ភ្នំពេញៈ ចំនួនក្រុមហ៊ុនដែលទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ បានកើនដល់ជាង ៣១,៧ ពាន់ក្រុមហ៊ុនដោយមានដើមទុនសរុបជាង ៩ ពាន់លានដុល្លារ កើនពីជិត ៦ ពាន់លានដុល្លារកាលពីដើមឆ្នាំ ២០២៣។ នេះបើតាម Online Business Registration Service។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋ ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការដំណាក់កាលពី២ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ និងដំណាក់កាលទី៣ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
បើតាម Online Business Registration Service គិតត្រឹមថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ (ម៉ោង ២៣:៥៩នាទី) ចំនួនក្រុមហ៊ុនដែលចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានសរុប ៣១ ៧០៣ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជី ៩,៣៦ ពាន់លានដុល្លារ។ កាលពីដើមឆ្នាំ ២០២៣ (ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣) ក្រុមហ៊ុនដែលបានជោគជ័យលើការចុះបញ្ជី មានចំនួន ២០ ៦៩៣ ក្រុមហ៊ុន និងមានដើមទុនចុះបញ្ជី ៥,៨១ ពាន់លានដុល្លារ។
Online Business Registration Service ឱ្យដឹងទៀតថា នៅក្នុងចំនួនដើមទុនទាំង ៩,៣៦ ពាន់លានដុល្លារ គឺផ្នែកសាងសង់អគារមានដើមទុនប្រមាណ ១,១១ ពាន់លានដុល្លារ ស្មើ ១១,៨៦ ភាគរយ, សកម្មភាពផ្នែកអចលនទ្រព្យ មានដើមទុន ១ ពាន់លានដុល្លារ ស្មើនឹង ១០,៧២ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៩៩៨ លានដុល្លារ ស្មើ ១០,៦៦ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៥៨១ លានដុល្លារ ស្មើប្រមាណ ៦,២១ ភាគរយ, ផ្នែកកម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៨៥ លានដុល្លារ ស្មើ ៥,១៨ ភាគរយ, និងផ្នែកផ្សេងៗ មានដើមទុនប្រមាណ ៥,១៨ ពាន់លានដុល្លារ ស្មើ ៥៥,៣៧ ភាគរយ។
លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែធ្នូថា ចាប់តាំងពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដាក់ឱ្យដំណើរការ គេសង្កេតឃើញចំនួនក្រុមហ៊ុនដែលមកចុះបញ្ជីបានកើនឡើងជាបន្តបន្ទាប់។
សម្រាប់មូលហេតុដែលជំរុញឱ្យក្រុមហ៊ុនមកចុះបញ្ជី គឺអាចដោយសារកត្តាមួយចំនួនដូចជា ការពង្រឹងការអនុវត្តច្បាប់របស់អាជ្ញាធរ (អគ្គនាយកដ្ឋានពន្ធដារ), ការសម្រួលនីតិវិធីចុះបញ្ជីឱ្យកាន់តែងាយស្រួល, មិនមានការចំណាយក្រៅផ្លូវការ, និងអាចធ្វើឡើងពីចម្ងាយ។
លោកនិយាយថា៖ «ការពង្រឹកការអនុវត្តច្បាប់ពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ និងភាពងាយស្រួលការបំពេញឯកសារ បានជំរុញ និងលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើនមកចុះបញ្ជី ខណៈការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសង្គមខ្មែរក៏កំពុងបង្ហាញពីការវិវឌ្ឍទៅមុខកាន់តែប្រសើរផងដែរ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ ធ្លាប់និយាយថា នៅពេលគ្រប់អាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជី វានឹងជួយធ្វើឱ្យការប្រកបអាជីវកម្មកាន់តែមានតម្លាភាព ព្រោះបើអាជីវកម្មប្រហាក់ប្រហែលគ្នានឹងត្រូវស្ថិតក្រោមច្បាប់ ឬជាប់កាតព្វកិច្ចពន្ធដូចគ្នា។ ការធ្វើអាជីវកម្មដោយតម្លាភាពក៏អាចជួយទាក់ទាញវិនិយោគិនបរទេសធំៗឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកបន្តថា នៅពេលមានទិន្នន័យច្បាស់លាស់ វាក៏ជួយឱ្យរដ្ឋាភិបាលងាយស្រួលកំណត់ពន្ធ ឬរៀបចំយុទ្ធសាស្ត្រ ឬវិធានការគាំទ្រផងដែរនៅពេលអាជីវកម្មជួបបញ្ហា។
លោកអះអាងថា៖ «នៅពេលគ្រប់អាជីវកម្មត្រូវបានចុះបញ្ជី វានឹងផ្តល់ផលវិជ្ជមានទាំងរដ្ឋាភិបាល និងផ្នែកឯកជន»៕