ភ្នំពេញៈ ការអនុម័តជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគថាមពលអគ្គិសនីពីប្រភពស្អាត ឬកកើតឡើងវិញ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័នចេញពីចំហេះហ្វូស៊ីលដូចជាធ្យូងថ្ម និងប្រេងខ្មៅ ទៅក្នុងបរិយាកាស និងក៏អាចជួយឱ្យអគ្គិសនីនៅកម្ពុជាមានតម្លៃកាន់តែទាប និងអាចទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ព្រមទាំងជួយលើកកម្ពស់សមត្ថភាពនាំចេញទៅនំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
បណ្តាញសង្គមផ្លូវការរបស់ CDC កាលពីចុងសប្តាហ៍មុនឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី របស់ក្រុមហ៊ុន Schneitec Vibrant Co., Ltd ស្ថិតនៅឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ៦៥,៥ លានដុល្លារ និងបង្កើតការងារបាន ៣៥ កន្លែង។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ នៅក្នុងវេទិកាពិភាក្សាស្តីពី«គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» កាលពីថ្ងៃទី២១ ខែវិច្ឆិកា បាននិយាយថា វិស័យថាមពលអគ្គិសនីនៅកម្ពុជា បានឆ្លងដំណាក់កាលដ៏លំបាកជាច្រើនក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងមក ដោយចាប់ផ្តើមពីគ្មានអគ្គិសនីប្រើប្រាស់ រហូតដល់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នឹងកំពុងឈានទៅនាំចេញទៅលក់ឱ្យប្រទេសជិតខាងក្នុងតំបន់ទៀតផង។
លោកបន្តថា ទន្ទឹមនឹងការកើនឡើងនៃសមត្ថភាពផលិតនេះ កម្ពុជាក៏ត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលមានថាមពលពីប្រភពស្អាតដ៏ច្រើនផងដែរ ដោយថាមពលអគ្គិសនី ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសបច្ចុប្បន្ន គឺមានលើសពី ៦០ ភាគរយ បានមកពីថាមពលស្អាត ឬកកើតឡើងវិញ (ថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ ទឹក និងរលកទឹក ជាដើម)។
លោកថ្លែងថា៖«កាលពីមុនយើងប្រើភ្លើងដែលចេញពីប្រេងម៉ាស៊ូត ឬប្រេងខ្មៅមានផ្សែងហុយទ្រលោម និងថ្លង់គ្រប់កន្លែង ប៉ុន្តែឥឡូវនេះភ្លើងនៅក្នុងបណ្តាញជាតិរបស់យើងមាន ៦២ ភាគរយ បើគិតត្រឹមចុងឆ្នាំ២០២២ ដែលជាភ្លើងយកចេញមកពីប្រភពថាមពលស្អាត និងកកើតឡើងវិញ»។
បើយោងតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គិតត្រឹមចុងឆ្នាំ២០២២ ថាមពលអគ្គិសនីនៅក្នុងបណ្តាញជាតិ ដែលកម្ពុជាប្រើប្រាស់ គឺមាន ៦២ភាគរយបានមកពីប្រភពថាមពលស្អាត និងកកើតឡើងវិញ គឺប្រភពវារីអគ្គិសនី មានជាង ៤០ភាគរយ ពីថាមពលពន្លឺព្រះអាទិត្យ ជាង ១០ ភាគរយ រួមផ្សំជាមួយនឹងថាមពលជីវម៉ាស់បន្តិចបន្តួច និងរួមផ្សំជាមួយការនាំចូលថាមពលស្អាតពីប្រទេសឡាវ ផ្គុំគ្នាមកបាន ៦២ ភាគរយ។
លោកលើកឡើងទៀតថា នៅពេលកម្ពុជាមានអគ្គិសនីពីប្រភពស្អាតច្រើន វាក៏ជួយឱ្យកម្ពុជាទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗឱ្យចូលមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើនដែរ។
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ្រប់មុខជំនួញសុទ្ធតែត្រូវការប្រើប្រាស់ថាមពលអគ្គិសនីជាចាំបាច់ ហើយបើកាលណានិយាយពីអ្នកវិនិយោគបរទេសវិញ មុននឹងទៅបណ្តាក់ទុននៅប្រទេសណា សំណួរមុនគេ គឺអគ្គិសនីនៅទីនោះមានគ្រប់គ្រាន់ដែរឬទេ? តើអគ្គិសនីមានតម្លៃខ្ពស់ ឬទាប? លោកស្រីបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺពិតជាផ្តល់ទំនុកចិត្តយ៉ាងច្រើនសម្រាប់អ្នកវិនិយោគ ក៏ដូចជាអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជាដែរ។
លោកស្រីបាននិយាយថា៖«តម្លៃអគ្គិសនីកាន់តែទាប ធ្វើឱ្យថ្លៃដើមផលិតកាន់តែទាប ដែលនឹងជួយធ្វើឱ្យសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់ជាមួយនឹងទំនិញរបស់ប្រទេសនានាលើពិភពលោក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកាបាននិយាយថា អគ្គិសនី គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ។
លោកបានថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ថាការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ព្រោះថាមពលមិនត្រឹមតែជាផលិតផលមួយដែលជាតម្រូវការសម្រាប់ប្រជាជនបច្ចុប្បន្នទេ ប៉ុន្តែជាផលិតផលមួយដែលចាំបាច់ជំរុញការអភិវឌ្ឍវិស័យផ្សេងៗ។
ដូច្នេះការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ រីកចម្រើនឱ្យបានឆាប់រហ័ស ដើម្បីឈានទៅសម្រេចបានការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ ប្រកបដោយចីរភាព ស្ថិរភាព គុណភាព មានតម្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើតសុខុដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ»៕