ភ្នំពេញៈ ភ្ញៀវជនជាតិចិនចំនួនជិត ៥០ ម៉ឺននាក់បានធ្វើដំណើរមកកម្ពុជាក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ ២០២៣ ដោយកើនឡើងជិត ៤៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈក្នុងរយៈពេលជិត ១ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសជាង ៤,៩ លាននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
របាយការណ៍ស្ថិតិទេសចរណ៍ ឱ្យដឹងថា ចន្លោះពីខែមករា ទៅខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជិត ៤,៩២ លាននាក់ កើន ១៥៦,៩ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំណោមភ្ញៀវទាំងអស់ គឺភ្ញៀវមកពីប្រទេសចិនស្ថិតនៅលេខរៀងទី ៣ គឺ ៤៩៨ ២៥០ នាក់ (ស្មើ ១០,១ ភាគរយចំនួនភ្ញៀវបរទេសសរុប) កើន ៤៤៩,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ យ៉ាងណាក៏ដោយ ចំនួននេះនៅទាប បើធៀបនឹងឆ្នាំ ២០១៩ (កំណត់ត្រាភ្ញៀវបរទេសច្រើនបំផុតនៅកម្ពុជា) ដែលមាន ៦,៦១ លាននាក់ ក្នុងនោះជនជាតិចិននៅលេខ ១ គឺចំនួន ២,៣៦ លាននាក់។
ក្រសួងបានឱ្យដឹងទៀតថា សម្រាប់ភ្ញៀវបរទេសដែលចូលមកកម្ពុជាច្រើនជាងគេនៅក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ ២០២៣ គឺជនជាតិថៃ ចំនួន ១,៦៦ លាននាក់, ចំណាត់ថ្នាក់ទី ២ វៀតណាម ៩២០ ០៩៣ នាក់, ទី៤ ជនជាតិឡាវ ៣៣០ ៧២៤ នាក់ និងប្រទេសមួយចំនួនទៀតដូចជា អាមេរិក, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, និងបារាំង ជាដើម។
ថ្នាក់ដឹកនាំសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក គង់ សម្បត្តិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែធ្នូ ថា ចំនួនភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជាក្នុងរយៈពេលជិត ១ ឆ្នាំនេះពិតជាកើនច្រើន បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ប៉ុន្តែបើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០១៩ (មុនវត្តមានកូវីដ ១៩) គឺនៅតិចតួចនៅឡើយ។ លោកបន្តថា សម្រាប់រយៈពេលស្នាក់នៅរបស់ភ្ញៀវបរទេស គឺជាមធ្យមចន្លោះពី ២-៣ យប់ ខណៈមុនឆ្នាំ ២០២០ ការស្នាក់នៅភាគច្រើនចន្លោះពី ៤-៥ យប់។ លោកបន្តថា ទោះយ៉ាងណា ស្ថានភាពភ្ញៀវបរទេសមកកម្សាន្តនៅកម្ពុជា បានចាប់ផ្តើមបង្ហាញភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ។
លោកលើកឡើងថា៖«ដោយសារតែកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍នៃទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ រវាងប្រទេសកម្ពុជា-ចិន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ ខាងមុខ ដូច្នេះខ្ញុំជឿថា តាមរយៈព្រឹត្តិការណ៍នេះនឹងជំរុញឱ្យភ្ញៀវទេសចរចិនធ្វើដំណើរមកកម្ពុជាកាន់តែច្រើន ពិសេសមកទស្សនាប្រាសាទបុរាណនៅក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតរបស់កម្ពុជា»។
លោក សម្បត្តិ ប្រាប់ទៀតថា ចំនួនភ្ញៀវទេសចរតែងអាស្រ័យលើកត្តាជាច្រើនដូចជា ទំនាក់ទំនងនយោបាយ, កំណើនសេដ្ឋកិច្ចសកល, ចំណូលចិត្ត, និងចំនួនជើងហោះហើរត្រង់ ជាដើម។ វិស័យទេសចរណ៍កម្ពុជាត្រូវការពេលបន្ថែមទៀតដើម្បីអាចស្រូបទាញភ្ញៀវទេសចរបរទេស រួមទាំងជនជាតិចិន ឱ្យមកកម្សាន្តច្រើនដូចមុនឆ្នាំ ២០២០។
លោកអះអាងថា៖«បើតាមខ្ញុំដឹង គឺបច្ចុប្បន្នជើងហោះហើរត្រង់ពីប្រទេសចិនមកព្រលានយន្តហោះខេត្តសៀមរាប គឺមានតែពីទីក្រុងគុនមីង ប៉ុណ្ណោះ ខណៈជើងហោះហើរពីទីក្រុងសំខាន់ៗរបស់ចិនរួមទាំងរដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ និងគ័ងចូវ ជាដើម គឺមានច្រើននៅរាជធានីភ្នំពេញ»។
បន្ថែមលើនេះ លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ (ខេត្តសៀមរាប) បានប្រាប់ថា ទោះបីចំនួនភ្ញៀវចិនមកកម្ពុជានៅមានចំនួនតិចបើធៀបនឹងឆ្នាំមុនឆ្នាំ ២០២០ ប៉ុន្តែវាកើនឡើងវិញជាបណ្តើរៗហើយ ខណៈមគ្គុទេសក៍ទេសចរណ៍មួយចំនួនដែលបានងាកទៅចាប់មុខរបរផ្សេងកាលពីអំឡុងឆ្នាំ ២០២០-២០២២ ក៏បានចូលមកក្នុងវិស័យទេសចរណ៍វិញបណ្តើរៗដែរ។
លោកនិយាយថា៖«ភ្ញៀវដែលមកកម្សាន្តនៅខេត្តសៀមរាបបានកើនឡើងបណ្តើរៗហើយ។ ទោះយ៉ាងណាកម្ពុជាត្រូវតែខិតខំធ្វើឱ្យកាន់តែសកម្មបន្ថែមទៀតលើការរៀបចំផ្ទៃក្នុងរបស់ខ្លួន ដោយរាប់ចាប់តាំងពីបរិស្ថាន និងសេវាកម្មផ្សេងៗដូចជា កន្លែងស្នាក់នៅ កន្លែងលក់វត្ថុអនុស្សាវរីយ៍ រមណីយដ្ឋានទេសចរណ៍ និងមធ្យោបាយធ្វើដំណើរ ដើម្បីទាក់ទាញភ្ញៀវមកកម្សាន្ត ឱ្យមានជម្រើសកាន់តែច្រើនសម្រាប់ការកម្សាន្ត និងទិញទំនិញផ្សេងៗ»៕