ភ្នំពេញៈ រដ្ឋាភិបាលបន្តសម្រួលអត្រាពន្ធនាំចេញផលិតផលកៅស៊ូទៅទីផ្សារអន្តរជាតិ ២ ឆ្នាំទៀតចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៤ តទៅ ដើម្បីជាការលើកទឹកចិត្តដល់ការដាំដុះ និងការជួយដល់អ្នកដាំដុះ និងក្រុមហ៊ុននាំចេញដែលបានកំពុងប្រឈមនឹងការធ្លាក់ថ្លៃជ័រកៅស៊ូអស់រយៈពេលជាច្រើនឆ្នាំមកនេះដោយសារតែតម្រូវការអន្តរជាតិធ្លាក់ចុះ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្ងៃទី ២៣ ខែវិច្ឆិកា និងទទួលបានដោយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែធ្នូ ការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញកៅស៊ូ ដែលក្នុងនោះរួមមាន៖ ពុំជាប់អាករនាំចេញ បើតម្លៃគិតអាករនាំចេញទាបជាង ១ ៦០០ ដុល្លារ ក្នុង ១ តោន; ជាប់អាករនាំចេញ ២៥ ដុល្លារក្នុង ១ តោន បើតម្លៃគិតអាករនាំចេញចាប់ពី ១ ៦០០ ដុល្លារឡើង តែទាបជាង ២ ០០០ ដុល្លារ ក្នុង ១ តោន; ជាប់អាករនាំចេញ ៥០ ដុល្លារក្នុង ១ តោន បើតម្លៃគិតអាករនាំចេញចាប់ពី ២ ០០០ ដុល្លារឡើង តែទាបជាង ២ ៧០០ ដុល្លារ ក្នុង ១ តោន; ជាប់អាករនាំចេញ ១០០ ដុល្លារក្នុង ១ តោន បើតម្លៃគិតអាករនាំចេញចាប់ពី ២ ៧០០ ដុល្លារឡើង តែទាបជាង ៣ ៧០០ ដុល្លារ ក្នុង ១ តោន; ជាប់អាករនាំចេញ ២០០ ដុល្លារក្នុង ១ តោន បើតម្លៃគិតអាករនាំចេញចាប់ពី ៣ ៧០០ ដុល្លារឡើងទៅ។
អនុក្រឹត្យនេះបានគូសបញ្ជាក់ថា៖ «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ តទៅ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងមកកាន់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៨ ខែធ្នូថា ការសម្រេចរបស់រដ្ឋាភិបាលនេះធ្វើឡើងក្រោយពីវិស័យឯកជន ក្នុងវេទិការដ្ឋាភិបាលនិងវិស័យឯកជនកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានស្នើទៅរដ្ឋាភិបាលជួយសម្រួលដល់ផ្នែកពន្ធនាំចេញដោយសារតែតម្លៃកៅស៊ូសកលបានបន្តធ្លាក់ថ្លៃជាច្រើនឆ្នាំជាប់ៗគ្នាដែលធ្វើឱ្យប្រទេសផលិតកៅស៊ូជាច្រើនបានដួលរលំ។
លោកបានថ្លែងថា៖ «ក្នុងវេទិការដ្ឋាភិបាលនិងវិស័យឯកជនកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាយើងដែលមានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាបានលើកសំណើទៅកាន់លោកនាយករដ្ឋមន្ត្រី ក្រោយមកយើងឃើញថារាជរដ្ឋាភិបាលបានឱ្យអគ្គនាយកដ្ឋានគយពិភាក្សាលើកពន្ធនាំចេញក្នុងនោះយើងបាន ទទួលនូវលទ្ធផលវិជ្ជមានពីរដ្ឋាភិបាលបានសម្រេចកាល ពីពេលថ្មីៗនេះ ដោយបានបន្តលើកលែងពន្ធនាំចេញកៅស៊ូរយៈពេល ២ ឆ្នាំបន្តទៀត។
លោកបានគូសបញ្ជាក់ថា ការលើកទឹកចិត្តពន្ធដារលើវិស័យកសិកម្មជាពិសេសលើវិស័យកៅស៊ូនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យកៅស៊ូ ដោយសារតែ មានប្រទេសមួយចំនួនបានកំពុងដួលរលំដោយសារតែតម្លៃមិនអាចទប់ទល់នឹងការចំណាយបាន។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូរហូតដល់ប្រមាណជាង ៤០ ម៉ឺនហិកតា ដូច្នេះការផ្គត់ផ្គង់កៅស៊ូអាចរក្សាលំនឹងបាន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ សម្រាប់តម្លៃជ័រកៅស៊ូវិញ គិតត្រឹមខែ វិច្ឆិកា គឺមានតម្លៃ ១ ៣៣៣ ដុល្លារ ក្នុង ១ តោន ថយចុះចំនួន ១១១ ដុល្លារក្នុង ១ តោន ស្មើ នឹង ៧,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
របាយការណ៍ដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះ ផ្ទៃដីដាំដុះកៅស៊ូទំហំ ៣១៥ ៣៣២ ហិកតា ត្រូវបានចៀរជ័រ ស្មើនឹង ៧៨ ភាគរយ និងផ្ទៃដីថែទាំ ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ៕