ភ្នំពេញៈ ការនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែលផលិតនៅកម្ពុជាទៅលក់នៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់ជិត ១,១ ពាន់លានដុល្លារធ្លាក់ចុះជិត ១/៤ ដង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈចំនួននេះគឺស្មើនឹងជិត ៦ ភាគរយនៃចំនួនទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់ GDCE ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ ការនាំចេញទំនិញក្នុងជំពូក (HS ២ខ្ទង់) លេខកូដ ៦៤ ដែលរួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ១,០៩ ពាន់លានដុល្លារ ធ្លាក់ចុះ ២៤,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១,៤៤ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើនឹងប្រមាណ ៥,៩ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជារយៈពេល ១០ ខែដើមឆ្នាំ២០២៣ ដែលមាន ១៨,៥៩ ពាន់លានដុល្លារ។ កាលពីរយៈពេល ១០ ខែ ឆ្នាំ ២០២២ ទឹកប្រាក់នាំចេញទំនិញខាងលើ គឺស្មើនឹង ៧,៨ ភាគរយនៃការនាំចេញសរុបដែលមានចំនួន ១៧,០៨ ពាន់លានដុល្លារ។
GDCE បានឱ្យដឹងទៀតថា សម្រាប់ខែតុលា ឆ្នាំ ២០២៣ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានចំនួន ៩៧,៤ លានដុល្លារ ថយចុះ ១៩,៤ភាគរយពីចំនួន ១២០,៩២ លានដុល្លារធៀបខែតុលា ឆ្នាំ ២០២២។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការធ្លាក់ចុះចំនួនទឹកប្រាក់នាំចេញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល រយៈពេលជាង ១ ឆ្នាំមកនេះ គឺដោយសារតែការបញ្ជាទិញធ្លាក់ចុះ ខណៈសមត្ថភាពផលិតកម្មនៅកម្ពុជាគឺនៅរឹងមាំដដែល។ មូលហេតុដែលបណ្តាលឱ្យការបញ្ជាទិញធ្លាក់ចុះ គឺដោយសារស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ដែលជំរុញឱ្យប្រជាជនកាត់បន្ថយការចំណាយដូចជា ការធ្វើទេសចរណ៍ និងការប្រើស្បែកជើងថ្មី ជាដើម។
លោកថ្លែងថា៖ «ឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាអវិជ្ជមានមួយចំនួនដែលកំពុងកើតមានលើពិភពលោក បានធ្វើឱ្យការបញ្ជាទិញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលពីកម្ពុជាធ្លាក់ចុះ ខណៈទំនិញដែលក្រុមហ៊ុននានាបញ្ជាទិញកាលពីឆ្នាំមុនក៏អាចមាននៅសល់ក្នុងស្តុកច្រើនដែរ»។
ទោះយ៉ាងណាប្រធានសមាគមស្បែកជើងកម្ពុជារំពឹងថា ការនាំចេញទំនិញរបស់កម្ពុជា រួមទាំងផលិតផលស្បែកជើង នឹងមានកំណើនឡើងវិញចាប់ពីចុងឆ្នាំ ២០២៣ នេះទៅ ព្រោះនៅពេលប្រាក់ចំណូលកើន ប្រជាជននឹងធ្វើដំណើរកម្សាន្តច្រើន ហើយតម្រូវការស្បែកជើង ក៏កើនឡើងដែរ។
បើតាម ឃុនថៃ ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលដែលផលិតនៅកម្ពុជាត្រូវបាននាំទៅគោលដៅសំខាន់ៗមួយចំនួនដូចជា អាមេរិក, អឺរ៉ុប, កាណាដា, អង់គ្លេស និងប្រទេសក្នុងតំបន់។ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ដោយសារផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលពឹងផ្អែកស្ទើរទាំងស្រុងលើទីផ្សារអន្តរជាតិ ដូច្នេះបើតម្រូវការនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ចំណូលរបស់កម្ពុជាក៏ធ្លាក់ចុះដែរ។ ទីផ្សារនេះនឹងល្អឡើងវិញក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នក៏មានរោងចក្រផលិតស្បែកជើង ជាបន្តបន្ទាប់បានចូលមកបើកដំណើរការនៅកម្ពុជា។
លោកបន្តថា៖ «នៅពេលមានការបើករោងចក្រថ្មីៗកាន់តែច្រើនមានន័យថា ការបញ្ជាទិញនឹងមានកាន់តែច្រើនផងដែរ ព្រោះមុននឹងបញ្ចេញទុន គឺអ្នកវិនិយោគប្រាកដជាបានសិក្សា និងធ្វើការព្យាករពីសម្ទុះនៃតម្រូវការរួចហើយ»។
ក្នុងឆ្នាំ ២០២២ ការនាំចេញទំនិញលេខកូដ ៦៤ មានទឹកប្រាក់សរុប ១,៧៤ ពាន់លានដុល្លារ កើន ២៤,៨ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមាន ១,៣៩ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ ស្មើនឹង ៧,៧ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២២,៤៨ ពាន់លានដុល្លារ៕