ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈតេឡេក្រាមនៅព្រឹកថ្ងៃទី ២៨ ខែធ្នូនេះ បានសម្តែងការស្វាយគមន៍នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដែលបានមកកាន់កម្ពុជាសាជាថ្មី ដោយបាននាំភ្ញៀវទេសចរប្រមាណជាង ២ ០០០ នាក់ មកទស្សនាប្រទេសកម្ពុជា។
ប្រភពដដែលបានឱ្យដឹងថា ការមកកាន់កម្ពុជាសាជាថ្មីនៃនាវាខ្នាតយក្ស Westerdam នេះបានធ្វើឱ្យអន្តរជាតិកាន់តែស្គាល់ប្រទេសកម្ពុជា ហើយ ភ្ញៀវទេសចរដែលបានចូលមកលេងកម្សាន្តនៅកម្ពុជាពេលនេះ នឹងបានឃើញជាក់ស្តែងពីសុខុដុមនីយកម្ម នៃសន្តិភាព ការរីកចម្រើន វឌ្ឍនភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ផងដែរ។
តាមរយៈតេឡេក្រាមលោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាវាខ្នាតយក្ស ១ នេះ ធ្លាប់បានធ្វើការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី៣ឆ្នាំមុនដោយសារបញ្ហាជំងឺកូវីដ ១៩ គឺនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលនោះ។ ពេលវេលានោះ ជាពេលដែលកំពុងមានការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ ១៩ ពាសពេញពិភពលោក ហើយទង្វើមនុស្សធម៌ ក្នុងការជួយសង្គ្រោះជិវិតមនុស្ស នៅលើនាវានោះ គឺជាការលើកកម្ពស់សិទ្ធិមនុស្ស និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
លោកបញ្ជាក់ថា៖«កម្ពុជាតូច តែបេះដូងធំ បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ»។
លោកបន្ថែមថា៖ «ការត្រឡប់មកវិញនេះ គឺជាការរំឭក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន»។
តាមការផ្សាយព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នាវាខ្នាតយក្សនេះ នឹងត្រឡប់ទៅវិញ នាវេលាម៉ោង ៩យប់ថ្ងៃដដែលនេះ ខណៈអ្នកទេសចរប្រមាណ ៦០០ នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