ភ្នំពេញៈ ប្រទេសកម្ពុជា និងវៀតណាម បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ QR ឆ្លងដែន ដើម្បីលើកកម្ពស់ភ្ញៀវទេសចរ ពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំង ២។
ការដាក់ឱ្យប្រើប្រាស់គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ (QR Code) នេះត្រូវបានធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) និងលោកស្រី Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាម (SBV) កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅទីរួមខេត្តសៀមរាប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ការដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែននេះ បានធ្វើឡើងបន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខារវាងធនាគារកណ្តាលប្រទេសទាំង ២ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ បន្ទាប់ពីចុះហត្ថលេខាក្រុមការងារបច្ចេកទេសនៃធនាគារកណ្តាលប្រទេសទាំង ២ បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីបែបបទនៃការភ្ជាប់ទំនាក់ទំនង និងបានឯកភាពគ្នាលើការប្រើប្រាស់ម៉ូដែលឧបត្ថម្ភសម្រាប់គម្រោងនេះ។
បន្ទាប់មក NBC បានជ្រើសរើសធនាគារ អេស៊ីលីដា ជាធនាគារទំនាក់ទំនង (Sponsoring Bank) របស់កម្ពុជា ដើម្បីទទួលខុសត្រូវលើការធ្វើសមាហរណកម្មបច្ចេកទេស និងដើរតួជាធនាគារទូទាត់សម្រាប់កម្ពុជា។ ចំណែកនឹងនេះ SBV បានជ្រើសរើសសាជីវកម្មទូទាត់ជាតិវៀតណាម (NAPAS) ជាប្រតិបត្តិករសម្រាប់ការតភ្ជាប់បច្ចេកទេស ហើយ ធនាគារ BIDV ដើរតួជាធនាគារទូទាត់នៃភាគីវៀតណាម។ ធនាគារអេស៊ីលីដា បានបន្តធ្វើការងារជាមួយធនាគារ Sacom Bank ធនាគារ BIDV និង NAPAS នៃប្រទេសវៀតណាម។
NBC បានឱ្យដឹងថា៖«ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម សម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃការតភ្ជាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងវៀតណាមសម្រាប់ការដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់តាម QR។ ការណ៍នេះបង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ធនាគារកណ្តាលកម្ពុជា និងវៀតណាមលើការតភ្ជាប់នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់ប្រទេសទាំង ២ នេះ។ ប្រព័ន្ធនេះអាចឱ្យប្រជាជនប្រទេសទាំង ២ ធ្វើការទូទាត់ឆ្លងដែនប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។ ប្រព័ន្ធនេះក៏លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកផងដែរ។ ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម QR រវាងប្រទេសទាំង ២ ក៏រំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ជាពិសេសភ្ញៀវទេសចរ និងពាណិជ្ជករផងដែរ»។
លោកស្រី ជា សិរី បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល CamTech ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា ជាអ្នកសម្របសម្រួលក្នុងប្រព័ន្ធទូទាត់ ធនាគារកណ្តាលបានទទួលយកបច្ចេកវិទ្យាថ្មីៗក្នុងការធ្វើទំនើបកម្ម។ ប្រព័ន្ធបាគងមានគោលបំណងដោះស្រាយបញ្ហាអន្តរប្រតិបត្តិការ ប្រសិទ្ធភាព បរិយាបន្នហិរញ្ញវត្ថុ និងភាពងាយស្រួលនៃការប្រើប្រាស់ប្រាក់រៀលកម្ពុជា (KHR)។ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ ២០២០ គ្រឹះស្ថាន ៧១ បានក្លាយជាសមាជិកក្នុងនោះគ្រឹះស្ថាន ៥២ បានប្រតិបត្តិការរួចហើយ ទៅដល់អតិថិជនជាង ១០ លាននាក់ និងដំណើរការប្រតិបត្តិការសរុប ៦៣ លានដង។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានលើកឡើងថា ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសវៀតណាម និងកម្ពុជា ធនាគារ អេស៊ីលីដា និងធនាគារ BIDV ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនងសម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូដនៅកម្ពុជា និងវៀតណាម ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងថ្នាក់តំបន់ និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន៕