ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ៤ ពាន់លានដុល្លារពីការនាំចេញកសិផលជាង ៧,៣ លានតោនទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ១១ ខែ នៃឆ្នាំ ២០២៣ ខណៈបរិមាណនៃការនាំចេញក្នុងខែវិច្ឆិកា មានរហូតដល់ជាង ១ លានតោន។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ៥ ខែធ្នូ ឱ្យដឹងថា ក្នុងរយៈពេល ១១ ខែ ដើមឆ្នាំ ២០២៣ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៧ ៣១៤ ១៩០ តោន (អង្ករ ៥៩៥ ៦៣០ តោន, ស្រូវ ២ ៤៩៧ ០៧៥ តោន និងកសិផលក្រៅពីស្រូវ-អង្ករ ៤ ២២១ ៤៨៥,១២ តោន) ទៅទិសដៅ ៧៥ ប្រទេស ដោយធ្លាក់ចុះចំនួន ៤,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
សម្រាប់ប្រាក់ដែលទទួលបានតាមការប៉ាន់ស្មាន (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានសរុប ៣ ៩១០ លានដុល្លារ ដោយក្នុងនោះអង្ករចំនួន ៥១៥,២២ លានដុល្លារ, ស្រូវ ៨៤០,២៨ លានដុល្លារ និងកសិផលផ្សេងទៀត ២ ៥៥៤,៣៦ លានដុល្លារ។
ចំពោះការធ្លាក់ចុះបរិមាណនាំចេញជិត ៥ ភាគរយខាងលើ ត្រូវបានអគ្គនាយកដ្ឋានកសិកម្ម លើកឡើងថា ដោយសារបញ្ហាមួយចំនួនដូចជា ជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួនធ្វើឱ្យប៉ះពាល់ដល់លំហូរពាណិជ្ជកម្មសកល, ស្រូវនៅកម្ពុជាមានតម្លៃខ្ពស់, និងការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយដោយមានការនាំចេញតាមច្រករបៀង។
របាយការណ៍បញ្ជាក់ថា៖ «ថ្វីដ្បិតការនាំចេញកសិផលក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៣ នៅតែមានបរិមាណតិចជាងរយៈពេល ១១ ខែ ឆ្នាំ ២០២២ ប៉ុន្តែការនាំចេញមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងការនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ មានបរិមាណ ១ ០៣៧ ៥៥២,៣៨ តោន កើនឡើង ៣៤៦ ២៤១,០៣ តោន បើធៀបនឹងខែតុលា ឆ្នាំ ២០២៣ ដែលមានបរិមាណ ៦៩១ ៣១១,៣៥ តោន»។
អនុប្រធានសមាគមសុវត្ថិភាព បន្លែ ត្រី សាច់ លោក សុខ យ៉ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែវិច្ឆិកាថា ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញកសិផល គឺកម្ពុជាចាំបាច់ត្រូវតែធ្វើយ៉ាងណាលើកកម្ពស់ការគាំទ្រផលិតផលក្នុងស្រុកឱ្យបានខ្លាំង ខណៈបច្ចុប្បន្នដោយសារផលិតផលកសិកម្ម(បន្លែ)កម្ពុជាមានតម្លៃខ្ពស់ បានបណ្តាលឱ្យមានការនាំចូលពីប្រទេសជិតខាងជាហូរហែ។ ការត្រួតពិនិត្យគុណភាពផលិតផលនាំចូលឱ្យបានច្បាស់ និងការលើកទឹកចិត្តប្រជាកសិករ នឹងជួយធ្វើឱ្យការដាំដុះផលិតផលកសិកម្មនៅកម្ពុជាមានកាន់តែច្រើន ហើយនៅពេលនេះសមត្ថភាពនាំចេញក៏នឹងកើនឡើងដែរ។
លោកថ្លែងថា៖ «ការគាំទ្រផលិតផលក្នុងស្រុក នឹងជួយឱ្យការបង្កបង្កើនផលកាន់តែច្រើន ហើយការនាំចេញក៏នឹងកើនឡើងទៅតាមនោះដែរ»។
លោក ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ City Rice Import Export ដើមសប្តាហ៍នេះបាននិយាយថា សម្រាប់តម្លៃស្រូវឆ្នាំនេះ គឺបានកើនឡើងច្រើនបើធៀបនឹងឆ្នាំ ២០២២ ប៉ុន្តែសម្រាប់បរិមាណនាំចេញស្រូវ-អង្ករ ទៅទីផ្សារអន្តរជាតិ គឺប្រហែលនឹងឆ្នាំមុន។
នៅក្នុងន័យដើម្បីលើកកម្ពស់វិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ បានអនុញ្ញាតឱ្យក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការប្រឡងជ្រើសរើសមន្ត្រីកសិកម្មចំនួន ២៥០ នាក់ ដើម្បីយកទៅដាក់ពង្រាយនៅតាមឃុំ-សង្កាត់៕