ភ្នំពេញៈ កម្ពុជាជំរុញការពិភាក្សាជាមួយភាគីជប៉ុនពីលទ្ធភាពការវិនិយោគទៅលើតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់ជប៉ុននៅប្រទេសកម្ពុជា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុនកាលពីពេលថ្មីៗបានស្នើ និងលើកទឹកចិត្តវិនិយោគិនជប៉ុនពិនិត្យលទ្ធភាពពីការបណ្តាក់ទុនលើតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយនឹងគណៈប្រតិភូនៃប្រទេសជប៉ុនដែលដឹកនាំដោយ លោក UENO Atsushi ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា លើការងារភ័ស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែដែលក្នុងនោះក៏មានគម្រោងសិក្សា និងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុនងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន ដែលកំពុងសិក្សាលទ្ធភាពចាប់ដៃគូជាមួយវិនិយោគិនជប៉ុន លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ២៦ ខែធ្នូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកទើបបានជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនដែលមានបំណងវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាចំនួន ២-៣ ក្រុមហ៊ុន រួចមកហើយ ដើម្បីពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសដែលអាចទាក់ទាញវិនិយោគិនជប៉ុន រួមនឹងវិនិយោគិនជនជាតិផ្សេងៗទៀតឱ្យមកបើករោងចក្រនៅកម្ពុជាកាន់តែច្រើន។
លោកបានបន្តថា នៅពេលមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសពីសំណាក់វិនិយោគិនជប៉ុន គឺពិតណាស់វានឹងជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ជាក់ស្តែងដោយសារបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានម្ចាស់ភាគច្រើនជាជនជាតិចិន ដូច្នេះវិនិយោគិនចិនក៏ចូលមកបើករោងចក្រនៅកម្ពុជាជាងគេច្រើនដែរ។
បើតាមលោក សុខនឿន បច្ចុប្បន្នលោកកំពុងសិក្សាទីតាំងដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពិសេសតំបន់នៅក្បែរគម្រោងព្រែកជីក «ហ្វូណនតេជោ» និងនៅផ្លូវជាតិលេខ ៣ និងលេខ ៤ ដែលជាតំបន់មានភាពងាយស្រួលសម្រាប់ការដឹកទំនិញចេញ-ចូលទៅទីផ្សារអន្តរជាតិ។
លោកបានអះអាងថា៖ «ទន្ទឹមនឹងការសិក្សាទីតាំងបង្កើតតំបន់សេដ្ឋកិច្ចនេះ ខ្ញុំក៏កំពុងសិក្សាស៊ីជម្រៅជាមួយវិនិយោគិនជប៉ុនដើម្បីស្វែងរកក្រុមហ៊ុនដែលមានលទ្ធភាពកៀរគរក្រុមហ៊ុនជប៉ុនដទៃទៀតឱ្យមកបើករោងចក្រ/សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលអាចលេចវត្តមាននាពេលខាងមុខផងដែរ»។
លោកបន្តថា៖ «បើក្រុមហ៊ុនជប៉ុនល្បីៗមកបើករោងចក្រផ្ទាល់នៅកម្ពុជា គឺវាមិនត្រឹមតែជួយឱ្យគុណភាពផលិតផលប្រើប្រាស់នៅកម្ពុជាកាន់តែល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ»។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ជាពិសេសការចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៩ ខែធ្នូ កន្លងមក គឺពិតជាចំណែកសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ នេះបើយោងតាមលោក សំ សុខនឿន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា សិក្ខាសាលាស្តីពីវិនិយោគកម្ពុជា ឆ្នាំ ២០២៣ ដែលរៀបចំនៅប្រទេសជប៉ុនកាលពីថ្មីៗនេះ គឺបានធ្វើឱ្យវិនិយោគិនជប៉ុនជាច្រើនបង្ហាញការចាប់អារម្មណ៍ក្នុងការមកបណ្តាក់ទុននៅកម្ពុជា ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនជប៉ុនជាច្រើននៅកម្ពុជាកំពុងទទួលបានជោគជ័យទៅលើការវិនិយោគដូចជា ក្រុមហ៊ុន Minebea (Cambodia), Toyota, Aeon Mall និងគម្រោងវិនិយោគជាច្រើនទៀត។
លោកបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន គឺជាសញ្ញាល្អសម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំគិតថាបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៅប្រទេសជប៉ុន គឺចាប់ពីឆ្នាំ ២០២៤ តទៅនឹងមានវិនិយោគិនជប៉ុនកាន់តែច្រើនចូលមកវិនិយោគផ្ទាល់នៅកម្ពុជា ខណៈការវិនិយោគនៅកម្ពុជាគឺមានការលើកទឹកចិត្តច្រើន»។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតចាប់ពីឆ្នាំ ២០០៦ ដល់ដំណាច់ឆមាសទី ១ ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៤ ដោយមានទុនវិនិយោគប្រមាណ ៨,១ ពាន់លានដុល្លារ ហើយភាគច្រើនស្ថិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ វិស័យគ្រឿងបង្គុំរថយន្ត គ្រឿងអេឡិចត្រូនិក រោងចក្រផលិតសម្បកកង់ ឧស្សាហកម្មដំឡើងរថយន្ត និងកង់។ នៅក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង ២៤ គឺមានរោងចក្រ/ក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះរហូតដល់ ៦៥៥ គម្រោង ដែលស្មើទុនវិនិយោគប្រមាណ ៨,១ ពាន់លានដុល្លារអាមេរិក៕