ភ្នំពេញៈ សេដ្ឋវិទូ និងអ្នកជំនួញ មានសុទិដ្ឋិនិយមថា ប្រាក់ដែលបានពីការនាំចេញទំនិញទៅទីផ្សារគោលដៅចម្បងទាំង ៥ នឹងបន្តកើនឡើងថែមទៀតនៅពេលខាងមុខ ខណៈរយៈពេល ១១ ខែនៃឆ្នាំ ២០២៣ កម្ពុជាអាចប្រមូលប្រាក់បានជិត ១៤ ពាន់លានដុល្លារ ឬស្មើនឹងជាង ២/៣ នៃចំនួនទឹកប្រាក់នាំចេញទំនិញសរុបជាង ២០ ពាន់លានដុល្លារ។
តារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងតម្លៃសរុបជាង ២០,៤៩ ពាន់លានដុល្លារ កើនឡើង ១,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២០,២៤ ពាន់លានដុល្លារ។
ក្នុងចំនួនទឹកប្រាក់នាំចេញខាងលើ គឺការចេញទៅទីផ្សារធំទាំង ៥ រួមមាន អាមេរិក, វៀតណាម, ចិន, ជប៉ុន, និងប្រទេសកាណាដា មានទឹកប្រាក់សរុប ១៣,៩១ ពាន់លានដុល្លារ កើនឡើង ៤,៤៥ ភាគរយ។ ចំនួនទឹកប្រាក់នាំចេញទំនិញទៅប្រទេសទាំង ៥ គឺស្មើនឹង ៦៧,៨ ភាគរយនៃការនាំចេញសរុប ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួន ៦៥,៩ ភាគរយ។
ផ្អែកតាម GDCE គឺចាប់ពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំទំនិញពីកម្ពុជាទៅប្រទេសអាមេរិក មានទឹកប្រាក់ច្រើនជាងគេ គឺចំនួន ៨,១៤ ពាន់លានដុល្លារ (ស្មើ ៣៩,៧ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុប) ធ្លាក់ចុះ ០,៩ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២, វៀតណាម ២,៦១ ពាន់លានដុល្លារ (១២,៧ភាគរយ) កើន ៣៧,៨ ភាគរយ, ចិន ១,៣១ ពាន់លានដុល្លារ (៦,៤ភាគរយ)កើន ១៨,៨ ភាគរយ, ជប៉ុន ១,០៦ ពាន់លានដុល្លារ (៥,២ភាគរយ) ធ្លាក់ចុះ ០,៣ ភាគរយ, និងប្រទេសកាណាដា ៧៧៣,៧១ ពាន់លានដុល្លារ (៣,៨ភាគរយ) ធ្លាក់ចុះ ២៤,៦ ភាគរយ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែធ្នូថា កំណើនទំហំទឹកប្រាក់នាំចេញទំនិញទៅទីផ្សារអន្តរជាតិគឺជារឿងល្អ ជាពិសេសក្នុងដំណាក់កាលដែលកំណើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ដូចពេលនេះ។
លោកបន្តថា មូលហេតុដែលប្រទេសទាំង ៥ គឺជាចំណែកសំខាន់ក្នុងការទិញទំនិញពីកម្ពុជា គឺអាចដោយសារកត្តាមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត, គុណភាពទំនិញកម្ពុជាស្របតាមការចង់បានរបស់អ្នកបញ្ជាទិញ, និងកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីពហុភាគី។
លោកបានថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ចរាចរណ៍ទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសប្រទេសទាំង ៥ នឹងមានច្រើនបន្ថែមទៀតចាប់ពីឆ្នាំ ២០២៤ ទៅ ខណៈសមត្ថភាពផលិតកម្ម និងគុណភាពទំនិញកម្ពុជា មានភាពល្អប្រសើរជាលំដាប់»។
