី ដែលមានការធានាជាង ២០០ លានដុល្លារ។ ទី២ «ឧបករណ៍ទប់ទល់វិបត្តិ»តាមរយៈការរក្សាទំនុកចិត្តទីផ្សារ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ ដើម្បីធ្វើឱ្យមានតុល្យភាពសកម្មភាពសេដ្ឋកិច្ច»។
លោក តូច ចៅចេក នាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី (CPBank) ដែលជា ដៃគូរបស់ CGCC បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SME) ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្វែងរកប្រាក់កម្ចី ដោយមានជំនួយពីសាជីវកម្មធានាឥណទានរដ្ឋកម្ពុជា ភីអិលស៊ី ជាសហគ្រាសរដ្ឋ មានហានិភ័យតិចជាងដៃគូរបស់ពួកគេដែលមិនបានចុះបញ្ជីត្រឹមត្រូវ។
គូសបញ្ជាក់ថា កាលពីដើមខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសបន្តដាក់ឱ្យដំណើរការនូវគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់ CGCC ដើម្បីគាំទ្រដល់អាជីវកម្ម ទាំងមីក្រូ សហគ្រាសធុនតូច និងមធ្យម (MSMEs) និងសហគ្រាសធំៗ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) សម្រាប់ជាទុនបង្វិល ការ វិនិយោគ និងការពង្រីកអាជីវកម្ម៕