ភ្នំពេញៈ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលហាក់មានភាពតានតឹង ក៏យើងអាចនិយាយបានថា ទីផ្សារមូលបត្រកម្ពុជាមានភាពមមាញឹកក្នុងការទទួលស្វាគមន៍ក្រុមហ៊ុនថ្មីៗជាច្រើនក្នុងការចុះបញ្ជីទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលពិសេសការកើនឡើងទាំងទំហំការជួញដូរប្រចាំថ្ងៃ និងចំនួននៃការបើកគណនីជួញដូរថ្មី។ នេះបើតាមអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX)។
អគ្គនាយក CSX លោក ហុង សុហួរ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គិតត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកា ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២១ ដែលរួមមានក្រុមហ៊ុន ១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន ១០ ចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម និងបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណ ៣៤៩ លានដុល្លារអាមេរិក។
លោកបន្ថែមថា សម្រាប់ការជួញដូរវិញ នៅក្នុងខែតុលា ឆ្នាំ ២០២៣ កន្លងទៅ បរិមាណនៃការជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានចំនួនប្រមាណ ១៣ ម៉ឺនភាគហ៊ុនក្នុង ១ ថ្ងៃ ចំណែកទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមប្រមាណ ២១ ម៉ឺនដុល្លារ ជាមួយនឹងវិនិយោគិនសកម្មក្នុងការជួញដូរ (Active investors) មានប្រមាណ ១១ ពាន់នាក់។
រីឯចំនួនគណនីជួញដូរ បើគិតត្រឹមខែតុលា ឆ្នាំ ២០២៣ CSX មានប្រមាណ ៤៤ ពាន់គណនី ប៉ុន្តែបន្ទាប់ពីមានកម្មវិធីពិព័រណ៍ផ្សារហ៊ុនកម្ពុជា My First Stock 2023 ធ្វើឡើងកន្លងមក ឃើញថា ចំនួនអ្នកបើកគណនីជួញដូរតាមប្រព័ន្ធអនឡាញ និងតាមបញ្ជររបស់ក្រុមហ៊ុនមូលបត្រមានប្រមាណ ៣ពាន់គណនី ដែលធ្វើឱ្យចំនួនគណនីសរុបហក់ដល់ប្រមាណជា ៤៧ ពាន់គណនីជួញដូរ។
លោកបានថ្លែងថា៖ «យើងក៏រំពឹងថា នឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណសាជីវកម្ម ក៏ដូចជាសញ្ញាបណ្ណតាមវិស័យជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៤ ខាងមុខផងដែរ។ សម្រាប់ឆ្នាំ ២០២៤ ខាងមុខ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការនាំយកឧបករណ៍ហិរញ្ញវត្ថុមួយទៀតដែលយើងហៅថា គម្រោងវិនិយោគរួម និងគំនិតផ្តួចផ្តើមថ្មីៗទៀតដែលគាំទ្រ និងជំរុញដល់ការចុះបញ្ជីនៃក្រុមហ៊ុនសក្តានុពល ក៏ដូចជាបង្កើនចំណេះដឹងក្នុងការវិនិយោគដល់សាធារណជនផងដែរ»។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប កាលពីពេលថ្មីៗនេះបាននិយាយថា ចាប់តាំងពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារសម្រាប់វិស័យមូលបត្រចំនួន ៤ លើករួចមកហើយ។
លោកបន្តថា៖ «ក្រុមហ៊ុនចុះបញ្ជីទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូលរហូតដល់ទៅ ៥០ ភាគរយ រយៈពេល ៣ ឆ្នាំដំបូង និងការអនុគ្រោះបំណុលពន្ធផ្សេងៗទៀត។ យើងនឹងនៅតែបន្តគាំទ្រ និងអភិវឌ្ឍទីផ្សារនេះឱ្យរីកចម្រើនទៅមុខ»។
លោកក៏បានបង្ហាញការគាំទ្រចំពោះកម្មវិធីពិព័រណ៍ផ្សារហ៊ុនកម្ពុជា ដែលបានចូលរួមចំណែកដល់ការបញ្ជ្រាបការយល់ដឹង និងផ្តល់ឱកាសដល់សាធារណជនក្នុងការសិក្សាស្វែងយល់ពីកាលានុវត្តភាពនៃការវិនិយោគក្នុងផ្សារហ៊ុនកម្ពុជាឱ្យកាន់តែច្រើនឡើង។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាក៏បានលើកឡើងដែរថា ទីផ្សារមូលបត្រកម្ពុជាកំពុងរីកចម្រើនទៅមុខ និងមានការចុះបញ្ជីលក់មូលបត្រជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងស្រុក ដែលឆ្លុះបញ្ចាំងអំពីតួនាទីរបស់ផ្សារហ៊ុនបានកំពុងក្លាយជាជម្រើសនៃប្រភពទុនថ្មីមួយទៀត៕