ភ្នំពេញៈ ទោះបី​ជាមាន​ភាពមិនប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​សកល និង​ក្នុង​តំបន់​ដែល​កើតចេញពី​ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​នៅតែមាន​ភាព​ធន់​នឹង​កត្តា​ខាងក្រៅ​។​

​យោងតាម​ទិន្នន័យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ​(CMA) គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​ ២០២៣ វិស័យនេះ​មាន​សមតុល្យ​ប្រាក់កម្ចី​សរុប​ជាង​ ៥ ​ពាន់​លាន​ដុល្លារ និង​មាន​អតិថិជន​កម្ចី​ជាង ១,៥​ លាន​នាក់ ខណៈ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ មាន​ប្រាក់​បញ្ញើ​ប្រមាណ ២ ​ពាន់​លាន​ដុល្លារ ជាមួយនឹង​អ្នក​ដាក់​ប្រាក់​ជិត ២​ លាន​នាក់​។​

​ក្នុងន័យនេះ​លោក សុខ វឿន ប្រធាន CMA និង​ជានា​យក​​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ LOLC(Cambodia)Plc បានផ្តល់​បទ​សម្ភា​ន៍​ជាមួយនឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពិភាក្សា​ពី​ប្រតិបត្តិការ​អាជីវកម្ម​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ ២០២៣ ​និង​ទស្សនវិស័យ​សម្រាប់​ឆ្នាំ ​២០២៤ ខាងមុខ​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ វា​ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​អាជីវកម្ម​។ តើ​លោក​យល់​បែបណា​ដែរ​ចំពោះ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​?

​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅតែ​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិ​ជន​ទាំង​បុគ្គល និង​សាជីវកម្ម​។ វិស័យនេះ​គឺជា​ផ្នែក​មួយ​សំខាន់​នៃ​សេដ្ឋកិច្ចកម្ពុជា ដែល​ចូល​​រួម​ដោយមាន​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ជាច្រើន​រួមមាន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា ប្រតិបត្តិ​ករ​ឥណទាន ... និង​ក្រុមហ៊ុន​ធានារ៉ាប់រង​។​

​បើ​យោងតាម​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ​ ២០២៣ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ផលប័ត្រ​ប្រាក់កម្ចី​បាន​កើន​​ឡើង​ប្រហែល ៤,៩ ​ភាគរយ​កាលពី​ខែមិថុនា​ឆ្នាំនេះ​ធៀប​ទៅនឹង​ផលប័ត្រ​ប្រាក់កម្ចី​កាលពី​ចុងឆ្នាំ​ ២០២២ ខណៈ​ប្រាក់​បញ្ញើ​អតិថិជន​បាន​កើនឡើង​ប្រហែល ៣,១ ភាគរយ​។​

​សម្រាប់​ប្រាក់កម្ចី​ត្រូវបាន​ផ្តល់ទៅឱ្យ​វិស័យ​សំខាន់ៗ​ដូច​ជា ពាណិជ្ជកម្ម លំនៅឋាន​សំ​ណង់ និង​អចលនទ្រព្យ កសិកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​ផលិតកម្ម និង​នៅក្នុង​ចំណោម​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។ ប្រាក់កម្ចី​មិន​ដំណើរការ​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិ​​រញ្ញ​វត្ថុ ស្ថិតក្នុង​អត្រា​មួយ​ទាប​ដែល​អាច​គ្រប់គ្រង​បាន​។​

​និយាយ​ជារួម យើង​ប្រឈម​នឹង​ស្ថានការណ៍​ពិបាក​ខ្លាំង​ទាំង​អាជីវកម្ម និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដោយសារ​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ប្រ​ឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ទើបតែ​បាន​ស្ទុះ​ងើបឡើង​វិញ​ពី​ជំងឺ​កូ​វីដ​ ១៩​។ ទោះបីជា​យ៉ាងណា ក្រោម​យុទ្ធសាស្ត្រ​ច្បាស់​​លាស់ និង​ការគាំទ្រ​យ៉ាង​ល្អ​ពី​និយ័ត​ករ​ទាំងអស់ ជាពិសេស NBC និង​រដ្ឋាភិបាល ដំណើរ​ការ​នៃ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅតែ​រក្សា​សុវត្ថិភាព​រួមគ្នា​ជាមួយ​អតិថិជន​របស់​យើង​។​

តើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ស្ថាប័ន​លោក​នៅ​ឆ្នាំនេះ​មាន​លក្ខណៈ​ដូចម្តេច​ដែរ​?

