ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើន តាមរយៈការតាក់តែងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា ខណៈការនាំចូលយានយន្តអគ្គិសនីបានកើនឡើងជាលំដាប់។
ក្នុងឱកាសចូលរួមពិធីបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូដែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ផ្នែកឯកជនក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងបានកត់សម្គាល់ពីការកើនឡើងចំនួនយានយន្តអគ្គិសនីនៅកម្ពុជា។
លោកបន្តថា កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនាពេលនេះ គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលមានផលចំណេញច្រើនបើធៀបនឹងការប្រើប្រាស់យានយន្តចំហេះក្នុង(ម៉ាស៊ីនប្រើឥន្ធនៈ)។
លោកបន្តថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងជំរុញការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើតស្ថានីយសាកយានយន្ត ឱ្យបានច្រើនបន្ថែមនៅតាមរាជធានី ខេត្ត ដោយបច្ចុប្បន្ន មានចំនួន ១៨ ទីតាំង និង ២៣ ស្ថានីយសាក (ទូសាក) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី នៅតាមបណ្តាខេត្ត តំបន់ឆ្ងាយៗ ក៏ដូចជានៅតាមផ្លូវជាតិសំខាន់ៗ។
លោកបាននិយាយថា៖«ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះឱ្យដឹកនាំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តនានាក្នុងការគាំទ្រលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ក្នុងតម្លៃសមរម្យអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនាពេលខាងមុខ»។
ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodia Automotive Industry Federation) លោក តាន់ មុនីវណ្ណ ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី មានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ជាពិសេសបើអ្នកប្រើប្រាស់ចង់ចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន គួរប្រើប្រាស់យានយន្តអគ្គិសនី។
លោកបញ្ជាក់ថា៖«នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន នៅលើពិភពលោក គេបានចាប់ផ្តើម ប្រើប្រាស់ E Bus រួចទៅហើយ ដើម្បីថែរក្សាបរិស្ថានប្រកបដោយចីរភាព។ ម្យ៉ាងទៀតការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈក៏មានកំណើន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ និន្នាការនេះ នឹងមានការកើនឡើងបន្តទៀត នៅពេលមនុស្សចាប់ផ្តើមគិតគូរពីបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុជាដើម វាជាឱកាសល្អមួយ ដែលជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីច្រើន ព្រោះថា យានយន្តប្រភេទនេះ មានគុណសម្បត្តិច្រើន»។
ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី កាលពីដើមឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនីប្រមាណ ៥០ ភាគរយ។
អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីខែមីនា ឆ្នាំ២០២៣ បាននិយាយថា យុទ្ធសាស្ត្រក្នុងការបន្ធូរបន្ថយពន្ធនាំចូលអគ្គិសនី គឺដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើន សំដៅកាត់បន្ថយការបំពុលបរិស្ថាននៃឧស្ម័នកាបូនឌីអុកស៊ីត ដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈខណៈការនាំចូលយានយន្តដែលដើរដោយប្រេងឥន្ធនៈ តម្រូវឱ្យបង់ពន្ធនាំចូលរហូតដល់ ១២០ភាគរយ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ចំនួនយានយន្តអគ្គិសនីចុះបញ្ជីមានចំនួនសរុប ៧៩៤ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៨ គ្រឿង ម៉ូតូកង់បី ៣៥៥ គ្រឿងនិងម៉ូតូមានចំនួន ៣១ គ្រឿង បើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២២ ដែលមានចំនួន ៦៦២ គ្រឿង និងឆ្នាំ២០២១ យានយន្តអគ្គិសនី មានចំនួន ៦៣ គ្រឿងគឺមានកំណើនប្រមាណ ៩៥១ ភាគរយ៕