ភ្នំពេញៈ កម្ពុជា​រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ បាន​ជាង ៣២​ ​លាន​ដុល្លារ ក្នុង​រយៈពេល ១១ ​ខែ​ដើមឆ្នាំ​ ២០២៣ កើនឡើង​ជាង ២៦០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ត្រូវ​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរ​​ណ៍ និង​ស្ថិតក្រោម​អាណា​ព្យា​បាល​ហិរញ្ញវត្ថុ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ការប្រមូល​ចំ​ណូ​ល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រា​សាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧​ ដុល្លារ​, រយៈ​ពេល ៣ ​ថ្ងៃ​តម្លៃ ៦២ ​ដុល្លារ និង ៧​ ថ្ងៃ មានតម្លៃ ៧២​ ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី​ ១ ខែធ្នូ ឱ្យដឹងថា​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ ​២០២៣ ភ្ញៀវទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន ៦៩៩ ៩៩៦​ នាក់​ដោយ​រក​ចំណូល​ពី​ការលក់​សំបុត្រ​បាន ៣២,៥៥​ លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន គឺ​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ បាន​កើនឡើង ២១០,៨៥​ ភាគរយ និង​ចំនួន​ប្រាក់​កើន ២៦១,១២ ​ភាគរយ​។​

​ដោយឡែក​ក្រៅពី​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ ក៏​រកចំណូលបាន ៦៨៥ ២៣៣​ ដុល្លារ​ផងដែរ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​នៅ​ប្រាសាទ​កោះ​កេរ ដែលមាន​ចំនួន ១៨៤ ២០០​ ដុល្លារ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​​ឃ្នៀ​ស ចំនួន ៥០១ ០៣៣ ​ដុល្លារ​។​

​លោក ខៀវ ធី ប្រធាន​សមាគម​ម​គ្គុ​ទ្ទេស​ក៍​ទេសចរ​អង្គរ បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​បាន​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​ឡើងជា​គំហុក​ទេ ដោយ​មូលហេតុ​គឺអាច​បណ្តាលមកពី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិ​ភព​លោក​មិនទាន់​ល្អ ខណៈ​នៅ​កម្ពុជា​ក៏​មិនសូវមាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​សម្រាប់​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​បរទេស​ដូច​ប្រទេសជិតខាង​។​

​លោក​បន្តថា​៖ «​ជាក់ស្តែង​នៅ​ប្រទេសជិតខាង ​(​ថៃ​)​ ក្រៅពី​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ មាន​សោភណភាព​បរិស្ថាន​និង​ការគ្រប់គ្រង​សំរាម​បានល្អ ប្រទេស​គេ​ក៏មាន​វត្ថុ​អនុស្សាវរីយ៍​ដែលមាន​គុណភាព​ល្អ​សម្រាប់​លក់​ទៅឱ្យ​ភ្ញៀវ ខុសពី​នៅ​កម្ពុជា​ទោះបី​អាជ្ញាធរ​ចុះ​ណែនាំ​យ៉ាង​ណា ក៏​នៅតែមាន​ការលក់​វត្ថុ​អនុ​ស្សាវ​​រី​យ៍​បន្លំ​គុណភាព​ជាច្រើន​ដដែល​»​។​

​លោក​បញ្ជាក់ថា ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​កាន់តែច្រើន គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ត្រូវតែ​ខិតខំ​ធ្វើការ​រួមគ្នា​ឱ្យបាន​ច្រើន​បន្ថែមទៀត​ទាំង​ការរៀបចំ​ផែនការ និង​ការចូលរួម​អនុវត្ត​កិច្ច​ការដែល​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​។​

​ទាក់ទង​នឹង​ការមកដល់​យ៉ាងច្រើន​នៃ​ភ្ញៀវ​បរទេស​មក​កម្ពុជា​ក្នុង​រយៈពេល​ជាង ១​ ខែ​កន្លងមកនេះ លោក​អះអាងថា គឺជា​ភ្ញៀវ​តាម​រដូវ​កាល​តែប៉ុណ្ណោះ (High Season)​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​​ណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​និយាយថា ទោះ​ក្តីបារម្ភ​ពី​ជំងឺ​កូ​វីដ​ ១៩ លើ​ពិភពលោក​បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ចំនួន​ភ្ញៀវ​បរទេស ជា​​ពិសេស​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​មក​កម្ពុជា​នាពេល​នេះ គឺ​នៅមាន​ចំនួន​តិច​តួច​នៅឡើយ​បើ​ធៀប​មុន​ឆ្នាំ​ ២០២០​។

លោកស្រី​បន្តថា កំណើន​ភ្ញៀវ​បរទេស​ក្នុង​ល្បឿន​មិនសូវ​លឿន​នេះ ក៏ដោយ​សារ​តែមាន​សារព័ត៌មាន​មួយចំនួន​ធ្វើការ​ផ្សព្វផ្សាយ​មិនល្អ​ពី​កម្ពុជា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​ភ្ញៀវ​ចង់​មក​កម្សាន្ត​ផងដែរ​។​

​លោកស្រី​បាន​ប្រាប់ថា​៖ «​ព័ត៌មាន​អវិជ្ជមាន​ពី​ខាងក្រៅ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវទេសចរ​បរទេសមួយ​ចំនួន​មក​កម្ពុជា​។ ទោះយ៉ាងណា យើង​រំពឹងថា អ្វីៗ​នឹង​ល្អប្រសើរ​ចាប់តាំងពី​ពេលនេះ​តទៅ​»​។​

​កាលពី​ឆ្នាំ​ ២០២២ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​បាន ១១,៧៨ ​លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​ចំនួន​ ១១,៥៣​លាន​ដុល្លារ​, ប្រាសាទ​កោះ​​កែរ ៩០ ៤៥០​ ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ១៦៥ ៣០៨ ​ដុល្លារ​។​

​ជាមួយនឹង​កំណត់ត្រា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​បំផុត​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន​ប្រមាណ​ជាង ៦,៦ ​លាន​ដុល្លារ គឺ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន​រហូតដល់​ជាង ៨០,៧ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​គ្រឹះស្ថាន​អង្គរ​៕