កម្ពុជា-ចិន តាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​និងមន្ទីរពាណិជ្ជកម្ម​ខេត្តយុនណាន​នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្តេជ្ញាក្នុងការបង្កើន​កិច្ចសហប្រតិបត្តិការ​វិនិយោគ និងពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែន​ក្រោមក្របខ័ណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង និងមហា​អនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការ​ទ្វេភាគីកម្ពុជា-ចិន​ឱ្យកាន់តែ​រីកធំធាត់។
 
ការបង្ហាញ​ជំហរនេះ ធ្វើឡើងនៅក្នុងជំនួប​ពិភាក្សាការងារ​រវាងលោក សួន សុផល អគ្គលេខាធិការរង​គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈប្រតិភូចិន តំណាងដោយ លោក Ma Jun អគ្គនាយករង​មន្ទីរពាណិជ្ជកម្ម​ខេត្តយុនណាន​នៃសាធារណរដ្ឋប្រជាមានិតចិន ការពីថ្ងៃទី ២៩ខែ ធ្នូ ឆ្នាំ ២០២៣។ កិច្ចពិភាក្សានេះ ពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោង​វិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌ​មេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ នេះបើតាម​ការចេញផ្សាយរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
 
លោក សួន សុផល បានថ្លែងថា នេះគឺជាជំនួបពិភាក្សា​ដ៏មានសារៈសំខាន់ ដែលជាការជួបពិភាក្សាការងារ​ជាមួយរដ្ឋបាល​ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​លើប្រធានបទស្តីពីកិច្ចការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចក្រោម​ឆ័ត្រទ្វេភាគី និងពហុភាគី។ លោកបន្តថា កន្លងទៅមន្ទីរពាណិជ្ជកម្ម​ខេត្តយុនណាន​ដែលជានិច្ចកាលតែងតែ​យកចិត្តទុកដាក់ក្នុង​ការសហការជាមួយ ក.អ.ក. ដើម្បីទាក់ទាញ និងរុញច្រាន​វិនិយោគិន និងធុរជនមកស្វែងរក​កាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ 
 
លោកបញ្ជាក់ថា៖«ខ្ញុំមានជំនឿចិត្ត​យ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការ​ជាមួយដៃគូរបស់​ខ្លួន​ពូនជ្រំកម្លាំង​ធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ ហិកតា នៅជុំវិញអាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ច​ពិសេសសំដៅ​ប្រមូលផ្តុំកម្រង​ឧស្សាហកម្ម​លើវិស័យកសិ-ចំណីអាហារមកពី​ខេត្តយុនណាន​មកបណ្តាក់ទុនវិនិយោគ​ដើម្បី​ឆក់ឱកាស​បំពេញតម្រូវការទីផ្សារចំណី​អាហារក្នុងស្រុក និងតំបន់ដែល​កំពុងពោរពេញ​ដោយសក្តានុពល និងថាមវន្ត»។ 
 
លោកក៏បានគូសបញ្ជាក់​អំពីការគាំទ្រ​របស់ ក.អ.ក. លើគម្រោងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងអនុតំបន់​ក្នុងគោលដៅ​រួមគ្នាដោះស្រាយបញ្ហា​មួយចំនួនក្នុងអនុតំបន់ដែលកំពុងតែ​រងផលជះ​អវិជ្ជមានពីបញ្ហា​ប្រឈមសកលតាមរយៈ (១) ការពង្រឹង និងពង្រីករបៀងសេដ្ឋកិច្ច (២) កិច្ចសម្រួលវិនិយោគ និងពាណិជ្ជកម្ម និង (៣) ការបង្កើនប្រសិទ្ធភាពនៃ​ការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​នានាដែល​ភាគីទាំងពីរជាហត្ថលេខី»។    
 
ជាការឆ្លើយតប លោក Ma Jun បានគូសបញ្ជាក់ថា សមភាគីបានបង្ហាញនូវចំណាប់អារម្មណ៍​យ៉ាងក្រៃលែងលើ​មតិលើកឡើង​របស់លោក សួន សុផល ហើយបាន​ប្តេជ្ញាក្នុងការបង្កើន​កិច្ចសហប្រតិបត្តិការ​វិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។ 
 
បន្ថែមពីនេះ គណៈប្រតិភូមន្ទីរពាណិជ្ជកម្ម​ខេត្តយុនណាន​នៃសាធារណរដ្ឋ​ប្រជាមានិតចិន ក៏បានអញ្ជើញ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមកម្មវិធី​ពិព័រណ៍ ព្រឹត្តិការណ៍​ជំរុញវិនិយោគ ក៏ដូចជាវេទិកា​គណៈអភិបាលនៃមហា​អនុតំបន់មេគង្គ ដែលនឹងប្រារព្ធឡើងនៅខេត្តយុនណាន នាអំឡុង​ឆមាសទី ២ ឆ្នាំ២០២៤ផងដែរ។
 
គួររំឭកថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមកិច្ចប្រជុំកំពូល​នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី៤ ក្រោម​មូលបទ «ចូលរួមកសាង​សហគមន៍​វាសនារួមគ្នា និងទំនើបកម្ម​ក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធ​វីដេអូ​នៅវិមានសន្តិភាព។ 

គោលដៅចម្បង និងមូលដ្ឋានគ្រឹះនៃទស្សនាទាន​ការអភិវឌ្ឍរបស់​កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង គឺដើម្បីសម្រេចបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេស​អនុតំបន់ លើកកម្ពស់សុខុមាលភាព​របស់ប្រជាជន បង្រួមគម្លាត​នៃការអភិវឌ្ឍ និងការកសាង​សហគមន៍​នៃអនាគតរួមសន្តិភាព និងវិបុលភាព៕