​បើ​គិត​ត្រឹម​ខែកញ្ញា ក្នុង​ឆ្នាំ ២០២៣ ផលប័ត្រ​ប្រាក់កម្ចី​របស់ LOLC មាន​ជាង ១,២៤ ពាន់​លាន​ដុល្លារ និង​សមតុល្យ​ប្រាក់​បញ្ញើ​មាន​ចំនួន ៨៦៥ លាន​ដុល្លារ​។​

​យើង​ក៏មាន​ទ្រព្យសកម្ម​ដែលមាន​តម្លៃ​ជាង ១,៥៤ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​បុគ្គលិក​ដែលមាន​បទពិសោធន៍ ជាង ៣ ៥០០ នាក់​ផងដែរ​។ LOLC (Cambodia)Plc. គឺជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ LOLC មាន​គោលបំណង​ចង់​បង្កើត​ឥទ្ធិពល​ជា​វិជ្ជមាន​យូរអង្វែង​លើ​សហគមន៍​ដែល​ខ្លួន​បាន​បម្រើ​តាមរយៈ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព បរិ​យា​ប័ន្ន និង​ផ្តោតលើ​អតិថិជន​ស្របពេល​ជាមួយគ្នា​នឹង​ការបង្កើត​តម្លៃបន្ថែម​គ្រប់ភាគី​ពាក់ព័ន្ធ​។​
​យើង​មើលឃើញថា​អ្នក​ខ្ចីប្រាក់​កំពុង​ប្រឈម​នឹង​បញ្ហា​លើ​ការសង​ប្រាក់​ត្រឡប់​ទៅវិញ ដោយសារ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​។​

តើ​អ្វី​ជា​យុទ្ធសាស្ត្រ​របស់លោក​ក្នុង​ការជួយ​ពួកគេ​ក្នុងពេល​ដ៏​លំបាក​នេះ​?

​ដើម្បី​ជួយ​ដល់​អតិថិជន​មួយចំនួន​ដែល​កំពុង​ប្រឈម មុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុងអំឡុងពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ​នេះ LOLC ក៏បាន​ព្យា​យាម​ស្វែងយល់​អំពី​ស្ថានភាព និង​លំហូរ​សាច់ប្រាក់​របស់​អតិ​ថិ​ជន ហើយ​បានផ្តល់​ការរៀប​ចំ​ឥណទាន​ឡើងវិញ​ស្របតាម​ស្ថានភាព​ជាក់ស្តែង ដោយ​ផ្តល់នូវ​ជម្រើស​ដល់​អតិ​ថិ​ជន ដើម្បី​ជួយ​សម្រួល​ដល់​ការសង​ប្រាក់ និង​រយៈពេល​អនុគ្រោះ​ដើម្បី​ស្តារ​អាជីវកម្ម​របស់​ពួកគេ​ឡើងវិញ​។ ទាក់ទង​នឹង​បញ្ហា​នេះ យើង​ចាំបាច់​ត្រូវ​ផ្តល់​ការ​បន្ថែម​សម្រាប់​អ្នក​ដែល​រៀបចំ​រៀបចំ​ឥណទាន​ឡើងវិញ​។​

រដ្ឋាភិបាល បាន​បង្កើត​ធនា​គារ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME Bank)​ ដើម្បី​ធ្វើ​ការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងទៀត ចាក់​បញ្ចូល​ថវិកា​ដល់ SMEs តើ LOLC បាន​ចូលរួម​ជាមួយ​ដែរឬទេ​?

