ភ្នំពេញៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា រយៈពេល ៣ ត្រីមាសដើមឆ្នាំ ២០២៣ បានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយឥណាយិកជិត ៨០០ លានដុល្លារអាមេរិក កើនជិត ១ ៧០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
«ឥណាយិក»សំដៅដល់អ្នកទទួលបានឥណទាន។ នៅក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្ពុជា ឥណាយិក អាចជារដ្ឋាភិបាលក្នុងក្របខ័ណ្ឌនៃការខ្ចីប្រាក់ពីគេ ឬអាចជាគ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច, និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់រដ្ឋ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៃក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មី ជាមួយឥណាយិកសរុបចំនួន ១៤២ លានដុល្លារអាមេរិក ហើយបើសរុបចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងផ្តល់ឥណទានជាមួយនឹងឥណាយិកសរុបចំនួន ៧៩២,៤៣ លានដុល្លារអាមេរិក។ ចំនួននេះបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មី មានកំណើនប្រមាណ ១ ៦៩៧ភាគរយ។
ឯកសារឱ្យដឹងទៀតថា នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ ឥណាយិកបានដកសាច់ប្រាក់ទៅប្រើប្រាស់ជាក់ស្ដែងចំនួន ១៥៣,៨ លានដុល្លារអាមេរិក បើសរុបពីត្រីមាសទី ១ ទៅដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ ការដកសាច់ប្រាក់ជាក់ស្តែងចំនួន ៣១៦,៨៥ លានដុល្លារ កើនប្រមាណ ៧៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។
លោក ហុង វណ្ណៈ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែធ្នូថា ការចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយឥណាយិក គឺសុទ្ធតែធ្វើឡើងក្នុងបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ឥណទានទៅអភិវឌ្ឍន៍ធនធានមនុស្ស បង្កើតការងារ បង្កើនផលិតភាព និងការដោះស្រាយបញ្ហាអសកម្មក្នុងសង្គម។ លោកបន្តថា គ្រប់ឥណទាន ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និងចំគោលដៅ ព្រោះវាត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាទីបំផុត។
លោកអះអាងថា៖«ឥណទានទាំងអស់កំពុងក្លាយជាធាតុផ្សំដ៏សំខាន់ក្នុងការជួយនាំរដ្ឋាភិបាលឱ្យឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០»។
ក្រសួងឱ្យដឹងទៀតថា ទន្ទឹមនឹងការចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយឥណាយិក រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ ២០២៣ ក៏បានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន (កម្ចី) ថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុប ១ ពាន់លានដុល្លារអាមេរិក សមមូលទៅនឹង ៧៦២,៥២ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៤៥ ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៤៥ ភាគរយ និងក្របខណ្ឌពហុភាគី ៥៥ ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបពីត្រីមាសទី ១ រហូតដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ បានថយចុះប្រមាណ ១៧ ភាគរយ៕