ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ បានកើនឡើងលើសទ្វេដង ខណៈទឹកប្រាក់ការផ្លាស់ប្តូរទំនិញនៃប្រទេសទាំង ២ បានកើនដល់ជិត ១ ពាន់លានដុល្លារ។ ឥណ្ឌូនេស៊ី បានឡើងមកចំណាត់ថ្នាក់ទី ៦ ក្នុងនាមជាប្រទេសមានទឹកប្រាក់ផ្លាស់ប្តូរពាណិជ្ជកម្មច្រើនជាមួយកម្ពុជា។ នេះយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិជញ្ជីងពាណិជ្ជកម្ម GDCE ឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ មានចំនួន ៧០,៥៦ លានដុល្លារ កើន ១១១,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ និងការនាំទំនិញពីឥណ្ឌូនេស៊ីមកកម្ពុជាមានទឹកប្រាក់ ៨៩៤,៦៨ លានដុល្លារ កើន ១២,៣ ភាគរយ។ ចំនួននេះបានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី រយៈពេល ១១ ខែ ឆ្នាំ ២០២៣ មានសរុប ៩៦៥,២៤ លានដុល្លារ កើន ១៦,៣ ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី គឺស្មើ ២,២៧ ភាគរយនៃទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ រយៈពេល ១១ ខែ ឆ្នាំ ២០២៣ ដែលមានចំនួន ៤២,៥ ពាន់លានដុល្លារ។
ផ្អែកតាម GDCE គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ៨២៤,១២ លានដុល្លារ។ ឥណ្ឌូនេស៊ី បានឡើងពីលេខរៀងទី ១៣ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ មកកាន់លេខ ៦ ក្នុងនាមជាប្រទេសមានទឹកប្រាក់ផ្លាស់ប្តូរពាណិជ្ជកម្មច្រើនជាមួយកម្ពុជា បន្ទាប់ពីចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែធ្នូថា ការកើនឡើងជាបន្តបន្ទាប់នៃទឹកប្រាក់នាំចេញ-នាំចូលទំនិញប្រទេសទាំង ២ គឺដោយសាររដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ មានទំនាក់ទំនងគ្នាល្អ បន្ថែមពីលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលប្រទេសទាំង ២ ជាសមាជិកក្នុងចំណោមប្រទេសជាសមាជិកទាំង ១៥។
លោកនិយាយថា៖«ដោយសារតែឥណ្ឌូនេស៊ីជាប្រទេសមានប្រជាជនច្រើន ដូច្នេះតម្រូវការចំណីអាហារដូចជាអង្ករ និងផលិតផលកសិកម្មអាចនឹងមានចំនួនច្រើន។ នេះជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញការផលិតឱ្យបានច្រើនដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ រួមទាំងប្រទេសឥណ្ឌូនេស៊ី»។
សម្រាប់គម្លាតដ៏ធំនៃទឹកប្រាក់នាំចេញ-នាំចូលទំនិញប្រទេសទាំង ២ លោក វណ្ណៈ ពន្យល់ថា ដោយសារតែឥណ្ឌូនេស៊ីជាប្រទេសធំ មានប្រជាជនច្រើន(ប្រមាណ ២៧៩ លាននាក់ក្នុងឆ្នាំ ២០២៣) និងមានរោងចក្រច្រើន ដូច្នេះសមត្ថភាពការផលិត និងនាំចេញរបស់គេក៏ខ្លាំងជាងកម្ពុជាដែរ។
ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ បានប្រកាសនឹងទិញអង្ករពីកម្ពុជាចំនួន ២៥០ ០០០ តោន ក្នុង ១ ឆ្នាំ ដែលជាវិធានការដើម្បីធានាសុវត្ថិភាពស្បៀងអាហារក្នុងប្រទេស។
នៅក្នុងសន្និសីទសារព័ត៌មាននៃការស្វាគមន៍ការមកដល់នៃអង្ករពីកម្ពុជា កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក Areif Prasetyo Adi អគ្គនាយកទីភ្នាក់ងារជាតិគ្រប់គ្រងស្បៀងអាហារ (NFA) និងលោក Akhmad Kholisun ប្រធានក្រុមហ៊ុន Perum BULOG សាខាខេត្តចាវាកណ្ដាល នៃប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា «អង្ករស»កម្ពុជាពិតជាមានគុណភាពល្អ ហើយថ្នាក់ដឹកនាំនៃស្ថាប័នទាំង ២ ស្នើឱ្យភាគីកម្ពុជាត្រៀមលក្ខណៈក្នុងការផលិតឱ្យបានច្រើនថែមទៀតដើម្បីនាំមកកាន់ទីផ្សារឥណ្ឌូនេស៊ី។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី-កម្ពុជាដែលកំពុងកើនជាបន្តបន្ទាប់។ ទោះយ៉ាងណា លោកទទួលស្គាល់ថា អ្នកជំនួញឥណ្ឌូនេស៊ីហាក់នៅមិនសូវដឹងពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាទេ ដែលនេះជាមូលហេតុមួយធ្វើឱ្យជញ្ជីងពាណិជ្ជកម្មប្រទេសទាំង ២ នៅមានគម្លាតឆ្ងាយ។ លោកបន្តថា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ឱ្យកាន់តែខ្លាំងបន្ថែមទៀត គឺទាមទារឱ្យប្រទេសទាំង ២ ត្រូវគិតគូរពីប្រព័ន្ធទូទាត់ប្រាក់ទ្វេភាគី និងការបើកជើងហោះហើររវាងគោលដៅទេសចរណ៍សំខាន់ៗ។
លោកថ្លែងថា៖«កម្ពុជា-ឥណ្ឌូនេស៊ីនៅមានចន្លោះជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលត្រូវតែអភិវឌ្ឍ និងពង្រឹងបន្ថែមដោយទាញយកផលប្រយោជន៍ពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២។ យើងគួរតែខិតខំប្រែក្លាយទំនាក់ទំនងប្រវត្តិសាស្ត្រឱ្យទៅជាពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការទេសចរណ៍ និងទំនាក់ទំនងវប្បធម៌សង្គមរវាងប្រទេសទាំង ២»។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី ក្នុងពេលដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតពេញអង្គប្រចាំឆ្នាំ ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក កាលពីខែតុលា ឆ្នាំ ២០២៣ នៅប្រទេសម៉ារ៉ុក ក៏បានជួបជាមួយលោក Perry Warjiyo ទេសាភិបាលធនាគារជាតិឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីការចុះអនុស្សរណៈយោគយល់គ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការតភ្ជាប់ប្រព័ន្ធទូទាត់អេឡិចត្រូនិកឆ្លងដែន ដែលនឹងសម្រួលដល់ភ្ញៀវទេសចរ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសទាំង ២ ផងដែរ៕