ភ្នំពេញៈ Toyota (Cambodia) ជាក្រុមហ៊ុនចែកចាយ ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន Toyota Motor Corporation របស់ជប៉ុន បានបញ្ជាក់ថា ពុំមានការប្រមូលយកមកវិញនូវរថយន្តចំនួន ៣ ម៉ូដែល គឺ Yaris Cross, Wigo និង Avanza/Veloz នៅក្នុងទីផ្សារកម្ពុជាទេ បន្ទាប់ពីក្រុមហ៊ុនមេបានប្រកាសផ្អាកការនាំចេញរថយន្តម៉ូដែលទាំងនេះ ដោយសារតែភាពមិនប្រក្រតីផ្នែកនីតិវិធី។
យោងតាមការប្រកាសបានពីក្រុមហ៊ុន Toyota (Cambodia) កាលពីថ្ងៃទី ២១ ខែធ្នូ បន្ទាប់ពីក្រុមហ៊ុន Daihatsu Motor Co., Ltd(Daihatsu) ជាផ្នែកមួយក្រុមហ៊ុន Toyota Motor បានប្រកាសពីភាពមិនប្រក្រតីផ្នែកនីតិវិធីនៃការចេញវិញ្ញាបនបត្រកាលពីថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការភាគីទី៣ ឯករាជ្យត្រូវបានបង្កើតឡើង និងបានស៊ើបអង្កេតបញ្ហានេះយ៉ាងហ្មត់ចត់ចាប់តាំងពីពេលនោះមក។
កាលពីថ្ងៃទី ២១ ខែធ្នូ ក្រុមហ៊ុន Daihatsu បានទទួលលទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មាធិការភាគីទី ៣ ហើយបានរាយការណ៍ពីលទ្ធផលនៃការស៊ើបអង្កេតទាំងនេះ រួមជាមួយនឹងពេលវេលានៃការស៊ើបអង្កេតទៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងទៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៅប្រទេសជប៉ុន។
ដោយសារកាលពីថ្ងៃទី ២០ ខែធ្នូ រាល់ការដឹកជញ្ជូនទាំងអស់ដែលបានជាប់ទាក់ទងនឹងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Daihatsu ត្រូវបានផ្អាក ដោយសារការជាប់ទាក់ទងនឹងភាពមិនប្រក្រតីនៃវិញ្ញាបនបត្រ។
ក្រុមហ៊ុន Toyota Cambodia បានឱ្យដឹងថា៖«យើងសូមបញ្ជាក់ថា នៅពេលនេះមិនមានការតម្រូវឱ្យអតិថិជនដែលប្រើប្រាស់រថយន្តម៉ូដែលទាំងនេះ ត្រូវចាត់វិធានការណាមួយទេ ដូច្នេះពួកគេអាចបន្តប្រើប្រាស់យានយន្តទាំងនេះជាធម្មតា»។
ក្រុមហ៊ុនបញ្ជាក់ថា៖ «ការត្រួតពិនិត្យ និងការធ្វើតេស្តទាំងនេះបានបញ្ជាក់ថា យានយន្តទាំងនេះ បានបំពេញតាមស្តង់ដាដែលបានកំណត់ដោយបទប្បញ្ញត្តិ ហើយវាហាក់ដូចជាមិនមានភាពចាំបាច់ក្នុងការបញ្ឈប់ការប្រើប្រាស់យានយន្តដែលរងផលប៉ះពាល់នោះទេ»។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Daihatsu បានផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនរថយន្តម៉ូដែល Yaris Cross, Wigo និងម៉ូដែល Avanza/Veloz ដែលវិញ្ញាបនបត្រកំពុងត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរអធិការកិច្ច និងវិញ្ញាបនបត្រឯករាជ្យ ខណៈ Toyota Cambodia បានរាយការណ៍ករណីនេះភ្លាមៗទៅអាជ្ញាធរកម្ពុជា ដើម្បីពន្យល់អំពីការពិតខាងលើ និងពិភាក្សាអំពីវិធានការបន្ទាប់។
«ក្នុងនាម Toyota Cambodia យើងនឹងចាប់ផ្តើមការនាំចូលម៉ូដែល Yaris Cross និង Wigo ឡើងវិញបន្ទាប់ពីទទួលបានការណែនាំពីអាជ្ញាធរអធិការកិច្ច និងវិញ្ញាបនបត្រឯករាជ្យ និងអាជ្ញាធរកម្ពុជា»។ នេះបើយោងតាមក្រុមហ៊ុន។
លោក កែវ វឌ្ឍនៈ អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Toyota (Cambodia) បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែធ្នូថា រហូតមកដល់ពេលនេះ ទីផ្សារកម្ពុជាមិនមានការប្រកាសប្រមូលរថយន្តវិញទេ ដោយសារវាមិនមានបញ្ហាជាមួយគុណភាពផលិតផលនោះទេ គឺវាជាប់ទាក់ទងនឹងរបាយការណ៍សាកល្បងតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «ក្រុមហ៊ុន Toyota Cambodia បានធ្វើរបាយការណ៍ទៅអាជ្ញាធរកម្ពុជា (ISC) រួចរាល់អស់ហើយ»៕