បើតាម លោក វណ្ណៈ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក-កាណាដា គឺកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP រីឯជាមួយប្រទេសចិន គឺមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងប្រទេសវៀតណាម-ជប៉ុន គឺជាក្រុមប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាក្នុងនោះផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុកនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានជួយឱ្យការនាំចេញទំនិញពីកម្ពុជាទៅគ្រប់គោលដៅលើពិភពលោកកើនឡើងកាន់តែខ្ពស់។ កំណើនផលិតកម្មក្នុងស្រុក គឺមិនត្រឹមតែជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកេរ្តិ៍ឈ្មោះគុណភាពផលិតផលកម្ពុជាត្រូវបានគេទទួលស្គាល់កាន់តែច្រើន។ លោកបន្តថា ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជន កម្ពុជាបានពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែធំនាពេលនេះ។
លោកថ្លែងថា៖ «ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ក៏ដូចជាធ្វើការបញ្ជាទិញទំនិញពីកម្ពុជា គឺកន្លងមកសភាពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងរបស់ខ្លួននៅប្រទេសមួយចំនួនរួចហើយ»។ ការិយាល័យនេះ បានក្លាយជាចំណែកសំខាន់ក្នុងការលើកកម្ពស់ការនាំចេញ និងកំណើនសេដ្ឋកិច្ចកម្ពុជា»។
បច្ចុប្បន្នការិយាល័យតំណាងរបស់សភាពាណិជ្ជកម្មកម្ពុជា មាននៅក្នុងប្រទេសមួយចំនួនដូចជា កាណាដា ជប៉ុន និងអូស្ត្រាលី ជាដើម។ នេះបើតាម លោក លឹម ហេង។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ថា បច្ចុប្បន្នកម្ពុជាកំពុងនាំចេញទំនិញសក្តានុពលរបស់ខ្លួនកាន់តែច្រើនទៅប្រទេសទាំង៥ ដែលមានដូចជា ផលិតផលវាយនភណ្ឌ ស្បែកជើង កាបូប និងគ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកសិផល ជាដើម។
លោកនិយាយថា៖ «ដោយសារប្រទេសកម្ពុជាយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសទាំង ៥ ដែលជាហេតុនាំឱ្យការនាំចេញទំនិញពីកម្ពុជាមានសម្ទុះកើនឡើង។ ខ្ញុំគិតថា ការនាំទំនិញទៅប្រទេសទាំង ៥ នឹងមានសម្ទុះកើនឡើងថែមទៀតពេលថ្ងៃខាងមុខ»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា ការរៀបចំបានល្អលើប្រព័ន្ធច្បាប់វិនិយោគ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងការពង្រីកទីផ្សារនាំចេញបានជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនឱ្យចូលមកបណ្តាក់ទុន។
លោកបន្ថែមថា នៅពេលការនាំចេញ-នាំចូលមានកាន់តែច្រើន ចរន្តសេដ្ឋកិច្ចជាតិនឹងកើនឡើង ហើយសកម្មភាពក្នុងវិស័យដឹកជញ្ជូនក៏ល្អប្រសើរឡើងដែរ។
លោកលើកឡើងថា៖ «ខ្ញុំមានជំនឿថា ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារគោលដៅនានាលើពិភពលោក ពិសេសប្រទេសទាំង ៥ នឹងមានភាពល្អប្រសើរចាប់ពីពេលនេះតទៅ ខណៈកម្ពុជាពេលនេះ គឺកំពុងបង្ហាញពីភាពល្អប្រសើរលើគ្រប់វិស័យទាំងសមត្ថភាពផលិតកម្ម និងការដឹកជញ្ជូន»។
យោងតាមលោក ចាន់ដារ៉ា បន្ទាប់ពីវិបត្តិនានាលើពិភពលោកដែលកំពុងកើតមានក្នុងពេលនេះបិទបញ្ចប់ ការនាំចេញផលិតផលសំខាន់ៗរបស់កម្ពុជាប្រាកដជានឹងហក់ឡើងខ្ពស់ ដែលមានដូចជា វាយនភណ្ឌ គ្រឿងបង្គុំ និងកសិកម្ម។
កាលពីឆ្នាំ ២០២២ ការនាំទំនិញទៅប្រទេសទាំង ៥ មានទឹកប្រាក់សរុប ១៤,៦៧ ពាន់លានដុល្លារ (ស្មើនឹង ៦៥,២ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុប) កើនឡើង ១២,៥៦ ភាគរយពីចំនួន ១៣,០៣ ពាន់លានដុល្លារកាលពីឆ្នាំ២០២១។ នេះបើយោងតាម GDCE៕