ភ្នំពេញៈ ស្របពេលប្រទេសកម្ពុជា កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (FTAs) ទាំងក្នុងតំបន់ និងពិភពលោក វាបានធ្វើឱ្យការប្រមូលចំណូលពន្ធគយបន្តធ្លាក់ចុះ ដោយសារកម្ពុជាបានកាត់បន្ថយអត្រាពន្ធគយជាមួយប្រទេសជាដៃគូរបស់ខ្លួន។
ជាមួយនឹងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អត្រាពន្ធប្រមាណ ៩៨ ភាគរយ ពីការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន និង ៩០ ភាគរយនៃការនាំចេញរបស់ចិនមកកម្ពុជា ត្រូវបានលើកលែងពីពន្ធគយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នេះត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មកខណៈកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី បាននិងកំពុងអនុវត្តតាំងពីដើមឆ្នាំ ២០២២ មកនោះបានជំរុញការនាំចេញ កើនឡើង ប៉ុន្តែវាក៏រួមចំណែកដល់ការកាត់បន្ថយចំណូលពន្ធនាំចូលមួយចំនួនផងដែរ។ ជាមួយគ្នានេះ កម្ពុជានឹងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ការប្រមូលចំណូលពន្ធគយរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ សម្រេចបាន ២,៨ ពាន់លានដុល្លារ ដែលចំនួននេះធ្លាក់ចុះប្រមាណ ៤០០ លានដុល្លារបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក គុណ ញឹម អគ្គនាយក GDCE បានឱ្យដឹងក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី ២៥ ខែធ្នូថា ការធ្លាក់ចុះប្រមូលចំណូលគយ គឺដោយសារតែការអនុវត្ត FTAs ដែលកម្ពុជាកាត់បន្ថយពន្ធលើមុខទំនិញជាច្រើនជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន។
លោកថ្លែងថា៖ «ការប្រមូលចំណូលរបស់យើងបន្តធ្លាក់ចុះរហូតមកដល់ពេលនេះ។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ ប្រាក់ចំណូលគយដែលបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានជិត ៤០០ លានដុល្លារ។ ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចនៃឧស្សាហកម្មផលិតកម្មរបស់កម្ពុជាក៏បានធ្វើឱ្យកម្ពុជាអាចផលិតទំនិញមួយចំនួនដើម្បីជំនួសការនាំចូល ក៏ជាកត្តាកាត់បន្ថយពន្ធនាំចូលផងដែរ»។
លោកអះអាងថា កាលពី ១៥ ឆ្នាំមុន កម្ពុជាបាននាំចូលច្រើនដែលនាំឱ្យស្ថាប័នលោកអាចរកចំណូលបានច្រើន ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានកាត់បន្ថយការនាំចូលទំនិញមួយចំនួន ដែលធ្វើឱ្យការប្រមូលចំណូលពន្ធធ្លាក់ចុះ។ លើសពីនេះ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ក៏ប៉ះពាល់ដល់ការប្រមូលចំណូលពីវិស័យនេះផងដែរ។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលកន្លងមកថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសដៃគូពិតជាធ្វើឱ្យរដ្ឋាភិបាលបាត់ចំណូលពន្ធគយ ប៉ុន្តែវាបានផ្តល់នូវឱកាសឱ្យកម្ពុជាក្នុងការពង្រីកទីផ្សារប្រកួតប្រជែង បង្កើតការងារ និងការទាក់ទាញវិនិយោគលើវិស័យផលិតកម្មច្រើនជាងមុន។