​ជាការ​ពិតណាស់​សម្រាប់​ការបង្កើត​ធនាគារ SME Bank នេះ​គឺ​យើង​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ LOLC របស់​យើង​ក៏បាន​ចូលរួម និង​ចូលរួម​ជា​សមាជិក​នៃ​គម្រោង​នេះ​ផងដែរ​។ LOLC បាន​បញ្ចេញ​ប្រាក់កម្ចី​ក្រោម​គម្រោង​នេះ​ចំនួន​ប្រមាណ ២ លាន​ដុល្លារ ដល់​អតិថិជន​ដែលជា ​SME នៅ​ទូទាំងប្រទេស​។​

យើង​សង្កេតឃើញថា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​បាន​ផ្លាស់​ប្តូរ​បទពិសោធន៍​រប​ស់​អតិថិជន​ក្នុង​វិស័យ​ធនាគារ និង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​។ តើ​លោក​យល់​យ៉ាងដូចម្តេច​?

​សម្រាប់​ការកើនឡើង​នៃ​សេវា​ធនាគារ​ចល័ត​គឺជា​ការ​ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​បំផុត​មួយ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​យើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​វិស័យ​ហិរញ្ញវត្ថុ​បាន​ក្លាយជា​វិស័យ​នាំមុខគេ​ក្នុងការ​ចាប់យក​ចលនា​ឌីជីថល ពិសេស​តាមរយៈ​តម្រូវការ​ខ្ពស់​ក្នុង​ការប្រើ​​ប្រាស់​ធនាគារ​ចល័ត​។ ការរីក​រាលដាល​កូ​វីដ​១៩ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏​ជា​មូលហេតុ​ដែល​ជំរុញ​និ​ន្នា​ការ​នេះ​ផងដែរ ដោយ​បញ្ជាក់​ពី​តម្រូវការ សុវត្ថិភាព រហ័ស កាត់​បន្ថយ​ការចំណាយ និង​ពេល​​វេលា​ដោយ​មិនចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅ​ការិយាល័យ​ធនាគារ​ដោយផ្ទាល់ ដើម្បី​ទទួលបាន​សេវាកម្ម​នោះទេ​។​

​ការផ្លាស់ប្តូរ​នេះ​កំពុង​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​តាមរយៈ​ការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ការបង្កើន​ប្រសិទ្ធភាព និង​ការ​ជំរុញ​នវានុវត្តន៍​។ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងស្រុក​ជាច្រើន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បរិវត្ត​កម្ម​ឌីជីថល ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ដែល​កំពុង​កើនឡើង​។​

​តើ LOLC បានធ្វើការ​ស្ទង់​មតិ​ដើម្បី​ស្វែងយល់​ពី​ការយល់​ឃើញ​របស់​អតិថិជន​ដែល​ប្រើ​ប្រាស់​ផលិតផល និង​សេវាកម្ម​របស់ LOLC ដែរឬទេ​?

​នៅ​ឆ្នាំ​ ២០២៣ LOLC បាន​សហការ​ជាមួយ Oiko Credit ដែលជា​អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ ថុ​(MFI) ដើម្បី​ជួយ​ដល់ SMEs និង​មូលនិធិ​ផ្សេងទៀត​ដែល​ត្រូវការ​តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​កម្ចី និង​ម​ធ្យោ​​បាយ​ផ្សេងទៀត​បានធ្វើការ​ស្ទង់​មតិ ១ (​ទំហំ​គំរូ​ប្រមាណ​ ៨០០ នាក់​) ក្នុង​គោលបំណង​ស្វែង​យល់​ពី​ការយល់ឃើញ​របស់​អតិថិជន កំណត់​កម្រិត​នៃ​ការ​យល់ដឹង​របស់​អតិថិជន​ជាមួយនឹង​ផលិតផល និង​សេវាកម្ម​របស់​យើង ស្វែងរក​ចំណុច​ខ្វះ​​ខាត​របស់ LOLC ដើម្បី​បង្កើន​គុណភាព​ផលិតផល និង​សេវា​​កម្ម​តាមរយៈ​ការ​ប្រតិកម្ម​តប​របស់​អតិថិជន និង​ផ្តល់​អនុ​សាសន៍​មួយចំនួន​ដើម្បី​បង្កើន​តម្រូវការ​ការយល់ឃើញ​របស់​អតិថិជន​។​

