គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលជាស្ថាប័នឈានមុខគេមួយរបស់កម្ពុជា បានចេញផ្សាយរបាយការណ៍និរន្តរភាពរបស់ខ្លួនដែលបង្ហាញថា ៩០ ភាគរយក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៧៥០ នាក់ នៃអ្នកកម្ចីបានសម្តែងការពេញចិត្តរបស់ពួកគេចំពោះការរួមចំណែករបស់គ្រឹះស្ថានហិរញ្ញវត្ថុមួយនេះ ចំពោះស្ថានភាព ដែលបានធ្វើឱ្យល្អប្រសើរឡើងរបស់ពួកគេក្នុងរយៈពេល ១២ ខែ មុន ខណៈដែល ៨០ ភាគរយ ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៤០៩ នាក់នៃអ្នកសន្សំបានឱ្យដឹងថាការសន្សំប្រាក់របស់ពួកគេបានកើនឡើងក្នុងរយៈពេល ១២ ខែ។
យោងតាមរបាយការណ៍ដែលកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី៥ ខែធ្នូ LOLC បានសហការក្នុងកម្មវិធីការស្វ័យយល់ដឹងរបស់អតិថិជនជាមួយ Oikocredit ដោយបានសម្ភាសអ្នកឆ្លើយសំណួរចំនួន ៧៦០ នាក់ អំពីការផ្លាស់ប្តូរហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលបានកើតឡើងក្នុងជីវិតរបស់ពួកគេនៅចន្លោះខែឧសភា ឆ្នាំ ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣។ ការស្ទង់មតិនេះបានកំណត់គោលដៅអតិថិជនមកពីសាខាចំនួន ៨ ទូទាំងតំបន់សំខាន់ៗរួមមានតំបន់ឆ្នេរសមុទ្រ វាលទំនាប តំបន់ភ្នំ និងបឹងទន្លេសាប។
របាយការណ៍នេះ បានបង្ហាញពីអ្នកឆ្លើយសំណួរចំនួន ៩០ ភាគរយបាន បង្ហាញពីការពេញចិត្តរបស់ពួកគេចំពោះការរួមចំណែករបស់ LOLC ចំពោះស្ថានភាពល្អប្រសើរឡើងរបស់ពួកគេក្នុងរយៈពេល ១២ ខែមុន។ របាយការណ៍នេះបានបង្ហាញការរកឃើញគួរឱ្យកត់សម្គាល់មួយចំនួន ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ LOLC ក្នុងការលើកកម្ពស់ស្ថានភាពហិរញ្ញវត្ថុក្នុងចំណោមអតិថិជនរបស់ខ្លួន។
របាយការណ៍បានបង្ហាញថាអតិថិជនរបស់ LOLC ចំនួន ៨០ ភាគរយ ដែលមានប្រាក់សន្សំបានទទួលការកើនឡើងផលប័ត្រប្រាក់សន្សំរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ របាយការណ៍បន្តថា៖ «ការណ៍នេះគូសបញ្ជាក់ពីសមត្ថភាពរបស់ LOLC ក្នុងការបណ្តុះវិន័យហិរញ្ញវត្ថុ និងបណ្តុះស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងក្នុងចំណោមអតិថិជនរបស់ខ្លួន»។
ខណៈពេលដែល អតិថិជន៩០ ភាគរយដែលបានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណូលបានបញ្ជាក់ថាប្រាក់ចំណូលរបស់ពួកគេគឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ។
លោក សុខ វឿន អគ្គនាយក LOLC បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាមួយនឹងលទ្ធផលនៃការស្ទង់មតិនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ស្ថាប័នលោកក្នុងការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុ និងការគាំទ្រដល់អតិថិជន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ។
លោក សុខ វឿន បានបញ្ជាក់ថា អតិថិជនរបស់លោកចំនួន ៩៤ ភាគរយ ដែលបានរាយការណ៍ប្រាក់ចំណូលកើនឡើង ដោយថា LOLC មានឥទិ្ធពលខ្លះក្នុងការធ្វើឱ្យមានការកើនឡើងនេះ។ លោកបន្តថា៖ «ការណ៍នេះបង្ហាញថាយើងកំពុងធ្វើឱ្យមានភាពខុសគ្នាពិតប្រាកដមួយនៅក្នុងជីវិតអតិថិជនរបស់យើង»។
លោកលើកឡើងថា៖ «យើងក៏ប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការហិរញ្ញវត្ថុរបស់អតិថិជនយើងផងដែរ។ យើងពិតជារីករាយដែលឃើញថា អតិថិជនរបស់យើង ៦៣ ភាគរយ មានអាជីវកម្ម និង ៩៤ ភាគរយ មានប្រាក់សន្សំ។ ទាំងនេះគឺជាសូចនាករវិជ្ជមាននៃភាពធន់ផ្នែកហិរញ្ញវត្ថុអតិថិជនរបស់យើង»។
លោក ឡាយ សុខហេង ប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងក្នុងសន្និសីទមួយ កាលពីចុងខែវិច្ឆិកាថា វិស័យហិរញ្ញវត្ថុរបស់កម្ពុជា នៅតែរក្សាបាននូវភាពល្អប្រសើរ ទោះបីជាមានឧបសគ្គពីខាងក្រៅបណ្តាលមកពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនៅពេលបច្ចុប្បន្នក៏ដោយ។
លោកថ្លែងថា៖ «កំណើនឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានបន្តកើនឡើងក្នុងល្បឿនដ៏ល្អប្រសើរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារការរួមចំណែកពីក្រុមគ្រួសារ វិស័យជួញដូរ និងពាណិជ្ជកម្ម កសិកម្ម និងវិស័យសេវាកម្ម»។
លោកលើកឡើងថា៖ «មូលនិធិកម្ចីក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនឡើងជាលំដាប់ ហើយភាគច្រើនជារយៈពេលវែង ដែលជួយឱ្យពួកគេគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានធ្លាក់ចុះតិចតួច ដោយសារការចំណាយកាន់តែខ្ពស់។ ដើមទុនរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែមានភាពល្អប្រសើរ និងខ្ពស់ជាងតម្រូវការបទប្បញ្ញត្តិ ចំនួន ១៥ ភាគរយ»។
បើយោងតាម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យឥណទានសរុបជាង៥ពាន់លានដុល្លារអាមេរិក និងមានអតិថិជនឥណទានសរុប ជាង ១,៥ លាននាក់ ខណៈដែល សមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង ២ ពាន់លានដុល្លារ សហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជិត ២ លាននាក់។
ចំណែកការិយាល័យប្រតិបត្តិមានសរុបជាង ៩០០ ការិយាល័យ និងមានបុគ្គលិក ដែលកំពុងបម្រើការងារក្នុងវិស័យជាង ២ ម៉ឺន នាក់៕