លោកថ្លែងថា៖ «ជាធម្មតានៅពេលដែលយើងអនុវត្តន៍ពាណិជ្ជកម្មសេរីទៅវិញទៅមក មានន័យថាយើងកាត់បន្ថយពន្ធខាងយើង ខាងគេក៏កាត់បន្ថយពន្ធ ដូច្នេះយើងបានចំណេញទីផ្សារ យើងអាចបង្កើនទីផ្សារប្រកួតប្រជែង ដោយសារតែយើងបើករបាំងនាំចូល ខាងគេក៏បើករបាំងនាំចូល ដូច្នេះការប្រកួតប្រជែងនេះមានទៅវិញទៅមក អ៊ីចឹងយើងបានចំណេញទីផ្សារមានន័យថាយើងបង្កើនការនាំចេញ ហើយចង្វាក់ផលិតកម្មនៅក្នុងស្រុកយើងក៏កើនទៅតាមនោះ ដែរ»។
លោកពន្យល់ថា នៅពេលសេដ្ឋកិច្ចកាន់តែរឹងមាំ ពន្ធគយនឹងបាត់បន្តិចម្តងៗ ដូច្នេះរដ្ឋាភិបាលបង្កើនចំណូលមកវិញតាមរយៈការពង្រឹងរដ្ឋបាលសារពើពន្ធក្នុងស្រុកដើម្បីប្រមូលចំណូល។
លោកបញ្ជាក់ថា៖ «ការបាត់ចំណូលនេះ ទោះបីហាក់ធំពិតមែន ប៉ុន្តែយើងត្រូវមើលថាការបង្កើនចង្វាក់ផលិតកម្មនៅក្នុងស្រុកវាជាការបង្កើតឱ្យមានការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋយើងនៅក្នុងស្រុក ហើយពន្ធក្នុងស្រុក (ពន្ធដារ) ក៏នឹងកើនឡើងដែរ»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ចំពោះការបាត់បង់ចំណូលពន្ធគយដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺដោយសារមានផលិតផលជាច្រើនបាននាំចូលពីប្រទេសចិនដែលកម្ពុជាបានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
លោកថ្លែងថា៖ «ការបាត់បង់ចំណូលពន្ធគយនេះនឹងជំនួសដោយចំណូលពន្ធដារ ដូច្នេះពាណិជ្ជកម្មកម្ពុជា-ចិនក៏ជំរុញឱ្យមានកំណើនផលិតកម្មនៅក្នុងស្រុកសម្រាប់ធ្វើការនាំចេញទៅប្រទេសចិនវិញផងដែរ។
លោកបន្ថែមថា ទោះបីអតុល្យភាពនៃការនាំចូល និងការនាំចេញក៏ដោយ ក៏ការនាំចេញរបស់កម្ពុជាទៅប្រទេសចិនមានកំណើនខ្ពស់ជាងមុន ដែលធ្វើឱ្យចំណូលបានមកពីផលិតកម្មក្នុងស្រុក និងអាចបង្កើតការងារ និងជំរុញផលិតផលក្នុងស្រុកប្រសើរជាងមុន។
លោកបញ្ជាក់ថា៖ «ការបាត់បង់ចំណូលពីពន្ធគយនោះ ខ្ញុំជឿថាវាគឺជាកត្តារួមចំណែកមួយនៃការកាត់បន្ថយចំណូលរបស់រដ្ឋាភិបាល ប៉ុន្តែការជំនួសមកវិញនៃចំណូលពន្ធដារ និងការបង្កើតការងារជូនប្រជាជនពិតជាមានសារៈសំខាន់និងភាពប្រសើរជាជាងការនាំចូល»។
លោក គុណ ញឹម បានពន្យល់ថា បើនិយាយពីរចនាសម្ព័ន្ធចំណូលសារពើពន្ធ កម្ពុជាស្ថិតនៅក្នុងស្ថានភាពផ្លូវត្រឡែងកែង ដែលមានការប្រែប្រួលរចនាសម្ព័ន្ធចំណូលរបស់រដ្ឋ។ កន្លងមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានច្រើនអាចចាត់ទុកជាអង្គភាពមួយប្រមូលចំណូលសារពើពន្ធបានច្រើនជាងគេ។
លោកបានថ្លែងថា៖ «នៅក្នុងចំណោមអង្គភាពដែលមានភារៈទទួលការប្រមូលចំណូលនេះ ប៉ុន្តែចាប់ពីឆ្នាំ ២០២០ មក យើងដឹងហើយថាមានការធ្លាក់ស្រុតខ្លាំង។ ឆ្នាំ ២០១៩ ចំណូលរបស់គយគឺខ្ពស់បំផុត បន្ទាប់មកឆ្នាំ ២០២០ ស្រុតដោយសារកូវីដ ១៩, ឆ្នាំ ២០២១ ក៏បន្ត, ឆ្នាំ ២០២២ យើងប្រមូលចំណូលបានលើសផែនការបន្តិច ហើយឆ្នាំ ២០២៣ នេះ ប្រមូលបានប្រមាណជាង ៨២ ភាគរយ នៃផែនការដែលមានចែងនៅក្នុងច្បាប់ថវិកា»៕