​ជា​លទ្ធផល​យើង​កត់សម្គាល់​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា អ្នកឆ្លើយ​សំណួរ ៥៤ ភាគរយ​នៃ​អតិថិជន​យើង​គឺមាន​ការ​សន្សំ​ប្រាក់​។ នៅក្នុង​ចំណោម​អ្នក​ដែលមាន​ប្រាក់​សន្សំ​ទាំងនោះ ចំនួន​ ៨០ ​ភាគ​​រយ បានឱ្យដឹងថា ប្រាក់​សន្សំ​របស់​ពួកគេ​បាន​កើនឡើង​ក្នុង​រយៈពេល ១២ ខែ​មកនេះ​។​

​ជាមួយគ្នានេះដែរ អ្នកឆ្លើយ​សំណួរ ៤២ ភាគរយ គឺ​ប្រកប​របរ​កសិកម្ម​ជា​ប្រភព​ចំណូល​ចម្បង​របស់​ពួកគេ ខណៈ​អ្នក​ឆ្លើយ​សំណួរ ៦៦ ​ភាគរយ បានឱ្យដឹងថា​ពួកគេ​ជា​ធុរជន​ធ្វើការ​ងារ​ដោយ​ឯករាជ្យ​ឬ​ធ្វើ​ការងារ​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​។ ក្នុងចំណោម​មនុស្ស​ជិត ៨០០ នាក់​ក្នុងនោះ ៩០​ ភាគរយ​បានឱ្យដឹងថា LOLC មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើ​ជីវិត​ពួកគេ​។​មនុស្ស ៥៤៩ ​នាក់​ក្នុងចំណោម​មនុស្ស​ជិត ៨០០ ​នាក់​ដែលមាន​ប្រាក់ចំណូល​កើន​ចន្លោះ​ពី​ខែឧសភា ឆ្នាំ ​២០២២ ដល់​ខែឧសភា ឆ្នាំ​ ២០២៣ ពួកគេ​មាន​ចំនួន ៩៤​ ភាគរយ​មាន​ប្រាក់ចំណូល​កើនឡើង ដោយ​ពួកគេ​បានឱ្យដឹងថា LOLC មាន​ឥទ្ធិពល​ខ្លះៗ​ក្នុងការ​ធ្វើឱ្យ​ប្រាក់ចំណូល​កើនឡើង​។​

​សម្រាប់​អ្នកឆ្លើយ​សំណួរ ៩២ ភាគរយ​ដែលជា​អតិថិជន​របស់ LOLC មានលទ្ធភាព​ប្រើ​​ប្រាស់​អ៊ី​ន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​​ដៃ​របស់​ពួកគេ ដែលជា​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​សម្រាប់​ការធ្វើ​ឌីជីថល​នីយកម្ម​ហិរញ្ញវត្ថុ ការកាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​​ការ និង​ប្រើប្រាស់​ពេលវេលា មាន​សុវត្ថិភាព​ជាង​មុន និង​ងាយស្រួល​ក្នុងការ​គាំទ្រ​ប្រតិ​ប​ត្តិ​ការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​។​

​តើ​លោក​មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​ទស្សនវិស័យ​វិស័យនេះ​សម្រាប់​ឆ្នាំ ២០២៤?

​ទស្សនវិស័យ​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​ក​ម្ពុ​ជា​នៅ​ឆ្នាំ​ ​២០២៤ គឺ​ខ្ញុំ​នៅតែមាន​សុ​ទិដ្ឋិ​និយម​ខ្លាំង ដោយសារតែ​កំណើនសេដ្ឋកិច្ច​នៅតែ​រឹងមាំ​ជាមួយនឹង​ការ​ព្យាករ​របស់​រដ្ឋា​ភិ​បាល​គឺ​ក្នុង​រង្វង់ ៦​ ភាគរយ​នៅ​ឆ្នាំក្រោយ​។ ដោយមាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ការ​ឆាប់​ទទួលយក​នូវ​បច្ចេកវិទ្យា​បានផ្តល់​ឱកាស​សម្រាប់​ការពង្រីក និង​បង្កើន​ការរួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​។ វិស័យ​ចាំបាច់​មួយចំនួន​ត្រូវ​សម្រប​ខ្លួន បង្កើត​ថ្មី និង​ផ្តល់​អាទិភាព​ដល់​ការផ្តល់​ប្រាក់កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ធានាបាន​នូវ​កំ​ណើ​ន​ប្រកបដោយ​ចីរភាព និង​ឥទ្ធិពល​វិជ្ជមាន​៕​